ការបែកញើស គឺជាប្រតិកម្មទូទៅមួយរបស់រាងកាយតបតនឹងកម្ដៅ។ ហើយការបែកញើសច្រើននៅពេលធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណខ្លាំងក៏មិនមែនជារឿងចម្លែកអ្វីដែរ។ ទោះជាយ៉ាងណាការបែកញើសខ្លាំងសូម្បីតែពេលអង្គុយធម្មតាសោះអាចជារឿងគួរឱ្យអាម៉ាស់បំផុតមួយ។ គួរធ្វើបែបណា?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាបែកញើសខ្លាំង ៖
១. ចៀសវាងទទួលទានភេសជ្ជៈកាហ្វេអ៊ីននិងគ្រឿងស្រវឹង
ក៏ព្រោះតែកាហ្វេអ៊ីនបង្កការរំញោចដល់ក្រពេញញើសនោះ ចូរអ្នកចៀសវាងទទួលទានកាហ្វេសូម្បីតែមួយពែង ឬភេសជ្ជៈដទៃទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅរយៈពេលប៉ុន្មានម៉ោងមុនពេលចូលគេង។ ជាពិសេសប្រសិនបើអ្នកឆាប់ប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនទៀតនោះ ចូរចៀសវាងការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ឬកាហ្វេពី ៥ ទៅ ៦ ម៉ោងមុនពេលចូលគេង។ ហើយចំពោះគ្រឿងស្រវឹងវិញ ប្រសិនបើអ្នកគិតថាការទទួលទានគ្រឿងស្រវឹងអាចជួយឱ្យអ្នកឈប់ខ្វល់ខ្វាយពីបញ្ហាបែកញើសពេលយប់នោះ ចូរគិតម្ដងទៀត! នោះក៏ព្រោះតែជាតិអាល់កុលធ្វើឱ្យសរសៃឈាមរីកធំជិតស្បែកដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅពេញខ្លួន និងបែកញើសកាន់តែច្រើន។
២. ងូតទឹកត្រជាក់
ធ្លាប់ដឹងទេថាការងូតទឹកត្រជាក់ក៏ជួយកាត់បន្ថយការបែកញើសហួសប្រមាណផងដែរ។ រួមបញ្ចូលទាំងការប្រើប្រាស់សាប៊ូដុសខ្លួនកម្ចាត់បាក់តេរីនោះកាន់តែប្រសើរដោយបាក់តេរីជាប់ស្បែកត្រូវបានកម្ចាត់ ហើយក្លិនខ្លួនមិនល្អក៏ត្រូវបានកាត់បន្ថយ។
៣. ចៀសវាងទទួលទានអាហារហឹរ
ដើម្បីដោះស្រាយបញ្ហាបែកញើស អ្នកគួរចៀសវាងទទួលទាននូវអាហារ ឬភេសជ្ជៈអ្វីដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយដូចជាអ្វីដែលក្ដៅ ឬហឹរ។
៤. ប្រើប្រាស់ផលិតផលលាបក្លៀកបំបាត់ក្លិន
ក្រពេញញើសមិនសកម្មខ្លាំងនៅពេលយប់ឡើយ ដូច្នេះអ្នកគួរប្រើប្រាស់ផលិតផលលាបក្លៀកកំឡុងពេលនេះទើបប្រសើរ។
៥. ទទួលទានទឹកឱ្យបានច្រើន
ប្រសិនបើអ្នកបញ្ឈប់ការបែកញើសហួសប្រមាណ អ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ នៅពេលទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំ រាងកាយនឹងចុះត្រជាក់ហើយអ្នកមិនមានអារម្មណ៍ថាក្ដៅពេកឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺជាតិពុលផ្សេងៗក៏ត្រូវបានកម្ចាត់ចេញពីរាងកាយល្អចំពោះសុខភាពទាំងមូលផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh