ក្រោយការស្លាប់របស់ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ រដ្ឋាភិបាលក្រុង តេហេរ៉ង់ បានប្រកាសលែងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ជាមួយគ្នានេះ សភាអ៊ីរ៉ាក់បានបោះឆ្នោតស្នើឲ្យកងទ័ពអាមេរិកទាំងអស់ដកចេញពីទឹកដីខ្លួន។ ការវិត្តន៍ទាំងពីរដែលបង្កឡើងដោយទង្វើរបស់ក្រុងវ៉ាស៊ីនតោននេះ អាចនាំឲ្យអ៊ីរ៉ង់ខិតទៅរកការបង្កើតគ្រាប់បែកបរិមាណូ ហើយព្រមគ្នានេះដែរ ក៏បើកដៃឲ្យក្រុមរដ្ឋឥស្លាម (ISIS) ងើបឡើងជាថ្មីក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ។ ការណ៍នេះ នឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅរកអស្ថិរភាព និងគ្រោះថ្នាក់ខ្លាំង។ បន្ថែមពីភាពតានតឹងទាំងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមទារសំណងរាប់ពាន់លានដុល្លារពីរដ្ឋាភិបាលអ៊ីរ៉ាក់ ឬដាក់ទណ្ឌកម្មខ្លាំងបំផុត ប្រសិនបើពួកគេសម្រេចបណ្ដេញទ័ពអាមេរិកចេញនោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ៥ មករា ដែលចុះផ្សាយលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ រដ្ឋបាលប្រធានាធិបតី Hassan Rouhani គូសបញ្ជាក់ថា អ៊ីរ៉ង់ នឹងលែងបន្តគោរពតាមការរឹតត្បិតដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ព្រមទាំងលើសកម្មភាពអភិវឌ្ឍន៍និងស្រាវជ្រាវរបស់ខ្លួនទៀតហើយ។ សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ដូច្នេះថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លែងប្រឈមនឹងការកំណត់ណាមួយក្នុងប្រតិបត្តិការនេះទៀតហើយ»។
មេដឹកនាំកំពូលអ៊ីរ៉ង់ ចុះពិនិត្យទីតាំងចម្រាញ់ប្រេង (BBC)
ការប្រកាសនេះ បញ្ជាក់ពីជំហររបស់អ៊ីរ៉ង់ក្នុងការវិលត្រលប់ទៅអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ក្រោយពីលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញដោយឯកតោភាគីពីកិច្ចព្រមព្រៀយនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មលើខ្លួនជាថ្មី។ ការណ៍នេះ បានបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិបូព៌ាកាន់តែខ្លាំងឡើង ខណៈសត្រូវចាស់របស់អ៊ីរ៉ង់ គឺអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក បានប្តេជ្ញាថានឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតគ្រាប់បែកបរិមាណូបានឡើយ។
ទោះពុំបញ្ជាក់លម្អិតថា ខ្លួននឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់កម្រិតណាទេនោះ ក្រុង តេហេរ៉ង់ បើតាមរបាយការណ៍កន្លងទៅ បានបំពានផ្នែកខ្លះនៃកម្រិតកំណត់របស់កិច្ចព្រមព្រៀងនុយក្លេអ៊ែររួចហើយ ហើយវាគឺជាផ្នែកនៃយុទ្ធសាស្ត្រដាក់សម្ពាធដើម្បីរួចផុតពីការដាក់ទណ្ឌកម្ម។ អ៊ីរ៉ង់ បានបង្កើនផលិតកម្មខ្លួន ដោយចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់ ៥ ភាគរយ ហើយចាប់ផ្តើមការចម្រាញ់ជាថ្មីនៅទីតាំងក្រោមដីខ្លួនមួយ។ ទោះបីជាខណៈនេះ អ៊ីរ៉ង់ ពុំទាន់មានសារធាតុអ៊ុយរ៉ាញូមដែលបានចម្រាញ់ដល់កម្រិតថ្នាក់ក្លាយជាអាវុធ ដែលស្មើនឹង ៩០ ភាគរយក៏ដោយក្តី គេប៉ាន់ស្មានថា អ៊ីរ៉ង់ ត្រូវការពេលមួយឆ្នាំប៉ុណ្ណោះដើម្បីមានសម្ភារគ្រប់គ្រាន់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងតេហេរ៉ង់ ជ្រើសរើសធ្វើបែបនេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Abbas Mousaviបានលើកឡើងថា ឃាតកម្មលើលោកឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នឹងជំរុញឲ្យមន្ត្រីអ៊ីរ៉ង់សម្រេចជ្រើសយកការដើរចេញកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
សមាជិកសភាអ៊ីរ៉ាក់ បោះឆ្នោតលើសេចក្តីសម្រេចបញ្ចប់វត្តមានកងទ័ពបរទេស នៅថ្ងៃ ៥ មករា ២០២០ (AP)
ងាកទៅនិយាយពីអ៊ីរ៉ាក់ ដែលចាត់ទុកការវាយប្រហារតាមដែនអាកាសរបស់អាមេរិកដែលឈានដល់សម្លាប់ លោក Soleimani ជាការបំពានដែនអធិបតេយ្យភាពប្រទេសខ្លួន លោកនាយករដ្ឋមន្ត្រី Adel Abdul-Mahdi បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ មានជម្រើសពីរយ៉ាង ដោយមួយគឺបញ្ចប់វត្តមានកងទ័ពបរទេស ឬទី២ គឺ ការរឹតត្បិតបេសកកម្មពួកគេ។ ក្រោយមក លោក បានសម្រេចយកជម្រើសទី ១។
ជាក់ស្តែង នៅថ្ងៃទី ៥ មករា សមាជិកសភាអ៊ីរ៉ាក់១៨០នាក់ បានបោះឆ្នោតលើសេចក្តីសម្រេចមួយ ដោយទាមទារឲ្យបញ្ចប់វត្តមានយោធាបរទេសក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្នុងនោះ កងទ័ពអាមេរិក ប្រមាណ ៥២០០នាក់ ដែលឈរប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមជ្រុលនិយម ISIS ។ សេចក្តីសម្រេចនេះ បានគាំទ្រដោយសមាជិកមកពីក្រុមស៊ីអ៊ីត ដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា។
មែនទែនទៅ ការដកទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ មិនត្រឹមតែកាត់បន្ថយកម្លាំងមួយផ្នែកធំក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាមប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏អាចបើកដៃឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ដែលជាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលគ្រប់គ្រងដោយក្រុមអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតដូចអ៊ីរ៉ង់ដែរ។
ទាក់ទិននឹងការបោះឆ្នោតដកកងទ័ពអាមេរិកចេញពីសំណាក់សភាអ៊ីរ៉ាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រតិកម្មដោយយករឿងលុយមកនិយាយ។ ពីរដ្ឋ Florida ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ ទាមទារឲ្យអ៊ីរ៉ាក់បង់លុយដែលអាមេរិកចាយលើផ្នែកយោធាក្នុងប្រទេសអ៊ីរ៉ាក់មុននឹងខ្លួនចាកចេញ ហើយក៏គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងអ៊ីរ៉ាក់ទៀតផង។
