អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូននាវាចម្បាំងទៅតទល់នឹងនាវាចិនក្នុងសមុទ្រចិនខាងត្បូង រូបភាព៖ Jakarta Globe
× ឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែមករា បានបញ្ជូននាវាចម្បាំងចំនួន ៤គ្រឿងបន្ថែមទៀត ទៅតំបន់ប្រជុំកោះ ណាទុណា (Natuna) ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) បន្ទាប់ពីនាវាយាមល្បាតរបស់ចិននៅតែមានះ មិនព្រមចាកចេញពីដែនទឹកមួយនេះ។
ទូកនេសាទ និងនាវាយាមល្បាតចិន មានវត្តមាននៅក្នុងតំបន់ប្រជុំកោះណាទុណា តាំងពីខែមុនមកម្លេះ ហើយនៅតែបន្តវត្តមានរបស់ឥណ្ឌូណេស៊ីរហូតមកដល់ពេលនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ នៅថ្ងៃទី៣ ខែមករា កងទ័ពជើងទឹក និងកងទ័ពដែនអាកាស បានទទួលបញ្ជាឲ្យត្រៀមអាវុធ និងត្រៀមជើងព្រួលឲ្យបានស្រេច ដើម្បីតទល់ជាមួយនាវាចិន។
ដោយសារតែវត្តមាននាវាចិន និងទូកនេសាទចិននៅតែបន្តក្នុងតំបន់នេះ ឥណ្ឌូណេស៊ីបានបញ្ជូននាវាចម្បាំងទៅចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីតតាំងជាមួយនាវាយាមល្បាតរបស់ចិន ស្របពេលឥណ្ឌូណេស៊ី បានដាក់នាវាចម្បាំង៤គ្រឿងរួចមកហើយ ប្រចាំការនៅទីនោះ។ មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោក Fajar Tri Rohadi ប្រាប់ទូរទស្សន៍ Channel News Asia ថា នាថ្ងៃទី៦ ខែមករា ឥណ្ឌូណេស៊ីមាននាវាចម្បាំងចំនួន ៤គ្រឿងប្រចាំការនៅកោះណាទុណា ហើយនៅថ្ងៃទី៧ ខែមករា នឹងឡើងដល់ ៨គ្រឿង ជាមួយនឹងកងយោធាជាង ១០០នាក់ប្រចាំការនៅកោះណាទុណា។
ការបញ្ជូននាវាចម្បាំងដ៏ច្រើនបែបនេះទៅកាន់ប្រជុំកោះណាទុណា ធ្វើឡើងបន្ទាប់ពី ឥណ្ឌូណេស៊ីរកឃើញថាមានទូកនេសាទខុសច្បាប់ចិន កំពុងមានវត្តមានជាង ៣០កន្លែងក្នុងតំបន់ប្រជុំកោះមួយនេះ ហើយនាវាយាមល្បាតចិន ក៏មានវត្តមាននៅទីនោះដែរ។ ក្នុងមួយកន្លែងៗ អាចមានទូកនេសាទចិនចំនួនពីរ កំពុងនេសាទ។
បើតាមលោកមេបញ្ជាការ Rohadi ឥណ្ឌូណេស៊ី បានទាក់ទងជាមួយនាវាយាមល្បាតរបស់ចិនរួចហើយ តាមរយៈវិទ្យុ។ ក្នុងន័យនេះ លោកមេទ័ពឥណ្ឌូណេស៊ី សង្ឃឹមថាទូកនេសាទខុសច្បាប់ និងនាវាយាមល្បាតរបស់ចិន នឹងចាកចេញពីតំបន់ប្រជុំកោះណាទុណាឆាប់ៗ ព្រោះវាជាដែនអធិបតេយ្យរបស់ឥណ្ឌូណេស៊ី។
បើទូកនេសាទ និងនាវាយាមល្បាតចិន នៅតែមិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនេះទេ ឥណ្ឌូណេស៊ី នឹងចាត់វិធានការដ៏ឆ្លាតវៃ និងច្បាល់លាស់មួយ។ នេះបើតាមការអះអាងរបស់លោក Rohadi។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងប្រើប្រាស់វិធានការបែបណានោះទេ ដើម្បីចាប់បង្ខំឲ្យទូកនេសាទ និងនាវាយាមល្បាតចិនឲ្យចេញ។
សូមបញ្ជាក់ថា តំបន់ប្រជុំកោះណាទុណា ក៏ជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងផងដែរ។ កន្លងមក ចិនបានអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រងនៅលើតំបន់មួយនេះ ដោយយោងតាមផែនទីគំនូសប្រាំបួនត្រេ ខណៈឥណ្ឌូណេស៊ី ដែលមានទាំងកងទ័ពឈរជើងនៅទីនោះស្រាប់ បានអះអាងថា ណាទុណា គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ស្របតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ ១៩៨២ (UNCLOS) ៕
© រក្សាសិទ្ធិដោយ thmeythmey.com