កីឡាអន្តរជាតិ
អន្តរជាតិ
លោក Raiola ភ្នាក់ងារ​ទិញដូរ​កីឡាករ ថា​ឈប់​នាំ​កីឡាករ​ទៅ Man Utd ទៀតហើយ​
08, Jan 2020 , 9:29 am        
រូបភាព
​ភ្នាក់ងារ​ទិញដូរ​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ​លោក Mino Raiola ថា​លោក​ឈប់​ចរចា​នាំ​កីឡាករ​ទៅកាន់​ក្រុម Manchester United ទៀតហើយ​។ មូលហេតុ​ដែល​ភ្នាក់ងារ​របស់ Paul Pogba អះអាង​បែបនេះ ព្រោះ​លោក​គិតថា កីឡាករ​ល្អៗ​ដែល​ទៅកាន់​ក្លិប​នេះ​នឹងត្រូវ​ខូច​កេរ្តិ៍ឈ្មោះ​មិន​ខាន​។​


 
​កិច្ចព្រមព្រៀង​ជាមួយ​លោក Raiola មិនមែនជា​ស្ថានភាព​រីករាយ​ទេ ប៉ុន្តែ​ការលើកឡើង​របស់លោក​ជុំវិញ​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម​នៅពេលនេះ គឺ​ពិបាក​ក្នុងការ​ប្រជែង​ជាមួយ​ក្រុម​ផ្សេង​ខ្លាំងណាស់​។​
 
«​បច្ចុប្បន្ននេះ ខ្ញុំ​នឹងមិន​នាំ​កីឡាករ​ផ្សេង​ទៅកាន់ Man Utd ទៀត​ទេ ព្រោះ​ពួកគេ​នឹង​បំផ្លាញ​អ្នក​ទាំងអស់នោះ បើទោះបី​កីឡាករ​មាន​សមត្ថភាព​ប្រហែល Maradona, Pele ឬ Maldini ក៏ដោយ​។ សូម្បីតែ Paul Pogba ក៏ត្រូវ​ការ​ក្រុម​មួយ​ដូច​នៅ Juventus ពីមុន​ដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក Raiola​។​
 
​បុរស់​សញ្ជាតិ​អ៊ីតាលី​រូបនេះ ជា​អ្នកចរចា​ឲ្យ Pogba ចាក​ចេញពី Juventus ដើម្បី​ទៅកាន់ Old Trafford កាលពី​ឆ្នាំ ២០១៦ ក្នុងតម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នៅ​អង់គ្លេស​។ ប៉ុន្តែ​បើទោះជា​មាន​វត្តមាន​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​២៦​ឆ្នាំនេះ ក៏ Man Utd មិនទាន់​បង្ហាញ​ភាពខ្លាំង​អ្វី​គួរកត់សម្គាល់​នោះឡើយ​។ 
 
​ស្ថានភាព​របស់ Pogba ត្រូវបាន​គេ​វាយតម្លៃ​នឹង​ភ្នែក​ថា ជា​កីឡាករ​ដែលមាន​កម្រិត​លេង​មិន​សម​នឹង​តម្លៃ​ខ្លួន​។ កំហុស​គ្រប់យ៉ាង​ក្រោយ​ការបរាជ័យ​របស់ Man Utd ភាគច្រើន​គឺ​ដាក់បន្ទុក​លើ​អតីត​ខ្សែបម្រើ​ឆ្មើ​មរ​បស់​ក្រុម​រហស្សនាម​សេះបង្កង់​រូបនេះ​។​
 
«​តើ​នេះ​ជា​កំហុស Pogba មែន​ទេ​? កំ​ហុ​គាត់ គឺ​ត្រង់​ថា​គាត់​មានទ្រព្យ​ច្រើនជាងគេ និង​មាន​ប្រាក់បៀវត្ស​ច្រើនជាងគេ​បន្តិច ប៉ុន្តែ​គាត់​ពិតជា​ពូកែ​ជាងគេ ហើយ​វា​គ្មានអ្វី​ប្លែក​ទេ​សម្រាប់ Pogba​។ បាល់ទាត់​បានធ្វើ​គាត់​ល្បីល្បាញ​នេះ​ជាការ​ពិត​»​។ Raiola បានការ​ពារ Pogba ដូច្នេះ​។​
 
​ទម្រង់​លេង​របស់ Man Utd ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី Sir Alex Ferguson ចាកចេញ​កាលពី​ឆ្នាំ​២០១៣​។ រយៈពេល​៦​ឆ្នាំ​ចុងក្រោយ ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យមួយ​នេះ បាន​ផ្លាស់ប្តូ​អ្នកចាត់ការ​ចំនួន​៤​រូប​មកហើយ​។ លោក Ole Gunnar Solskjær ដែល​ដឹកនាំ​សព្វថ្ងៃ​បាន​នាំ Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង Premier League ដោយ​ទទួលបាន​៣១​ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ដល់​ទៅ​២៧​ពិន្ទុ​។​
 
​ក្រុម​បិសាច​ក្រហម​រដូវ​កាល​នេះ គឺ​ត្រឹម​ប្រជែង​យក​តំបន់ Top 4 ដើម្បី​បាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អ៊ឺរ៉ុប UEFA Champions League រដូវ​កាល​ក្រោយ​តែប៉ុណ្ណោះ​៕

Tag:
 Mino Raiola
  Manchester United
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com