Sadio Mane ខ្សែបម្រើរបស់ក្រុម Liverpool ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំទ្វីបអាហ្វ្រិកឆ្នាំ២០១៩ (African Player of the Year 2019) តាមរយៈការយកឈ្នះសំឡេងឆ្នោតលើមិត្តរួមក្រុម និងជាម្ចាស់ជើងឯកចាស់ Mohamed Salah និង Riyad Mahrez របស់ក្រុម Manchester City។
Mane ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF) បោះឆ្នោតគាំទ្រឲ្យឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអាហ្វ្រិកជាលើកដំបូងក្នុងអាជីព ក្នុងកម្មវិធីប្រកាសជ័យលាភីនាទីក្រុង Hurghada ប្រទេសអេហ្ស៊ីប នៅថ្ងៃទី៧ មករា។
ខ្សែបម្រើសញ្ជាតិសេណេហ្គាល់ វ័យ២៧ឆ្នាំរូបនេះ បានជួយក្រុមរហ្សនាមហង្សក្រហម លើកពានលំដាប់កំពូលអឺរ៉ុប Champions League កាលពីរដូវកាលមុន និងរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន៣០គ្រាប់ផងដែរ។ សម្រាប់រដូវកាលនេះ Mane អាចរកបាន១៥គ្រាប់ហើយ ព្រមទាំងជួយ Liverpool នាំមុខពិន្ទុដាក់ក្នុងតារាង Premier League ចំនួន១៣ពិន្ទុ និងសល់មួយប្រកួតក្នុងដៃថែមទៀត។
«ខ្ញុំពិតជារីករាយនិងមានមោទកភាពដែលបានឈ្នះពានរង្វាន់នេះ។ បាល់ទាត់គឺជាការងាររបស់ខ្ញុំ។ ខ្ញុំចូលចិត្តវាណាស់។ ខ្ញុំសូមអរគុណដល់ក្រុមគ្រួសារ ក្រុមជម្រើសជាតិ បុគ្គលិកសហព័ន្ធនិងក្លិប Liverpool ។ នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ»។ Mane បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនក្រោយទទួលបានពាននេះ។
សម្រាប់ កីឡាករ១១នាក់ល្អបំផុតប្រចាំទ្វីបអាហ្វ្រិក (African best XI)៖
- អ្នកចាំទី៖ Andre Onana (Ajax/កាមេរ៉ូន)
- ខ្សែការពារ៖ Achraf Hakimi (Borussia Dortmund/ម៉ារ៉ុក), Kalidou Koulibaly (Napoli/សេណេហ្គាល់), Joel Matip (Liverpool/កាមេរ៉ូន), Serge Aurier (Tottenham/កូដឌីវ័រ)
- ខ្សែបម្រើ៖ Riyad Mahrez (Manchester City/អាល់ហ្សេរី), Idrissa Gana Gueye (Paris St-Germain/សេណេហ្គាល់), Hakim Ziyech (Ajax/ម៉ារ៉ុក)
- ខ្សែប្រយុទ្ធ៖ Mohamed Salah (Liverpool/អេហ្ស៊ីប), Sadio Mane (Liverpool/សេណេហ្គាល់), Pierre-Emerick Aubameyang (Arsenal/ហ្គាប៊ុង)៕