អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រកាស​ត្រៀម​ជម្លៀស​ប្រជាជន​ហ្វីលីពីន​ចេញពី​តំបន់​មជ្ឈិមបូព៌ា​
07, Jan 2020 , 8:39 am        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ប្រជុំជាមួយមន្រ្តីការពារជាតិអំពីបញ្ហាមជ្ឈិមបូព៌ា។ រូបភាព៖ Presidential Communications
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ប្រជុំជាមួយមន្រ្តីការពារជាតិអំពីបញ្ហាមជ្ឈិមបូព៌ា។ រូបភាព៖ Presidential Communications
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​ត្រៀម​ជើង​ព្រួល និង​សម្ភារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជម្លៀស​ប្រជាជន​ហ្វីលីពីន​ជាច្រើន ចេញពី​តំបន់​មជ្ឈិមបូព៌ា ក្នុងករណី​សង្គ្រាម រវាង​អាមេរិក និង​អ៊ីរ៉ង់ អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី​៦ ខែមករា​។


 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្ថានភាព​នៅក្នុង​មជ្ឈិមបូព៌ា កំពុងមាន​សភាព​ក្តៅគគុក ស្របពេល​សង្គ្រាម​រវាង​អាមេរិក និង​អ៊ីរ៉ង់​អាច​ផ្ទុះឡើង​គ្រប់ពេល នៅក្នុង​តំបន់​មួយ​នេះ​។ ជាការ​ពិត បញ្ហា​ចម្រូងចម្រាស​មួយ​នេះ បាន​កើតឡើង​ដោយសារតែ​អាមេរិក បាន​វាយប្រហារ​ដែនអាកាស​មួយ​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា និង​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Qasem Soleimani​។ 
 
​ដោយ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការកើត​សង្គ្រាម និង​ប្រជាជន​ហ្វីលីពីន លោក រ៉​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​កោះប្រជុំ​មន្ត្រី​ការពារជាតិ​ហ្វីលីពីន​ជាបន្ទាន់​មួយ នា​ថ្ងៃទី​៥ ខែមករា​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ហ្វីលីពីន លោក​ប្រធានាធិបតី បាន​ពិភាក្សា​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ ថា​តើ​វា​អាច​ប៉ះពាល់​ពី​សុវត្ថិភាព​របស់​ប្រជាជន​ហ្វីលីពីន​ដែរឬទេ ជាពិសេស​ប្រជាជន​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​។ ក្នុង​កិច្ចប្រជុំ​នេះ លោក ឌូ​ទើ​តេ ក៏​និយាយ​ពី​លទ្ធភាព នៃ​ការជម្លៀស​ប្រជាជន​ចេញពី​តំបន់​មជ្ឈិមបូព៌ា​ផងដែរ ប្រសិនបើ​សង្គ្រាម​កើតឡើង​។ 
 
​បើតាម​របាយការណ៍​ចុងក្រោយ​របស់​រដ្ឋាភិបាល​ហ្វីលីពីន តំបន់​មជ្ឈិមបូព៌ា​ជា​ទិសដៅ​ចំណាកស្រុក​ដ៏​ធំ​មួយ​របស់​ប្រជាជន​។ ពោលគឺ​ហ្វីលីពីន មាន​ប្រជាជន​រហូតដល់​ជាង មួយ​លាន​នាក់​ឯណោះ​ក្នុង​មួយឆ្នាំៗ បាន​ទៅធ្វើ​ការ​ក្នុង​តំបន់​មួយ​នេះ​។ ដោយសារ​មូលហេតុ​នេះ តំបន់​មជ្ឈិមបូព៌ា គឺជា​ប្រភព​ចំណូល​ទី​ពីរ​របស់​ហ្វីលីពីន​។ 
 
​ប្រជាជន​ហ្វីលីពីន​ចំនួន​៦​ពាន់​នាក់ មាន​វត្តមាន​នៅក្នុង​អ៊ីរ៉ាក់ និង​១,៦០០​នាក់​នៅក្នុង​អ៊ីរ៉ង់​។ ពួកគេ​ភាគច្រើន ជា​អ្នក​បម្រើការ​តាម​ផ្ទះ និង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​៕

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com