ប្រាប់អ្នកសារព័ត៌មានពេលឡើងយន្តហោះ Air Force One លោកប្រធានាធិបតី ត្រាំ អះអាងថា សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពអាកាសដែលចំណាយលុយរាប់ពាន់លានដុល្លារដើម្បីសាងសង់ឡើង។ លោក សង្ក់តធ្ងន់ថា៖«យើងមិនព្រមចាកចេញឡើយ ប្រសិនបើពួកគេមិនបង់លុយឲ្យយើងវិញទេនោះ។ ប្រសិនបើពួកគេរឹងទទឹងឲ្យយើងចេញទៀត យើងនឹងដាក់ទណ្ឌកម្មលើពួកគេឲ្យខ្លាំងបំផុត ដែលពួកគេមិនធ្លាប់បានឃើញពីមុនមក»។
ទុករឿងទាំងពីរខាងលើមួយឡែក ឃាតកម្មលើលោកឧត្តមសេនីយ៍ Soleimani ដែលជាបងធំទី២ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់មេដឹកនាំកំពូល Ali Khamenei បានបញ្ឆេះវិបត្តិរវាងក្រុង តេហេរ៉ង់ និង វ៉ាស៊ីនតោនកាន់តែខ្លាំង ។ អ៊ីរង់ បានប្តេជ្ញាវាយបកសងសឹកធ្ងន់ធ្ងរបំផុតលើសហរដ្ឋអាមេរិក ខណៈតាមរយៈ Twitter លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក នឹងវាយកម្ទេចគោលដៅ ៥២ ទីតាំង ក្នុងប្រទេសអ៊ីរ៉ង់ ដែលលោកអះអាងថា «លឿនរហ័សបំផុត និងធ្ងន់បំផុត»។
ខណៈមានការរិះគន់ថា គោលដៅវាយប្រហារនេះចំទីតាំងប្រវត្តិសាស្ត្រ ដែលអាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិនោះ លោក ត្រាំ បានច្រាលចោលការលើកឡើងបែបនេះ។ លោកប្រធានាធិបតី បញ្ជាក់ដូច្នេះថា៖«ពួកគេត្រូវបានអនុញ្ញាតឲ្យសម្លាប់ប្រជាជនយើង។ ពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើទារុណកម្មប្រជាជនយើង ហើយទម្លាក់គ្រាប់បែកលើប្រជាជនយើង តែយើងបែរជាពុំបានអនុញ្ញាតឲ្យប៉ះទីតាំងប្រវត្តិសាស្ត្រពួកគេទៅវិញ? វាមិនត្រូវជាបែបនេះឡើយ »។
នៅចំពោះមុខភាពតានតឹងនេះ មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី៥ ខែមករា ដោយទទូចឲ្យអ៊ីរ៉ង់អនុលោមតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងរក្សាភាពអត់ធ្មត់ពីការប្រព្រឹត្ត ឬគាំទ្រទង្វើហិង្សាណាបន្ថែមទៀត។
ពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ នាំគ្នាដើរតាមផ្លូវរំលែកទុក្ខលោកឧត្តមសេនីយ៍ Soleimani ថ្ងៃ ៥ មករា (AP)
រឿងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ក្នុងការវិត្តជាអវិជ្ជមានក្នុងសំណុំរឿងនៅតំបន់មជ្ឈិមបូព៌ាគឺ មនុស្សរាប់លាននាក់ នៅថ្ងៃអាទិត្យ បាននាំគ្នាដើរតាមផ្លូវក្នុងទីក្រុង Ahvaz និង Mashhad ដើម្បីកាន់ទុក្ខចំពោះលោកឧត្តមសេនីយ៍ Soleimani ជាមួយសំលៀកបំពាក់ពណ៌ខ្មៅ មានខ្លះ យកដៃទះទ្រូង និងកាន់រូបថតរបស់ Soleimani។ ក្នុងកែវភ្នែកពលរដ្ឋអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Spleimani គឺជាវីរបុរស តែសម្រាប់អាមេរិកវិញ លោក គឺជាមេខ្លោងនៅពីក្រោយសង្គ្រាមក្រៅទឹកដីរបស់អ៊ីរ៉ង់នៅជុំវិញតំបន់មជ្ឈិមបូព៌ា ដូចជា ស៊ីរី អ៊ីរ៉ាក់និងលីបង់ជាដើម ហើយជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនជាតិអាមេរិករាប់រយនាក់ផងដែរ៕