ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ “​ស្លឹក​ស្វាយ​” អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​
09, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែស្វាយ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ស្លឹក​នៃ​ផ្លែឈើ​នេះ​ក៏​អាច​ផ្ដល់​ផល​ល្អៗ​ស្មាន​មិន​ដល់​ចំពោះ​សុខភាព​។ គួរបញ្ជាក់​ផងដែរ​ថា​ស្លឹក​ស្វាយ​ខ្ចី​អាច​ត្រូវបាន​ទទួលទាន​ជា​បន្លែ​អន្លក់ ឬ​ឆុង​ជា​តែ​។ ថា​តើ​ស្លឹក​ស្វាយ​មាន​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​មែន​ទេ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​ស្លឹក​ស្វាយ ៖
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ស្លឹក​ស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​។​
 
២. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ការគ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ តែ​ស្លឹក​ស្វាយ​អាចជួយ​បង្កើន​ការផលិត​អាំង​ស៊ុយ​លីន​និង​បែងចែក​គ្លុយកូស​ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​តែ​ស្លឹក​ស្វាយ​ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។​
 
៣. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​

​កូ​ឡេ​ស្ដេ​រ៉ូ​ល​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​បេះដូង ហើយក៏​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ ទោះជា​យ៉ាងណា ស្លឹក​ស្វាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ pectin វីតាមីន C និង​ជាតិ​សរសៃ​ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៤. បញ្ចុះ​សម្ពាធ​ឈាម​

​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាប្រចាំ​អាច​បណ្ដាលឱ្យ​អ្នក​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​បង្ក​ហានិភ័យ​នៃ​ជំងឺ​សាហាវ​ផ្សេងទៀត​រួមមាន​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ការទទួល​ទាន​តែ​ស្លឹក​ស្វាយ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ភេសជ្ជៈ​នេះ​ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​។​
 
៥. បង្កើន​ការរំលាយ​អាហារ​

​ការទទួល​ទាន​តែ​ស្លឹក​ស្វាយ​ខ្ចី​ក្រោយ​អាហារ​អាចជួយ​ធ្វើឱ្យ​ដំណើរការ​នៃ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ការទទួល​ទាន​តែ​ស្លឹក​សហ​វាយ​ក៏​បំបាត់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ​រួមមាន​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ ក្រហាយ​ទ្រូង ឈឺពោះ និង​រាគ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com