អន្តរជាតិ
ក្រោយ​ត្រូវ​មី​ស៊ី​ល​ជាង​១០​គ្រាប់ លោក ត្រាំ ថា អ្វីៗ​នៅ​ល្អ​ក្នុង​បន្ទាយទ័ព​អាមេរិក​ឈរជើង​
08, Jan 2020 , 2:17 pm        
រូបភាព
​ការវាយប្រហារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អ៊ីរ៉ង់​លើ​បន្ទាយទ័ព​អ៊ីរ៉ាក់​ដែល​យោធា​អាមេរិក​តាំង​មូលដ្ឋាន មិនទាន់មាន​អ្នកស្លាប់ និង​អ្នករបួស​ឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​នៅ​ថ្ងៃទី​៧ ខែមករា (​ល្វែង​ម៉ោង​អាមេរិក​) លោក ត្រាំ បញ្ជាក់ថា អ្វីៗ​នៅ​ល្អ​ទាំងអស់​ខណៈ​ការវាយតម្លៃ​ការខូចខាត​កំពុងតែ​ធ្វើឡើង​។ លោក​នឹង​បញ្ជាក់​ព័ត៌មាន​បន្ថែមទៀត​នៅ​ថ្ងៃទី​៨ ខែមករា​។​

 
​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​ជាង​១០​គ្រាប់ បាន​ធ្លាក់ចំ​បន្ទាយ Ain al-Asad ដែល​យោធា​អាមេរិក​ត្រូវបាន​ពង្រាយ​ក្នុង​ខេត្ត​អាន់​បា និង​មូលដ្ឋាន​មួយទៀត​នៅឯ Erbil របស់​អ៊ីរ៉ាក់​។ នេះ​ជាការ​សងសឹក​របស់​ទីក្រុង​តេ​ហេ​រ៉ង់​ចំពោះ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៣ ខែមករា​កន្លងទៅ​។ 
 
​ក្រោយ​ហេតុការណ៍​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ចេញមក​ប្រកាស​ពី​ការចាប់ផ្ដើម​ការវាយតម្លៃ​ផលប៉ះពាល់​ពី​ការ​ប្រហារ​សងសឹក​របស់​អ៊ីរ៉ង់​។ នៅលើ​បណ្ដាញ Twitter របស់ខ្លួន​នៅ​ថ្ងៃទី​៧ ខែមករា លោក ត្រាំ បានសរសេរថា​៖ «​គ្រប់យ៉ាង​នៅ​ល្អ​ទាំងអស់​! មី​ស៊ី​លបាញ់​ចេញពី​អ៊ីរ៉ង់​តម្រង់​មូលដ្ឋានទ័ព​ពីរ​កន្លែង​នៅ​អ៊ីរ៉ាក់​។ ការវាយតម្លៃ​ពី​ជនរងគ្រោះ និង​ផលប៉ះពាល់​កំពុង​ធ្វើឡើង​។ ឥឡូវនេះ គឺ​ល្អ​ដដែល​។​» 
 
​ប្រធានាធិបតី​រូបនេះ ក៏​ឆ្លៀត​និយាយ​អួតអាង​ពី​អានុភាព​យោធា​អាមេរិក​ដែល​លោក​ចាត់ទុកថា ល្អផ្ដាច់គេ​លើ​លោក ហើយ​កងទ័ព​អាមេរិក​ក៏​ទទួលបាន​ការបំពាក់​ស​ព្វា​វុ​ធ​លេខ​មួយ​ផងដែរ​។ យ៉ាងណាមិញ លោក ត្រាំ មិនទាន់​ធ្វើ​សេចក្ដីថ្លែងការណ៍​ទៅកាន់​ប្រជាជន​អាមេរិក​ភ្លាម​ឡើយ ដោយ​រង់ចាំ​ដល់​ព្រឹក​ថ្ងៃទី​៨ ខែមករា​។ លោក ទំនងជា​រង់ចាំ​ការវាយតម្លៃ​ឲ្យ​បាន​ជាក់លាក់​សិន មុននឹង​ថ្លែង​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​។​
 
​ទាក់ទង​រឿងនេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​មន្ត្រី​អាមេរិក​ថា មិនមាន​របាយការណ៍​អ្នកស្លាប់ ឬ​របួស​អ្វី​ឡើយ​។ 
 
​ចំណែក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ វិញ និយាយ​ការពារ​ការ​ផ្លោង​មី​ស៊ី​ល​នេះ​ថា ជា​រឿង​សមស្រប និង​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ លោក ហ្សា​រី​ហ្វ បាន​សរសេរ​លើ Twitter ថា អ៊ីរ៉ង់ បាន​ចាត់វិធានការ​សមស្រប​មួយ​ដើម្បី​ការពារ​ខ្លួន​ដោយបាន​វាយប្រហារ​មូលដ្ឋាន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​យ៉ាង​កំសាក​លើ​ប្រជាជន និង​មន្ត្រីជាន់ខ្ពស់​របស់​យើង​។​» លោក​បន្តថា អ៊ីរ៉ង់ មិន​ចង់បាន​សង្គ្រាម​ឡើយ ប៉ុន្តែ​នឹង​ការពារ​ខ្លួនឯង​ប្រឆាំង​រាល់​ការឈ្លានពាន​ទាំងអស់​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com