ជាតិ
សង្គមជាតិ
បង់ក្លាដែស យកព្រះនាមព្រះបាទ នរោត្តម សីហនុ ដាក់ឈ្មោះផ្លូវ ហើយនៅកម្ពុជា ដាក់ឈ្មោះអតីតប្រធានាធិបតីបង់ក្លាដែស ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Muhammad Faruk Khan (រូបពីក្រសួងការបរទេស)
× កម្ពុជា យកឈ្មោះលោក Bangabandhu Sheikh Mujib អតីតប្រធានាធិបតីបង់ក្លាដែស ដាក់ជាឈ្មោះផ្លូវលេខ៣៣៧ ក្នុងរាជធានីភ្នំពេញ ហៅថា Bangabandhu Sheikh Mujib Street។ ចំណក បង់ក្លាដែស បានយកព្រះនាមព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា ទៅដាក់ជាឈ្មោះផ្លូវមួយខ្សែក្នុងទីក្រុងដាក្កា ហៅថា King Norodom Sihanouk Road។
ក្នុងជំនួបទ្វេភាគី នៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង លោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសរដ្ឋសភាបង់ក្លាដែស បានពិភាក្សាគ្នាពីការយកព្រះនាមអតីតព្រះមហាក្សត្រកម្ពុជា និងឈ្មោះអតីតប្រធានាធិបតីបង់ក្លាដែស ទៅដាក់ជាឈ្មោះផ្លូវ។
លោក កុយ គួង អ្នកនាំពាក្យការបរទេសប្រាប់អ្នកកាសែតក្រោយជំនួបនេះថា ផ្លូវនៅក្រុងដាក្កា ដែលប្រើព្រះនាមអតីតព្រះមហាក្សត្រកម្ពុជា នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០នេះ ហើយឈ្មោះអតីតប្រធានាធិបតីបង់ក្លាដែល នឹងត្រូវយកទៅដាក់ជាឈ្មោះផ្លូវលេខ៣៣៧ ក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២០ដែរ។
លោក កុយ គួង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទបន្ថែមថា ការយកព្រះនាមនិងឈ្មោះ ទៅដាក់ជាឈ្មោះផ្លូវបែបនេះ គឺដើម្បីរម្លឹកដល់ស្នាមព្រះហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា និងស្នាដៃរបស់អតីតប្រធានាធីបតីបង់ក្លាដែស ហើយក៏ដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ អ្នកនាំពាក្យការបរទេស អះអាងថា ផ្លូវនៅក្រុងដាក្កា ដែលដាក់ព្រះនាមអតីតព្រះមហាក្សត្រកម្ពុជា គឺជាផ្លូវដ៏សំខាន់មួយ និងមានអង្គទូតច្រើន (ស្ថានទូត) តាមបណ្តោយផ្លូវនោះ៕
Tag:
កម្ពុជា
បង់ក្លាដែស
ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com