ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួល​ទុនវិនិយោគ​ផ្ទាល់​បរទេស ៣,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩
07, Jan 2020 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​លំហូរ​ទុនវិនិយោគ​ផ្ទាល់​បរទេស​(FDI) ចំនួន ៣៥៩២​លាន​ដុល្លារ កើនឡើង ១២​ភាគរយ​។ នេះ​ជា​តួលេខ​ប៉ាន់ស្មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ផ្សាយ​ក្នុង​របាយការណ៍​ស្ដីពី​«​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០» នៅ​ថ្ងៃទី​២​ខែមករា​។​

 
​របាយការណ៍​ធនាគារ​ជាតិ​ឲ្យ​ដឹងថា ទុនវិនិយោគ​ជាង ៣៥០០​លាន​ដុល្លារ​នេះ មាន​ប្រភពពី​ចិន​ច្រើនជាងគេ​គឺមាន​ចំណែក​ដល់​ទៅ ៤៣​ភាគរយ បន្ទាប់មក​គឺ​កូរ៉េខាងត្បូង ១១​ភាគរយ​, វៀតណាម ៧​ភាគរយ​, ជប៉ុន​៦​ភាគរយ​, សិង្ហ​បុរី​៦​ភាគរយ និង​ប្រភព​ផ្សេងៗ​ទៀត​។​
 
​របាយការណ៍​ខាងលើនេះ​មិនបាន​បែងចែក​ទុនវិនិយោគ​ទាំងនោះ​ទៅតាម​វិស័យ​នោះទេ តែ​បាន​ចែកចេញជា​ពីរ​ផ្នែក គឺ​វិស័យ​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន ១២០៣​លាន​ដុល្លារ និង​មិនមែន​វិស័យ​ហិរញ្ញវត្ថុ​ចំនួន ២៣៨៩​លាន​ដុល្លារ​។ 
 
​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ គឺមាន​កំណើន ៧,១​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ធនា​គារ​ជាតិ ដែល​អះអាងថា សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ​បន្ត​ទទួល​ការចាប់អារម្មណ៍​ពី​វិនិយោគិន​។ ធនាគារជាតិ​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​សេដ្ឋកិច្ចកម្ពុជា​បន្ត​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​បរទេស ជាពិសេស វិស័យ​ហិរញ្ញវត្ថុ កម្មន្តសាល សំណង់ និង​អចលនទ្រព្យ និង​វិស័យ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​»​។​
 
​សម្រាប់​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករណ៍​នឹងមាន​កំណើន​៧​ភាគរយ ដោយ​ផ្អែកលើ​ការរំពឹងទុក​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​អំណោយផល​ដល់​ការនាំចេញ​វ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​វិស័យ​ទេសចរណ៍ ស្របពេល​សេដ្ឋកិច្ច​មួយ​នេះ​កំពុង​ទទួលផល​ពី​ការធ្វើ​ពិពិធ​កម្ម​កំណើន និង​កែទម្រង់​ស៊ីជម្រៅ​។ នេះ​ជាការ​លើកឡើង​ក្នុង​របាយការណ៍​របស់​ធនាគារជាតិ​៕

Tag:
 FDI
© រក្សាសិទ្ធិដោយ thmeythmey.com