អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើលនាវាចិនក្នុងសមុទ្រចិនខាងត្បូង លោកប្រធានាធិបតីចូកូ វីដូដូ អមជាមួយនាយអគ្គសេនាធិការយោធាឥណ្ឌូណេស៊ី លោកGatot Nurmantyo (ខាងឆ្វេង) និង មេបញ្ជាការកងទ័ពអាកាសAgus Supriatna (ខាងស្តាំ)។ រូបភាព៖ Reuters
× ទើបតែបញ្ជូននាវាចម្បាំងចំនួន៤គ្រឿងបន្ថែមទៅតំបន់ភាគខាងជើងនៃប្រជុំកោះណាទុណា ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៊ីនាថ្ងៃទី៧ ខែមករា បានបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿងទៀត ដើម្បីតាមឃ្លាំមើលសកម្មភាពទូកនេសាទ និងនាវាយាមល្បាតរបស់ចិន ដែលចូលមកក្នុងតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
បន្ទាប់ពីនាវាយាមល្បាត និងទូកនេសាទរបស់ចិនចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននាពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩មក ទីក្រុងហ្សាការតា បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌូណេស៊ីមកបកស្រាយពីបញ្ហានេះ។ ក្រៅពីកោះហៅភាគីចិនមកបំភ្លឺអំពីទូកនេសាទរបស់ខ្លួនចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ឥណ្ឌូណេស៊ីក៏បានចាត់វិធានការផ្សេងៗផងដែរ ដើម្បីទប់ស្កាត់នាវារបស់ចិន កុំឲ្យរុលចូលមកជ្រៅក្នុងដែនទឹកភាគខាងជើងរបស់ខ្លួន។
វិធានការនោះមានដូចជា បទបញ្ជាឲ្យយោធាឥណ្ឌូណេស៊ីប្រុងជើងការ ការរៀបចំសម្ភារសឹកឲ្យរួចរាល់ ការដាក់នាវាចម្បាំងចំនួន ៨គ្រឿងនៅក្នុងតំបន់តានតឹង និងការអនុញ្ញាតឲ្យទូកនេសាទឥណ្ឌូណេស៊ីចូលទៅក្នុងតំបន់ភាគខាងជើងកោះណាទុណាជាដើម។
ទំនងជាចង់គំរាមឲ្យនាវាយាមល្បាត និងទូកនេសាទចិន ដកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនឲ្យកាន់តែឆាប់រហ័យ នាថ្ងៃទី៧ ខែមករា ទីក្រុងហ្សាការតា បានបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿង ទៅឃ្លាំមើលនាវា និងទូកនេសាទរបស់ចិន។ បើតាមអ្នកនាំពាក្យកងកម្លាំងជើងអាកាសឥណ្ឌូណេស៊ីលោក Fajar Adriyanto យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៤គ្រឿង ត្រូវបើកប្រតិបត្តិការរបស់ខ្លួន ហោះហើរលើប្រជុំកោះណាទុណា និងតំបន់ជុំវិញប្រជុំកោះមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យ៉ាងណាក៏ដោយ ប្រតិបត្តិការយន្តហោះចម្បាំង F-16 គ្រាន់តែឃ្លាំមើល និងការពារប្រជុំកោះណាទុណាតែប៉ុណ្ណោះ ប៉ុន្តែមិនមែនយកទៅប្រឈមមុខជាមួយទីក្រុងប៉េកាំង ឬបង្កសង្គ្រាមណាមួយឡើយ។
ជាការឆ្លើយតបទៅនឹងភាពតានតឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ទីក្រុងប៉េកាំង បានបើកកិច្ចចរចាការទូតជាមួយទីក្រុងហ្សាការតាហើយ តាំងពីឧបទ្ទវហេតុចុងក្រោយមកម្លេះ ហើយភាគីទាំងសងខាងគួរតែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ជាជាងការប្រឈមមុខដាក់គ្នា និងបង្កជម្លោះជាមួយគ្នា។
សូមបញ្ជាក់ថា ចិនបានទាមទារ តំបន់សមុទ្រចិនខាងត្បូងមួយភាគធំ តាមរយៈផែនទីគំនូសប្រាំបួនត្រេរបស់ខ្លួន។ ការណ៍នេះ បានបង្កឲ្យមានជម្លោះដែនទឹកជាមួយប្រទេសជាច្រើន ដែលជាសមាជិកអាស៊ាន រួមមាន វៀតណាម ព្រយណេ ហ្វីលីពីន និងម៉ាឡេស៊ីជាដើម។
© រក្សាសិទ្ធិដោយ thmeythmey.com