កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើបាន hat-trick លើកដំបូង​នៅ Serie A ជួយ Juventus ឈរ​កំពូល​តារាង​
07, Jan 2020 , 11:41 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣​គ្រាប់​ម្នាក់ឯង (hat-trick) ដើម្បី​ជួយ​ក្រុម Juventus យកឈ្នះ Cagliari ក្នុង​លទ្ធផល ៤-០​។ នេះ​ជាការ​ធ្វើបាន hat-trick លើកដំបូង​របស់ Ronaldo ក្នុង​ក្របខណ្ឌ Serie A ចាប់តាំងពី​រូបគេ​ផ្លាស់​ទៅ​ទឹកដី​អ៊ីតាលី​នា​ដូ​វ​កាល​មុន​។​


 
Ronaldo បាន​ប្រជែង​យក​បាល់​ពី​ខ្សែ​ការ Ragnar Klavan របស់ Cagliari នៅ​ដើមតង់​ទី​២​នាទី​៤៩ ដើម្បី​សម្រេច​ទី​គ្រាប់​ដំបូង​របស់ខ្លួន មុនពេល​ទទួលបាន​កា​រ​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ដែលជា​គ្រាប់​ទី​២​នៅ​នាទី​៦៧​។​
 
​គ្រាប់​បាល់ hat-trick របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​កើតឡើង​ក្រោយ Gonzalo Higuain ស៊ុត​គ្រាប់​បាល់​ទី​៣​សម្រាប់ Juventus នៅ​នាទី​៨១​។ នៅក្រោយ​១​នាទី​ប៉ុណ្ណោះ Ronaldo បានសម្រេច​គ្រាប់​ទី​៣​របស់ខ្លួន ដែល​នាំ​ឲ្យ​សេះបង្កង់​ឈ្នះ Cagliari ៤-០​។​


 
​នេះ​ជាការ​ធ្វើបាន​៣​គ្រាប់​លើកដំបូង​របស់ Ronaldo ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី ចាប់តាំងពី​រូបគេ​ផ្លាស់​ពី Real Madrid នា​ដើមរដូវ​កាល​មុន​។ នេះ​ក៏​ជាការ​ធ្វើបាន hat-trick លើក​ទី​៥៦​របស់​ម្ចាស់​ពាន Ballon Do’r ស​ម័យ​ផងដែរ​ក្នុង​អាជីព​កីឡាបាល់ទាត់​របស់គេ​ផងដែរ​។​
 
​ជ័យជម្នះ​នេះ បាន​ជួយ​ម្ចាស់​ជើងឯក​ចាស់ Juventus នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១ ក្នុង​តារាង Serie A បណ្តោះអាសន្ន ដោយ​រកបាន​៤៥​ពិន្ទុ ពី​ការប្រកួត​១៨​លើក ស្មើគ្នា​ជាមួយ Inter Milan ដែល​ឈរ​នៅ​លេខ​រៀង​ទី​២ តែ​ចាញ់​គ្រាប់​ស៊ុត​ក្រៅ​ដី​។​
 
​ក្នុងជំនួប​សប្តាហ៍​ទី​១៨​នេះដែរ Inter បាន​យកឈ្នះ Napoli ក្នុង​លទ្ធផល ៣-១​។ Romelu Lukaku រក​គ្រាប់​ឲ្យ​ក្រុម​របស់លោក Antonio Conte ចំនួន ២​គ្រាប់​ម្នាក់ឯង ខណៈ​ខ្សែប្រយុទ្ធ Lautaro Martinez រកបាន​១​គ្រាប់​។ ១​គ្រាប់​របស់ Napoli ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Gennaro Gattuso សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Arek Milik​។​
Lazio ឈរ​ចំណាត់ថ្នាក់​ទី​៣ ដោយ​រកបាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ AS Roma ដែលមាន​៣៥​ពិន្ទុ​។ Genoa, Brescia និង SPAL នៅ​តំបន់​ត្រូវ​កាត់ចោល​៕

Tag:
 Cristiano Ronaldo
  hat-trick
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com