ក្រសួង​មិន​ចេញ​ឲ្យ​ឡើយ​នូវ​លេខ​ពិសេស​រថយន្ត​ដែល​ប្រើពាក្យ អសុរោះ អសីលធម៌​
ជាតិ
រថយន្ត
ក្រសួង​មិន​ចេញ​ឲ្យ​ឡើយ​នូវ​លេខ​ពិសេស​រថយន្ត​ដែល​ប្រើពាក្យ អសុរោះ អសីលធម៌​
08, Jan 2020 , 9:08 am        
រូបភាព
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា ក្រសួង​នឹងមិន​ចេញ​ឲ្យ​ឡើយ​ចំពោះ​ផ្លាក​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត ដែល​ប្រើពាក្យ​អាក្រក់ អសីលធម៌ អសុរោះ​។ លោក​បានបញ្ជាក់​បែបនេះ នា​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែមករា​។​


 
​កាលពី​ថ្ងៃទី​៧ ខែមករា ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បានដាក់​ដំណើរការ ការធ្វើ​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត នៅ​ផ្សារ​ទំនើប អ៊ី​អន ២ សែន​សុខ​។  សម្រាប់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គេ​អាចដាក់​ជា​ឈ្មោះ​ជា​ឡាតាំង ឬ​ជា​លេខ ដោយ​មិន​លើសពី​៨​ខ្ទង់ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។ 
 
​ក្រសួង​ក៏បាន​ដាក់​តំណរ​ភ្ជាប់​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត អាច​សាកល្បង រុករក​ឈ្មោះ​ដែល​ខ្លួន​ពេញចិត្ត រួមជាមួយ​នឹង​តម្លៃ​ផងដែរ​។ ប៉ុន្តែ​ជាមួយគ្នានេះ មនុស្ស​មួយចំនួន​បាន​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ អសីលធម៌ ជា​ឡាតាំង ក្នុង​លេខ​ដែល​ចុះបញ្ជី​នោះ ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្រសួង​បាន​បិទ​ជា​ស្វ័យប្រវត្តិ​នូវ​ពាក្យពេចន៍​មិន​គប្បី​មួយចំនួន ដូចជា SEX, F…ck និង​ពាក្យ​ជាច្រើន​ទៀត លើកលែងតែ​ពាក្យ​មួយចំនួន​ដែល​មិនទាន់​គ្រប់គ្រង​បាន​។ ក្នុងករណី ក្រសួង​ដឹងថា​ខ្លួន​ភ្លាត់​ចេញ​លេខ​ដែល​មិន​គប្បី​ទៅ​ឲ្យ​អ្នកប្រើប្រាស់ ក្រសួង​នឹង​ហៅ​ពួកគេ​ទៅ​ដូរ​វិញ​ភ្លាមៗ​៕

Tag:
 ​ផ្លាកលេខ​ពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com