អន្តរជាតិ
​វ័យ​៣៣​ឆ្នាំ អធិការបតី​អូទ្រីស សេ​បា​ស្ទៀ​ន ឃើ​ស ក្លាយជា​មេដឹកនាំ​ក្មេង​ជាងគេ​លើ​លោក​
07, Jan 2020 , 7:19 pm        
រូបភាព
អធិការបតីអូទ្រីស សេបាស្ទៀន ឃើស ក្លាយជាមេដឹកនាំពិភពលោកក្មេងជាងគេម្ដងទៀត។ រូបភាព AFP
អធិការបតីអូទ្រីស សេបាស្ទៀន ឃើស ក្លាយជាមេដឹកនាំពិភពលោកក្មេងជាងគេម្ដងទៀត។ រូបភាព AFP
​លោក សេ​បា​ស្ទៀ​ន ឃើ​ស (Sebastian Kurz) នៅ​ថ្ងៃទី​៧ ខែមករា បាន​ក្លាយជា​មេដឹកនាំ​ក្មេង​ជាងគេ​បំផុត​លើ​ពិភពលោក​ជាថ្មី​ម្ដងទៀត ខណៈ​ស្បថ​ចូលកាន់​តំណែង​ជា​អធិប​កា​រប​តី​អូទ្រីស​។ ក្នុង​វ័យ​៣៣​ឆ្នាំ លោក ឃើ​ស ប្រធាន​បក្ស​ប្រជាជន​អូទ្រីស អង្គុយ​កៅអី​អធិការបតី​នេះ​ជា​លើក​ទី​ពីរ​ក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​បក្ស​បៃតង​។ លោក ឃើ​ស ក៏​ឈរ​នាំមុខ​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ អ្នកស្រី សាន់​ណា ម៉ា​រី​ន (Sanna Marin) ជា​ប្រមុខ​រដ្ឋាភិបាល​ក្មេង​ជាងគេ​លើ​លោក​។​

 
​បក្ស​ប្រជាជន​របស់លោក សេ​បា​ស្ទៀ​ន ឃើ​ស និង​បក្ស​បៃតង បាន​ឈានដល់​ការបង្កើត​រដ្ឋាភិបាលចម្រុះ​មួយ ក្រោយ​ការចរចា​ជាច្រើន​សប្ដាហ៍​បន្ទាប់ពី​ការបោះឆ្នោត​មុន​អាណត្តិ​ក្នុង​ខែកញ្ញា​កន្លងទៅ​។ ទាំង​បក្ស​ប្រជាជន ទាំង​បក្ស​បៃតង សុទ្ធតែ​បាន​សំឡេងគាំទ្រ​ច្រើន​ដូចគ្នា តែ​មិន​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ខ្លួនឯង​ឡើយ​។​
 
​រដ្ឋាភិបាលចម្រុះ​ថ្មី ដែល​ត្រូវបាន​សារព័ត៌មាន​អូទ្រីស​ហៅថា សម្ព័ន្ធភាព​កម្រ និង​មិនអាច​កើតឡើង នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​៧ ខែមករា​នេះ​។ លោក ឃើ​ស នឹង​ធ្វើជា​អធិប​កា​រប​តី​ជា​លើក​ទី​ពីរ​ផងដែរ​។ ការណ៍​នេះ នឹងធ្វើ​ឲ្យ​លោក ឃើ​ស វ័យ​៣៣​ឆ្នាំ ក្លាយជា​មេដឹកនាំ​ជាប់ឆ្នោត​ក្មេង​ជាងគេ​បំផុត​លើ​ពិភពលោក​។ លោក​ជាប់ឆ្នោត​ជា​អធិការបតី​អូទ្រីស​លើកដំបូង​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ ដែល​កាលនោះ ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​វ័យក្មេង​មួយ​ដែរ​។​
 
​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី បក្ស​លោក ឃើ​ស នឹងមាន​រដ្ឋមន្ត្រី​១០​នាក់ ឯ​បក្ស​បៃតង​មាន​៤ ក្នុង​ប្រធាន​បក្ស​លោក Werner Kogler នឹង​ទទួលបាន​តំណែង​អធិការបតី​រង​ផងដែរ​។ ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់ សមាសភាព​ច្រើនជាង​ពាក់កណ្ដាល គឺជា​ស្ត្រី​រាប់ទាំង​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ ហើយ​មាន​អាយុ​ចន្លោះ​៣០​ឆ្នាំទៅ​៤០​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ចម្រុះ​ថ្មី បាន​ច្របាច់​បញ្ចូល​រវាង​ការជំរុញ​ឲ្យ​អូទ្រីស​ក្លាយជា​ប្រទេស​គ្មា​កាបូន​នៅ​ឆ្នាំ​២០៤០ ដែល​នេះ​ជាគោលការណ៍​របស់​បក្ស​បៃតង និង​កា​ររ​រឹតបន្តឹង​វិធានការ​ប្រឆាំង​ជនអន្តោប្រវេសន៍​ដែលជា​ចំណុច​ស្នូល​របស់​បក្ស​ប្រជាជន​អូទ្រីស​។ ការ​ចាប់ដៃ​របស់​បក្ស​នយោបាយ​ពីរ​ដែលមាន​និន្នាការ​ស្ទើរតែ​ផ្ទុយគ្នា​ស្រឡះ​បែបនេះ ក៏​ត្រូវបាន​មើលឃើញថា ជា​គម្រូ​សម្រាប់​ប្រទេស​អឺរ៉ុប​ឯទៀត​ផងដែរ​។​
 
​សម្រាប់​រយៈពេល​អាណត្តិ​៥​ឆ្នាំ​ទៅមុខ លោក ឃើ​ស សន្យា​ចំពោះ​ប្រជាជន​អូទ្រីស​ថា នឹង​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែលមាន​ការរួបរួម​៕ 

Tag:
 អូទ្រីស​
  Sebastian Kurz
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com