អន្តរជាតិ
​សុខចិត្ត​ឲ្យ​គេ​មើលរូប​អាក្រាត​ដើម្បី​រកលុយ​ជួយ​ដល់​ប្រតិបត្តិ​ការទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​
07, Jan 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ដើម្បី​ជួយ​រំលែក​ដល់​ទុក្ខលំបាក​វេទនា​ក្នុង​គ្រោះថ្នាក់​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅ​អូស្ត្រាលី នាង Kaylen Ward មានគំនិត​ដ៏​ប្លែក​មួយ​។ នាង​បានផ្តល់​រូបថត​អាក្រាត​របស់ខ្លួន​ដល់​អ្នក​ដែល​ចូលរួម​ផ្តល់​អំណោយ​យ៉ាងហោចណាស់​១០​ដុល្លារ​អាមេរិក​។ ទង្វើ​នេះ ធ្វើ​ឲ្យ​នាង​ទទួលបាន​ប្រាក់​ប្រមាណ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​។​

 
Kaylen Ward ជនជាតិ​អាមេរិក​អាយុ​២០​ឆ្នាំ សុខចិត្ត​ថត​កាយ​អាក្រាត​របស់ខ្លួន ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​ករណី​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​អូស្ត្រាលី​។ ជា​កាយវិការ​ដ៏​សប្បុរស ប៉ុន្តែ​មិនគួរ​អនុវត្តតាម​នោះឡើយ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ សប្បុរសជន ដែល​បាន​ចំណេញ​ភ្នែក​មុន​បរិច្ចាគ​លុយ ហាក់​មិនមាន​សោកស្តាយ ឬ​រួញរា​នោះឡើយ ពួកគេ​បានផ្តល់​លុយ​យ៉ាងហោចណាស់​១០​ដុល្លារ​ភ្លាមៗ​តាមរយៈ​សារ​ជា​លក្ខណៈ​ឯកជន​ទៅកាន់​នាង Kaylen​។​
 
Kaylen ដែល​បច្ចុប្បន្ន​មាន​រហស្សនាម​ថា «The Naked Philanthropist» (​សប្បុរសជន​អាក្រាត​) បានចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​លើ​បណ្តាញ​សង្គម Twitter ចាប់ពី​ថ្ងៃទី​៤ ខែមករា មក​។ នា​រយៈពេល​ត្រឹម​៣​ថ្ងៃ នាង​រកលុយ​បាន​ជាង​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​អ្នក​ដែល​បាន​មើលឃើញ​រូបអាក្រាត​របស់ខ្លួន​។​
 
​សប្បុរសជន​រូបនេះ មានការ​អាណិតអាសូរ​ជាពិសេស​ខ្លាឃ្មុំ​អូស្ត្រាលី Koala ដ៏​កម្រ ដែល​ក្នុងចំណោម​សត្វ​ប្រមាណ​៥០០​លាន​ក្បាល ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​។ តាមពិតទៅ​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ មិនមែនជា​លើកទីមួយ​ឡើយ​សម្រាប់ Kaylen ដោយ​កន្លងមក នាង​ក៏​ធ្លាប់ធ្វើ​បែបនេះ នា​អំឡុង​គ្រោះមហន្តរាយ​នៅ​កាលី​ហ្វ​នីញ៉ា​ផងដែរ ហើយ​ឈ្មោះ​របស់​នាង​កាន់តែ​ល្បីល្បាញ ចាប់តាំងពី​ពេលនោះ​មក​៕



Tag:
 ភ្លើង​ឆេះ​ព្រៃ​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com