អន្តរជាតិ
ហ្វីលីពីន ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​អ៊ីរ៉ាក់​
08, Jan 2020 , 4:32 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AP
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AP
​រដ្ឋាភិបាល​ហ្វីលីពីន នៅ​ថ្ងៃទី​៨ ខែមករា ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​របស់​ចេញពី​អ៊ីរ៉ាក់ ខណៈពេល​ស្ថានការណ៍​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​កំពុង​តានតឹង​ខ្លាំង​។ ការជម្លៀស​នេះ នឹង​ធ្វើឡើង​តាមរយៈ​យន្តហោះ​យោធា​ជាច្រើន​គ្រឿង និង​នាវា​យាមល្បាត​មួយគ្រឿង​។


 
​តាមរយៈ​ការកោះប្រជុំ​មន្ត្រី​យោធា​នា​ថ្ងៃទី​៦ ខែមករា ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​ត្រៀម​ជើង​ព្រួល និង​នាវា ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ប្រជាជន​ចេញពី​តំបន់​មជ្ឈិមបូព៌ា​។ ហេតុការណ៍​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​ក្តៅ បន្ទាប់ពី​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​ល​ជាង​១០​គ្រាប់​លើ​បន្ទាយ​យោធា​អាមេរិក​មួយកន្លែង និង​មូលដ្ឋាន​យោធា​របស់​សម្ពន្ធ​មួយកន្លែង​ទៀត នៅ​អ៊ីរ៉ាក់​។ 
 
​ការណ៍​នេះ រដ្ឋាភិបាល​ហ្វីលីពីន នៅ​ថ្ងៃទី​៨ ខែមករា អះអាងថា ខ្លួន នឹង​បញ្ជូន​យន្តហោះ​យោធា​ទៅជា​ច្រើន​គ្រឿង និង​នាវា​យាមល្បាត​មួយគ្រឿង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana ប្រាប់​អ្នកកាសែត​ថា រដ្ឋាភិបាល​ហ្វីលីពីន នឹង​បញ្ជូន​យន្តហោះ​ដឹក​សម្ភារ​យោធា​យ៉ាងហោចណាស់​ចំនួន ៣​គ្រឿង និង​នាវា​យាមល្បាត​ចំនួន​១​គ្រឿង ដើម្បី​ជម្លៀស​ប្រជាជន​ហ្វីលីពីន​ដែល​ធ្វើការ​នៅក្នុង​អ៊ីរ៉ាក់​។ 
 
​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន លោក Eduardo Menez បាន​បញ្ជាក់ថា កម្រិត​ប្រកាសអាសន្ន​នៅ​ទូទាំង​អ៊ីរ៉ាក់ បាន​កើនឡើង​រហូតដល់​កម្រិត​បួន​ហើយ ដែល​ស្ថានការណ៍​នេះ ទាមទារ​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ហ្វីលីពីន​ចេញពី​អ៊ីរ៉ាក់​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ប្រជាជន​ហ្វីលីពីន​ទាំងអស់ អាច​ចាក​ចេញពី​អ៊ីរ៉ាក់​ដោយ​ខ្លួនឯង តាមរយៈ​និយោជក ឬ​តាមរយៈ​រដ្ឋាភិបាល​ហ្វីលីពីន​។​
 
​ក្រៅពី​បញ្ជូន​កងកម្លាំង​ទៅ​ជម្លៀស​ប្រជាជន លោក​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ ក៏បាន​បញ្ជូន​បេស​ក​ទូត​ពិសេស​ទៅ​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ផងដែរ ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​សម្រួល​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ចំពោះ​ប្រជាជន​ហ្វីលីពីន ប្រសិនបើ​សង្គ្រាម​កើតឡើង​មែន​។ 
 
​ប្រជាជន​ហ្វីលីពីន ដែល​ធ្វើការ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ គឺមាន​ចំនួន ៦​ពាន់​នាក់​។ ពួកគេ​ភាគច្រើន ជា​អ្នក​បម្រើការ​តាម​ផ្ទះ និង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​។ សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺមាន​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ ដែលមាន​វិធានការ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​មជ្ឈិមបូព៌ា​។ ប្រទេស​ទាំងពីរ​នោះ​មាន ហ្វីលីពីន និង​ថៃ ៕

Tag:
 ហ្វីលីពីន​
  អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com