ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរកម្ពុជា បានបញ្ចប់ការប្រកួតជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំចំពោះដំណើរការរៀបចំ។ ក្រោយឆ្លងកាត់ការប្រណាំង៣ថ្ងៃលើចម្ងាយផ្លូវជាង៤០០គីឡូម៉ែត្រ ម្ចាស់ជ័យលាភីបានទៅលើកីឡាករឡាវ ដែលឈរពីក្រោយដោយកីឡាករម៉ាឡេស៊ី និងហុងកុង។ ចំណែកកីឡាករកម្ពុជាមិនបានចំណាត់ថ្នាក់នោះទេ តែលោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានអះអាងថា បច្ចេកទេសរបស់ពួកគេមានការកើនឡើង និងទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗជាច្រើនពីព្រឹត្តិការណ៍នេះ។
កីឡាករឡាវ Phounsavath Ariya បានគ្រងជើងឯកក្នុងការប្រកួតប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោយប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃលើចម្ងាយផ្លូវ៤៥៤.៦គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តកោះកុង កំពត និងកែប។ ចំណែកកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman ទទួលបានលេខ២ និងកីឡាករហុងកុង Fung Ka Hoo បានលេខ៣។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន វាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំ ថាបានព្រឹត្តិទៅដោយរលូន និងមិនមានបញ្ហាអ្វីអាក្រក់កើតឡើងនោះទេ។ ការប្រកួតទៀតសោតមានភាពស្វិតស្វាញប្រកបដោយបច្ចេកទេស ក្រោមស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកីឡាករទាំងអស់មានការអធ្យាស្រ័យខ្ពស់ ទោះបីពួកគេមកពីប្រទេសផ្សេងៗគ្នាក៏ដោយ។
ព្រឹត្តិការណ៍កីឡាករទេសចរណ៍នេះ គឺសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជាទៅកាន់ពិភពលោក។ នេះបើតាមការបន្ថែមរបស់លោក ថោង ខុន ដែលរំពឹងថា ក្រោយព្រឹត្តិការណ៍នេះនឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្តនៅកម្ពុជា។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រណាំង និងពង្រឹងសមត្ថភាពកីឡាករកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ ការលើកឡើងបែបនេះ ដោយសារក្នុងការប្រកួតនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានដាក់កីឡាករកម្ពុជាឲ្យចូលរួមប្រកួតប្រជែងដែរ។
ទោះបីកីឡាករកម្ពុជាទទួលបានលទ្ធផលមិនសូវល្អ សម្រាប់ការចូលរួមលើកដំបូងនេះក៏ដោយ តែពួកគេទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម។ ដ្បិតកីឡាករជាង២០០នាក់មកពី២០ប្រទេស ដែលចូលរួមប្រកួតសុទ្ធសឹងជាកីឡាករប្រណាំងកង់អាជីព លំដាប់ពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះសង្កេតឃើញថា ទោះកីឡាករកម្ពុជាមិនទទួលបានចំណាត់ថ្នាក់ តែសមត្ថភាពនិងបច្ចេកទេសរបស់ពួកគេមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ។ ជាលទ្ធផលក្នុងការប្រកួតនេះកីឡាករកម្ពុជា៣រូប ចាញ់កីឡាករបរទេសដែលទទួលបានចំណាត់ថ្នាក់ តែជាង៤០វិនាទីប៉ុណ្ណោះ។
តាមរយៈបទពិសោធនៃការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ប្រមុខដឹកនាំសហព័ន្ធដែលទើបតែងតាំងកាលពីពេលថ្មីៗរូបនេះ បង្ហាញការជឿជាក់ខ្លាំងលើសមត្ថភាពកីឡាករកម្ពុជាថា នឹងអាចដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាម ពិសេសនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹងនឹងបង្ហាញក្តីរំពឹងលោក ប៉ាន សូរស័ក្តិ បានបង្ហាញពីផែនការអភិវឌ្ឍវិស័យកីឡាប្រណាំងទោចក្រយាននៅកម្ពុជាថា លោកនឹងបញ្ជូនកីឡាករទៅហ្វឹកហាត់ទៅក្រៅប្រទេស និងសុំជំនួញបច្ចេកទេសពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ។ «យើងកំពុងទំនាក់ទំនងជាមួយសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីសុំជំនួយបច្ចេកទេស ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលបម្រើឲ្យការហ្វឹកហាត់ ដើម្បីជំរុញនិងអភិវឌ្ឍចំណុចខ្វះខាតរបស់យើង។ យើងមានឆន្ទៈប្រកួតប្រជែង តែត្រូវការជំរុញលទ្ធភាពឲ្យបានខ្ពស់ ព្រោះកីឡាប្រណាំងកង់ឧបករណ៍មានតម្លៃខ្ពស់ និងការប្រកួតប្រជែងខ្លាំង»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ។
ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជាមានកីឡាករប្រមាណ២០០នាក់មកពី២០ប្រទេសចូលរួម។ ការប្រកួតធ្វើឡើងបីដំណាក់កាល ដែលមានចម្ងាយផ្លូវសរុបជាង៤០០គីឡូម៉ែត្រ។ ដំណាក់កាលទី១ ចេញដំណើរពីតំបន់ទេសចរណ៍តារាសាគរទៅទីរួមខេត្តកោះកុង ខណៈដំណាក់កាលទី២ចេញដំណើរពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ និងដំណាក់កាលទី៣ចេញពីបូកគោមកទីរួមខេត្តកែប ដោយជិះ៥ជុំនៅទីនោះ។
ព្រឹត្តិការណ៍នេះ រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោយជំនួយបច្ចេកទេសពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ។ គោលបំណងនៃការរៀបចំ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា។ ការពង្រឹងសមត្ថភាពកីឡាករសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏ជាគោលបំណងមួយផងដែរ៕