ពីនេះ ពីនោះ
លេខ​ពិសេស តម្លៃ​ពិសេស សម្រាប់​រថយន្ត​ពិសេស​? Oh my God!
10, Jan 2020 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ហាង​កាហ្វេ​ដដែល​ដូច​សព្វដង តែ​ប្រធានបទ​ខុសគ្នា​។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្លាក​លេខ​រថយន្ត​ពិសេស គឺជា​ប្រធានបទ​ស្នូល​នៅក្នុង​ការជជែក​គ្នា​រវាង​សំណាង និង​សុធី នៅក្នុង​វេទិកា Coffee Talks​។ តម្លៃ​ពិសេស លេខ​ពិសេស សម្រាប់​រថយន្ត​ពិសេស និង​រថយន្ត​ធម្មតា​។ ទាក់ទង​រឿងនេះ សំណាង និង សុធី មានគំនិត​ផ្ទុយគ្នា ហើយ​ជជែក​គ្នា​ឡើង​តឹង​ស​សៃ​ករៀងៗ​ខ្លួន​។

 
​សំណាង​៖ អា សុធី​! អី​គេ​អ្ហា​! លេខ​ពិសេស​រថយន្ត​មានតម្លៃ​ដល់​រាប់ពាន់​ម៉ឺន​ដុល្លារ​? ជ្រុល​ពេក​ហើយ​។ ជ្រុល​ពេក​ហើយ​។ អញ​កំពុង​ក្រ​ផង​អ្ហា​? 
 
​សុធី​៖ អា សំណាង អ្ហែង​ជំនាញ​ខាង​រិះគន់​តែម្តង​។ បែប​ងើប​ពី​ដេក រិះគន់​គេ​ហ្មង​។  មុននឹង​អ្ហែង​ស្រែក​ដាក់​គេ​ដាក់​ឯង អ្ហែង​ត្រូវ​ចេះ​ពិចារណា​ផង​។ បើ​អ្ហែង​ក្រ ប្រើ​លេខ​ធម្មតា​ទៅ អត់​បញ្ហា​ទេ​។ លេខ​ធម្មតា​មានតម្លៃ​ធូរ​តើ​។ 
 
​សំណាង​៖ អី​គេ​អ្ហា​! មក​លក់​លេខ​ពិសេស រញ៉េរញ៉ៃ ថ្លៃ​កប់​ពពក​។ គំនិត​របស់​ក្រសួង​ហ្នឹង​អត់​ត្រូវ​ទេ​។ ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​ដើម្បី​អី​? បានការ​អី​? 
 
​សុធី​៖ អា សំណាង​។ បើ​គេ​ធ្វើ គេ​ពិត​ជាមាន​ហេតុផល​របស់គេ​ហើយ​។ អ្ហែង​កុំ​ជំនាញ​ខាង​រិះគន់​គេ​ពេក​អ្ហា​។ អញ​អត់​ដឹង​គំនិត​ដើម​របស់​ក្រសួង​ទេ​។ តែ​អញ​សាកល្បង​គិត​ជំនួស​ក្រសួង​ដោយ​ប្រាប់​អ្ហែង​ថា លេខ​ពិសេស​នេះ គឺជា​គំនិត​ច្នៃប្រឌិត​ថ្មី ជម្រើស​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​ដែលមាន​ធនធាន​ចង់​ធ្វើ​។ បើ​លេខ​ធម្មតា «​ថោក​»​ធម្មតា​តើ​!​។ លក់​លេខ​ពិសេស​នេះ ក៏​អាចជា​ផ្នែក​មួយ​នៃ​ការរកចំណូល​ជូន​រដ្ឋ​ដែរ​តើ​? អញ​គិតថា ក្រសួង​គិត​ត្រូវ ធ្វើ​ត្រូវ ព្រោះ​បង្កើន​ចំណូល​។ ទុក​ឲ្យ​គេ​ធ្វើ​ខ្លះ​ផង អា សំណាង​!​។ កុំ​បង្អាក់​ការធ្វើ​របស់គេ​ពេក​។ បើ​អ្ហែង​អត់លុយ កុំ​ធ្វើ​!​។ អញ​អត់​ធ្វើ​លេខ​ពិសេស​ហ្នឹង​ណា៎​! 
 
