អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ ស្នើឲ្យប្រជាជនងូតតិចជាងមុន ដើម្បីដោះស្រាយបញ្ហាខ្វះទឹក នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ borneopost
× នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៧ ខែមករា បានស្នើឲ្យប្រជាជនថៃទាំងអស់កាត់បន្ថយការប្រើប្រាស់ទឹកស្អាត ខណៈពេលប្រទេសកំពុងជួបបញ្ហាខ្វះទឹក។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បាន សុំឲ្យប្រជាជនងូតទឹកតិចជាងមុន និងបិទក្បាលរ៉ូប៊ីណេឲ្យបានត្រឹមត្រូវ ដើម្បីបង្ការការប្រើប្រាស់ទឹកខ្ជះខ្ជាយ។
នាសប្តាហ៍មុន អាជ្ញាធរទឹកស្អាតទីក្រុងបាងកក បានអះអាងថា ក្បាលរ៉ូប៊ីណេទឹកនាទីក្រុងបាងកក បានឡើងជាតិអំបិល ខណៈពេលកម្រិតទឹកប្រៃ កំពុងកើតឡើងនៅក្នុងទន្លេ Chao Phraya។ ជាពិសេសចាប់ពីខែវិច្ឆិកា ដល់ចុងខែមេសា ជារៀងរាល់ឆ្នាំ ថៃតែងតែខ្វះទឹកសាបប្រើប្រាស់ជាប្រចាំ។ ខេត្តចំនួន ១៤ នៅភាគកណ្តាល ភាគខាងជើង និងភាគឦសាននៃប្រទេសថៃ នឹងជួបការកង្វះទឹកប្រើប្រាស់។
ដើម្បីដោះស្រាយបញ្ហាខ្វះទឹកនេះ នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យប្រជាជនរស់នៅទីក្រុង និងស្រុកស្រែចម្ការចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា។ លោកប្រាយុទ្ធបានអះអាងយ៉ាងដូច្នេះថា៖ « សូមអ្នកទាំងអស់គ្នា ជួយសន្សំទឹក។ បិទក្បាលរ៉ូប៊ីណេទឹក និងប្រើប្រាស់ទឹកតិចជាងមុន។ ក្នុងន័យនេះ លោកបានស្នើឲ្យប្រជាពលរដ្ឋថៃទាំងអស់កាត់បន្ថយ ការងូតទឹក និងដុសធ្មេញរយៈពេលមួយនាទី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយសារការស្តុកទឹកមានកម្រិតតិច រដ្ឋាភិបាលថៃ ក៏បានអំពាវនាវឲ្យកសិករថៃទាំងអស់ នៅក្នុងខេត្តមួយចំនួន តាមទន្លេ Chao Phraya កុំឲ្យប្រើប្រាស់ទឹកសម្រាប់ដាំដំណាំនារដូវប្រាំងផងដែរ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី៧ ខែមករា បានយល់ព្រមប្រើប្រាស់ថវិកាចំនួន ១០០លានដុល្លារ ដើម្បីជីកអណ្តូងក្រោមដី ដើម្បីមូបទឹកចេញពីក្រោមដី។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ គឺធ្វើឡើង ដើម្បីដោះស្រាយបញ្ហាខ្វះទឹកក្នុងរយៈពេល ២ ឬ៣ខែខាងមុខទៀត ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com