អន្តរជាតិ
នាយករដ្ឋមន្ត្រី មហាធៀ ចាត់ទុកឃាតកម្មឧត្តមសេនីយ៍អ៊ីរ៉ង់ Soleimani ជារឿង «អសីលធម៌» លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (AFP)
× នាកយរដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ទទូចឲ្យប្រទេសកាន់សាសនាឥស្លាមរួបរួមគ្នាដើម្បីការពារខ្លួនប្រឆាំងការគំរាមកំហែងពីខាងក្រៅ ។ ការអំពាវនាវរបស់មេដឹកនាំរូបនេះ ធ្វើឡើងក្រោយចាត់ទុកការសម្លាប់ពីសំណាក់អាមេរិកលើមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qassem Soleimani ថា «អសីលធម៌»។
ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមករា លោក មហាធៀ មហាម៉ាត់ បញ្ជាក់ថា៖«វាដល់ពេលហើយដែលប្រទេសកាន់សាសនាឥស្លាមគួរតែរួបរួមគ្នា»។ លោក បន្តថា៖«យើងលែងមានសុវត្ថិភាពតទៅទៀតហើយ។» ត្រង់ចំណុចនេះ មេដឹកនាំវ័យ ៩៤ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើនរណាម្នាក់និយាយប្រមាថ ឬនិយាយអ្វីដែលមនុស្សមួយចំនួនមិនពេញចិត្តនោះ អ្នកនោះ បែរជាអាចបញ្ជូនដ្រូនវាយប្រហារទៅវិញ ហើយប្រហែលជាបាញ់លើលោកផង។ លោក មហាធៀ ទំនងចង់សំដៅដល់អាមេរិកដែលប្រើដ្រូនបាញ់មីស៊ីលដាក់ឡានដឹកលោក Soleimani ។
ក្រោយដ្រូនអាមេរិកមួយបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅព្រលានយន្តហោះអន្តរជាតិបាក់ដាដ កាលពីសុក្រសប្តាហ៍មុន វាបង្កក្តីព្រួយបារម្ភនៅតាមព្រំដែនជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។ ទាក់ទិននឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី មហាធៀ អះអាងថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ។
ដោយប្រៀបធៀបការសម្លាប់ឧត្តមសេនីយ៍ Soleimani នឹងឃាតកម្មលើអ្នកកាសែត Jamal Khashoggi កាលពីឆ្នាំ២០១៨ ដែលជាអ្នករិះគន់ខ្លាំងៗលើអារ៉ាប៊ីសាអូឌីត លោក មហាធៀ បញ្ជាក់ថា ព្រឹត្តិការណ៍ទាំងពីរនេះ បានកើតឡើងឆ្លងព្រំដែន។ លោកនិយាយដូច្នេះ៖«នេះក៏ជាសកម្មភាពដទៃទៀតដែលប្រទេសមួយសម្រេចចិត្តដោយខ្លួនឯងសម្លាប់មនុស្សនៅប្រទេសមួយផ្សេងទៀត»។ លោកសង្កត់ធ្ងន់ថា ទង្វើទាំងនេះគឺផ្ទុយនឹងសីលធម៌ ហើយប្រឆាំងច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងមក លោកនាយករដ្ឋមន្ត្រី មហាធៀ បានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ទោះបីទណ្ឌកម្មអាមេរិកប្រឆាំងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានេះក៏ដោយក្តី។ បើតាមការប៉ាន់ស្មាន ពលរដ្ឋអ៊ីរ៉ង់ប្រមាណ ១ម៉ឺននាក់ កំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី៕
Tag:
ម៉ាឡេស៊ី
អ៊ីរ៉ង់
Soleimani
© រក្សាសិទ្ធិដោយ thmeythmey.com