ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង​៣៦​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​ផ្លូវថ្នល់ មន្ទីរពេទ្យ និង​ទឹកស្អាត
09, Jan 2020 , 8:59 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង​តំណាង​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្តាល ដែលមាន​វត្តមាន​នៅក្នុង​ការផ្តល់​ថវិកា​ នាថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង​តំណាង​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្តាល ដែលមាន​វត្តមាន​នៅក្នុង​ការផ្តល់​ថវិកា​ នាថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៣៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប​ជួយ​ដល់​គម្រោង​ទឹកស្អាត មន្ទីរពេទ្យ និង​ផ្លូវថ្នល់​កម្ពុជា​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា និង​តំណាង​អង្គភាព​ទទួល​ជំនួយ​ទាំងបី បាន​ចុះហត្ថលេខា​រួមគ្នា នា​ថ្ងៃទី ៨ ខែមករា​។​


 
​ក្នុងចំណោម​ថវិកា​ជាង​៣៦​ម៉ឺន​ដុល្លារ​នេះ ជប៉ុន​នឹង​ផ្តល់ជូន​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ប្រមាណ​ជាង​១៨​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ផ្លូវថ្នល់​ប្រវែង​៦,៣០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន​។ ថវិកា​ប្រមាណ​៩​ម៉ឺន​ដុល្លារ​ទៀត ជប៉ុន​ផ្តល់​ឲ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ខេត្តកណ្តាល សម្រាប់​សាងសង់​អគារ​សម្រាក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ទឹក​ឃ្លាំង ខេត្តកណ្តាល និង​ថវិកា​ចំនួន​ប្រមាណ​៩​ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​ខ្នាតតូច​នៅក្នុង​ឃុំ​ចំនួន​៧ ក្នុង​ខេត្ត​២ នា​ទិសពាយ័ព្យ ដែល​ផ្តល់​ឲ្យ​នាយក​ប្រតិបត្តិ​នៃ​ទឹកស្អាត​១០០១​។ 
 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បានលើកឡើង​នៅ​ក្នុងការ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ថា ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ដ្បិត​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ពិតមែន ប៉ុន្តែ​ជប៉ុន នៅតែ​មើលឃើញថា កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​។​


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង​លោក ហ្វេ្រដឺរិក ឌុយ​ប័រ នាយកប្រតិបត្តិ​នៃ​ទឹក​ស្អាត​១០០១ ក្នុង​កិច្ចចុះហត្ថលេខា​ផ្តល់ថវិកាជាង​៩​ម៉ឺនដុល្លារ
 
​តំណាង​អង្គភាព​ទទួល​ជំនួយ​សម្រាប់​អនុវត្ត​គម្រោង​ទាំងបី​នេះ សុទ្ធតែ​អះអាងថា ថវិកា​គម្រោង​នេះ នឹង​ផ្ដល់​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​នៅតាម​មូលដ្ឋាន​។ លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ជំនួយ​របស់​ជប៉ុន​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ សិស្សានុសិស្ស និង​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ តាមរយៈ​ការស្ថាបនា​ផ្លូវ ។ ជាពិសេស​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ប៉ៃលិន​។​
 
​ដោយឡែក​គម្រោង​សាងសង់​អគារ​សម្រាក​នៅ​មន្ទីរពេទ្យ ដែលមាន​នៅក្នុង​មណ្ឌល​សុខភាព​ទឹក​ឃ្លាំង ក្នុង​ខេត្តកណ្តាល​នេះ នឹង​ជា​សមិទ្ធផល​មួយ​ដែល​ផ្តល់​សេវា​សុខាភិបាល​ដែល​ប្រកបដោយ​គុណភាព និង​មាន​ប្រសិទ្ធិភាព ដែល​អាច​កាត់បន្ថយ​ការចំណាយ និង​អត្រា​ការស្លាប់​របស់​ប្រជាជន​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ ច័ន្ទ​តារា​មុនី ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ដែល​ទទួលបាន​ថវិកា​ពី​ជប៉ុន​នេះ​។​
 
​មិន​ខុសពី​តំណាង​អង្គភាព​ទាំងពីរ​ខាងលើនេះ​ទេ លោក ហ្វ្រេ​ដឺ​រិ​ក ឌុយ​ប័​រ នាយក​ប្រតិបត្តិ​នៃ​ទឹកស្អាត​១០០១ បាន​អះអាងថា ស្ថានីយ​ទឹកស្អាត​នេះ​អាច​នឹង​ផ្គត់ផ្គង់​ទឹក​ដល់​ពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់ និង​សិស្សានុសិស្ស​ចំនួន​៧​ពាន់​នាក់​ផងដែរ​។ 
 
​បើតាម​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់ជំនួយ និង​រួមចំណែក​ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈម​តាមរយៈ​គ្រោងការណ៍​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ​។​
 
​សូមបញ្ជាក់ថា កម្ពុជា​ទទួលបាន​ជំនួយ​ពី​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩១ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​ដែល​ជប៉ុន​បានផ្តល់​ឲ្យ​កម្ពុជា​នោះ គឺ​សម្រាប់​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​លើ​គម្រោង​ទាំង​៦១៨៕  


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង​លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនខេត្តប៉ៃលិន ក្នុង​កិច្ចចុះហត្ថលេខា​ផ្តល់ថវិកាជិត​​១៩​ម៉ឺនដុល្លារ


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង​លោក អ៊ូ ច័ន្ទតារាមុនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ក្នុង​កិច្ចចុះហត្ថលេខា​ផ្តល់ថវិកាជាង​៩​ម៉ឺនដុល្លារ


Tag:
 ជប៉ុន​
 ​ថវិកា​
 ​ផ្លូវថ្នល់​
 ​ទឹកស្អាត​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com