​សំណាង​៖ អញ​នៅតែ​គិតថា ក្រសួង​ធ្វើ​នេះ មិន​ត្រឹមត្រូវ​ទេ​។ ក្រសួង​ជា​ស្ថាប័នរដ្ឋ ដូច្នេះ ក្រសួង​មិនគួរ​ធ្វើ​អាជីវកម្ម​ទេ​។ 
 
​សុធី​៖ អើ​! ធ្វើ​អាជីវកម្ម តែ​យកលុយ​ចូល​រដ្ឋ​តើ​? ចុះ​ម៉េច​វិញ​? 
 
​សំណាង​៖ អើ​! យកលុយ​ចូល​រដ្ឋ​មែន​។ តែ​ការធ្វើ​យ៉ាងនេះ វា​បង្កើត​ឲ្យ​មាន​អារម្មណ៍​បែងចែក​វណ្ណៈ​ក្នុងសង្គម​តាមរយៈ​លេខ​ពិសេស​ថ្លៃ​រាប់ពាន់​រាប់ម៉ឺន​។ រីឯ លេខ​មិន​ពិសេស​តម្លៃ​«​ថោក​»​។ អា ធី​! សកម្មភាព​ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​នេះ មិនល្អ​ទេ​សម្រាប់​សង្គម​ណា៎ អា ធី​!​។ វា​ថ្លៃ​ពេក​ណា៎​។ 
 
​សុធី​៖ អា សំណាង​។ អញ​ប្រាប់​ហើយ ប្រាប់ទៀតថា បើ​ថ្លៃ​កុំ​ទិញ ព្រោះ វា​មាន​អា​លេខ​«​ថោក​»​ដែរ​តើ​!
 
​សំណាង​៖ ថា អញ​យល់​ហើយ​។ តែ​អញ​នៅតែ​គិតថា វា​មិនល្អ​ទេ​ដែល​លក់​លេខ​ពិសេស​រថយន្ត​ថ្លៃ​យ៉ាង​ដូច្នេះ​។ 
 
​សុធី​៖ អញ​ពិតជា​ពិបាក​ពន្យល់​អ្ហែង​មែន​ថ្ងៃនេះ​។ នេះ​ជា​សេរីភាព​នៃ​ការគិត​របស់​អ្ហែង​ទេ​។ អញ​មិន​ជំទាស់​ទេ​។ តែ​សូម​ឲ្យ​អ្ហែង​ទុក​សេរីភាព​ឲ្យ​ក្រសួង​សាធារណៈ​ការធ្វើការងារ​របស់គេ​ផង​បានទេ​? អា សំណាង​! អញ​សុំ​អ្ហែង​មួយ​បានទេ​? ឈប់​ទើស​គេ​ពេក​ទៅ​! 
 
​សំណាង​៖ អា ធី​! អ្ហែង​អត់​យល់​ពី​តម្លៃ​នៃ​មតិ​ចម្រុះ​សោះ​ហ្មង​។ មតិផ្ទុយ ឬ​មតិ​ចម្រុះ​ប្រៀបបាន​ដូចជា​សួនច្បារ​ដែលមាន​ផ្កា​ចម្រុះ​ពណ៌​។ សួន​ដែលមាន​ផ្កា​តែមួយ​ប្រភេទ​មិនល្អ​ទេ​។ គំនិត​ក៏​ដូចគ្នា​ដែរ កាន់តែច្រើន កាន់តែ​ល្អ​។ 
 
​សុធី​៖ អើ​! បើ​ច្រើន ហើយ​ល្អ មិន​អី​ទេ​។ អញ​ខ្លាច​ក្រែងតែ​គំនិត​កាន់តែច្រើន កាន់តែ​វ៉​ល់ៗ​តើ​!​។ 
 
​នៅ​ព្រឹក​នេះ សំឡាញ់​ទាំងពីរ​ផឹក​កាហ្វេ​មិនសូវ​ឆ្ងាញ់​ទេ ព្រោះ​តឹង​ស​សៃ​ក​ដាក់គ្នា​ខ្លាំងពេក​។ ពួកគេ​ទាំង​ពីរបាន​បែក​គ្នា​ពី​ហាង​កាហ្វេ​នៅ​ម៉ោង​៩​ព្រឹក​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​សន្យា​ជួបគ្នា​នៅ​ថ្ងៃក្រោយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com