អន្តរជាតិ
ក្រោយត្រូវមីស៊ីលជាង១០គ្រាប់ លោក ត្រាំ ថា អ្វីៗនៅល្អក្នុងបន្ទាយទ័ពអាមេរិកឈរជើង
× ការវាយប្រហារមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់លើបន្ទាយទ័ពអ៊ីរ៉ាក់ដែលយោធាអាមេរិកតាំងមូលដ្ឋាន មិនទាន់មានអ្នកស្លាប់ និងអ្នករបួសឡើយ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ នៅលើបណ្ដាញសង្គម Twitter របស់ខ្លួននៅថ្ងៃទី៧ ខែមករា (ល្វែងម៉ោងអាមេរិក) លោក ត្រាំ បញ្ជាក់ថា អ្វីៗនៅល្អទាំងអស់ខណៈការវាយតម្លៃការខូចខាតកំពុងតែធ្វើឡើង។ លោកនឹងបញ្ជាក់ព័ត៌មានបន្ថែមទៀតនៅថ្ងៃទី៨ ខែមករា។
មីស៊ីលបាលីស្ទិករបស់ជាង១០គ្រាប់ បានធ្លាក់ចំបន្ទាយ Ain al-Asad ដែលយោធាអាមេរិកត្រូវបានពង្រាយក្នុងខេត្តអាន់បា និងមូលដ្ឋានមួយទៀតនៅឯ Erbil របស់អ៊ីរ៉ាក់។ នេះជាការសងសឹករបស់ទីក្រុងតេហេរ៉ង់ចំពោះការសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។
ក្រោយហេតុការណ៍នេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ចេញមកប្រកាសពីការចាប់ផ្ដើមការវាយតម្លៃផលប៉ះពាល់ពីការប្រហារសងសឹករបស់អ៊ីរ៉ង់។ នៅលើបណ្ដាញ Twitter របស់ខ្លួននៅថ្ងៃទី៧ ខែមករា លោក ត្រាំ បានសរសេរថា៖ «គ្រប់យ៉ាងនៅល្អទាំងអស់! មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់តម្រង់មូលដ្ឋានទ័ពពីរកន្លែងនៅអ៊ីរ៉ាក់។ ការវាយតម្លៃពីជនរងគ្រោះ និងផលប៉ះពាល់កំពុងធ្វើឡើង។ ឥឡូវនេះ គឺល្អដដែល។»
ប្រធានាធិបតីរូបនេះ ក៏ឆ្លៀតនិយាយអួតអាងពីអានុភាពយោធាអាមេរិកដែលលោកចាត់ទុកថា ល្អផ្ដាច់គេលើលោក ហើយកងទ័ពអាមេរិកក៏ទទួលបានការបំពាក់សព្វាវុធលេខមួយផងដែរ។ យ៉ាងណាមិញ លោក ត្រាំ មិនទាន់ធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជនអាមេរិកភ្លាមឡើយ ដោយរង់ចាំដល់ព្រឹកថ្ងៃទី៨ ខែមករា។ លោក ទំនងជារង់ចាំការវាយតម្លៃឲ្យបានជាក់លាក់សិន មុននឹងថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ។
ទាក់ទងរឿងនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្ដីមន្ត្រីអាមេរិកថា មិនមានរបាយការណ៍អ្នកស្លាប់ ឬរបួសអ្វីឡើយ។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ មហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ វិញ និយាយការពារការផ្លោងមីស៊ីលនេះថា ជារឿងសមស្រប និងជាការការពារខ្លួនប៉ុណ្ណោះ។ លោក ហ្សារីហ្វ បានសរសេរលើ Twitter ថា អ៊ីរ៉ង់ បានចាត់វិធានការសមស្របមួយដើម្បីការពារខ្លួនដោយបានវាយប្រហារមូលដ្ឋានដែលត្រូវប្រើប្រាស់ក្នុងការវាយប្រហារយ៉ាងកំសាកលើប្រជាជន និងមន្ត្រីជាន់ខ្ពស់របស់យើង។» លោកបន្តថា អ៊ីរ៉ង់ មិនចង់បានសង្គ្រាមឡើយ ប៉ុន្តែនឹងការពារខ្លួនឯងប្រឆាំងរាល់ការឈ្លានពានទាំងអស់៕
Tag:
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com