អន្តរជាតិ
មេដឹកនាំអ៊ីរ៉ង់ ថា ការផ្លោងមីស៊ីលជាការទះកំផ្លៀងអាមេរិក ខណៈប្រទេសអឺរ៉ុបថ្កោលទោស មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី ។ រូបភាពវេបសាយ Khamenei.ir
× មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) ចាត់ទុកការបាញ់មីស៊ីលដាក់បន្ទាយទ័ពអ៊ីរ៉ាក់ដែលទ័ពអាមេរិកឈរជើង ជាការទះកំផ្លៀងអាមេរិក។ លោក ខាមេណី លើកឡើងបែបនេះ នៅប៉ុន្មានម៉ោងក្រោយយោធាអ៊ីរ៉ង់ផ្លោងមីស៊ីលបាលីស្ទិកជាង១០គ្រាប់ចូលមូលដ្ឋានយោធាពីរកន្លែងរបស់អ៊ីរ៉ាក់ដើម្បីសងសឹកឲ្យឧត្តសេនីយ៍ Qassem Soleimani ។ ការបាញ់នេះ ក៏រងការរិះគន់ខ្លាំងពីប្រទេសតំបន់អឺរ៉ុប។
ត្រឹម៥ថ្ងៃក្រោយការសម្លាប់មេបញ្ជាការជាន់ខ្ពស់កងឆ្មាំបដិវត្តន៍ Qassem Soleimani អ៊ីរ៉ង់ បានសងសឹកវិញតាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់បន្ទាយឈរជើងរបស់អាមេរិកនៅទឹកដីអ៊ីរ៉ាក់។ នៅថ្ងៃទី៨ ខែមករា ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ដែលស្រក់ទឹកភ្នែកពេលបុណ្យសពមេទ័ពដ៏សំខាន់ ក៏ចេញមុខនិយាយឌឺដងផ្លែផ្កាឲ្យអាមេរិកផងដែរ។
ក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក ខាមេណី និយាយថា ការទះមួយកំផ្លៀងបានធ្លាក់លើអាមេរិក។ ការទះមួយកំផ្លៀង គឺជាអ្វីដែលលោក ខាមេណី ចាត់ទុកជាការសងសឹកឲ្យមេទ័ពរបស់ខ្លួនដែលបាត់បង់ជីវិតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីថ្ងៃទី៣ ខែមករាកន្លងទៅនៅព្រលានយន្តហោះអ៊ីរ៉ាក់។
បើតាមមេដឹកនាំកំពូលរូបនេះ ការសងសឹក ជារឿងដែលត្រូវតែកើតឡើង តែប្រតិបត្តិការត្រឹមប៉ុណ្ណេះ មិនទាន់សមស្របនឹងការធ្វើឃាតមន្ត្រីយោធាអ៊ីរ៉ង់ឡើយ។ ក្នុងន័យនេះ លោក ខាមេណី ទំនងជាចង់ផ្ញើសារថា អ៊ីរ៉ង់ អាចនឹងចាត់វិធានការថែមទៀតប្រឆាំងអាមេរិកដើម្បីសងសឹកឲ្យសមល្មមនឹងការបាត់បង់មេទ័ព Soleimani ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ កាន់តែសំខាន់ មេដឹកនាំអ៊ីរ៉ង់ចង់ឲ្យអាមេរិកដកទ័ពចេញពីមជ្ឈិមបូព៌ាតែម្ដង។
ងាកទៅតំបន់អឺរ៉ុបវិញ អង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំងលើការបាញ់មីស៊ីលនេះ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Annegret Kramp-Karrenbauer ប្រាប់ទូរទស្សន៍ ARD ថា អាល្លឺម៉ង់ ថ្កោលទោសសកម្មភាពបំពានរបស់អ៊ីរ៉ង់ ហើយវាជារឿងចម្បងរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ការរាលដាល់ជម្លោះ។ អ្នកស្រីរដ្ឋមន្ត្រីបន្តថា អាល្លឺម៉ង់ អាចបន្តដកទ័ពថែមទៀតចេញពីអ៊ីរ៉ាក់ផងដែរ ក្រោយដកចេញ១៣នាក់ហើយនោះ។
អង់គ្លេសឯណោះ ក៏នៅមិនស្ងៀមដែរ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab ក៏ថ្កោលទោសការវាយប្រហារលើបន្ទាយដែលជាមូលដ្ឋានរបស់សម្ព័ន្ធមិត្តចម្រុះប្រឆាំងក្រុមរដ្ឋឥស្លាម។ ប្រមុខការទូតអង់គ្លេស ក៏បង្ហាញក្ដីបារម្ភចំពោះរបាយការណ៍ពាក់ព័ន្ធមានមនុស្សស្លាប់ និងការប្រើប្រាស់មីស៊ីលបាលីស្ទិក។ ក្រសួងការពារជាតិអង់គ្លេសចេញមុខប្រកាសថា គ្មានយោធាអង់គ្លេសបាត់បង់ជីវិតក្នុងការការវាយប្រហាររបស់អ៊ីរ៉ង់ឡើយ។
ការវាយប្រហារចុងក្រោយលើមូលដ្ឋានអាកាសនៅអ៊ីរ៉ាក់ដែលប្រើប្រាស់ដោយអាមេរិក និងសម្ព័ន្ធមិត្តចម្រុះរាប់ទាំងយោធាអឺរ៉ុបផងនោះ ជាឧទាហរណ៍មួយទៀតនៃការរាលដាល និងការកើនឡើងជម្លោះ។ នេះជាប្រតិកម្មរបស់លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុបនៅថ្ងៃទី៨ ខែមករា។ លោកព្រមានថា ស្ថានការណ៍ចុងក្រោយនេះ ធ្វើឲ្យប៉ះពាល់ប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋឥស្លាម៕
Tag:
អ៊ីរ៉ង់
អាមេរិក
អឺរ៉ុប
អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com