ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រីកម្ពុជា៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ត្រូវបានលើកកម្ពស់ឥតឈប់ឈរ, គ្មានមូលហេតុដែលត្រូវស្តារនោះទេ
07, Jan 2020 , 9:19 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ការពិតជាក់ស្តែងនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យនិងសេរីភាពរបស់ពលរដ្ឋ កំពុងត្រូវបានគោរព និង «លើកកម្ពស់ឥតឈប់ឈរ» ដូច្នេះ ពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះ បានលើកឡើងដដែលៗ «អំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានោះទេ»។



ធ្វើជាអធិបតីក្នុងពិធីរម្លឹកខួបលើកទី៤១នៃទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះ នឹងពិចារណាឲ្យបានត្រឹមត្រូវ ចំពោះការវិវត្តិប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនិងការជ្រើសរើសរបស់ជនជនកម្ពុជា នូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួន ដែលស្របទៅនឹងប្រវត្តិសាស្រ្ត ស្ថានភាពសង្គម វប្បធម៌ និង រដ្ឋធម្មនុញ្ញរបស់ខ្លួន»។

ប្រមុខដឹកនាំគណបក្សកាន់អំណាចរូបនេះ សង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលកម្ពុជា ការពារដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យជាតិ ទោះសិ្ថតក្នុងកាលៈទេសៈនិងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជា ឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជា មិនអាចអនុវត្ត សូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ «គឺពុំអាចទទួលយកបានឡើយ»៕

Tag:
 ៧​មករា​
© រក្សាសិទ្ធិដោយ thmeythmey.com