ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ កម្ពុជា ចង់ឲ្យអាមេរិកនិងអ៊ីរ៉ង់ ដោះស្រាយជម្លោះដោយសន្តិភាព
08, Jan 2020 , 10:00 pm        
រូបភាព
លោក កុយ គួង អ្នកនាំពាក្យការបរទេស (រូបពីគណនីហ្វេសប៊ុករបស់លោក កុយ គួង)
លោក កុយ គួង អ្នកនាំពាក្យការបរទេស (រូបពីគណនីហ្វេសប៊ុករបស់លោក កុយ គួង)
ដោយ: ថ្មីៗ
លោក កុយ គួង អ្នកនាំពាក្យការបរទេស ថ្លែងថា កម្ពុជា បារម្ភខ្លាំង ដោយខ្លាចអាមេរិកនិងអ៊ីរ៉ង់ ឈានទៅរកជម្លោះទ្រង់ទ្រាយធំ ហើយមិនអាចគ្រប់គ្រងសភាពការណ៍បាន។ លោក បន្តថា កម្ពុជា លើកទឹកចិត្តឲ្យភាគីជម្លោះទាំងពីរ អត់ធ្មត់ឲ្យបានខ្ពស់។



ការថ្លែងរបស់លោក កុយ គួង គឺធ្វើឡើងក្រោយពីបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដែស នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«យើង ជំរុញឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយដោយសន្តិភាព តាមរយៈកិច្ចសន្ទនា ឬក៏កិច្ចពិភាក្សា»។ 

អ្នកនាំពាក្យការបរទេស បន្តថា កម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការវិវត្តសភាពការណ៍នៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងកើតជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់។

សំឡេង



លោក កុយ គួង ប្រាប់សារព័ត៌មានថ្មីៗបន្ថែមតាមទូរស័ព្ទថា ក្រសួងការបរទេស មិនទាន់មានគម្រោងជម្លៀសពលរដ្ឋកម្ពុជា ចេញពីតំបន់មជ្ឈិមបូព៌ានោះទេ។ តែលោក លើកឡើងថា ក្រសួងការបរទេស អំពាវនាវឲ្យពលរដ្ឋកម្ពុជា ដែលនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ 
អត្ថបទទាក់ទង


សភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅ  ក្រោយពីអាមេរិក ធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani របស់អ៊ីរ៉ង់។ នៅថ្ងៃទី៨ ខែមករានេះ អ៊ីរ៉ង់ បាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់ ទៅបន្ទាយ Ain al-Asad ក្នុងទឹកដីអ៊ីរ៉ាក់ ដែលយោធាអាមេរិកឈរជើង។ តែការវាយប្រហារមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ មិនទាន់មានអ្នកស្លាប់ និងអ្នករបួសឡើយ។

ឆ្លើយតបនឹងការបាញ់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរលើលើ Twitter នៅថ្ងៃទី៧ ខែមករា ដូច្នេះថា៖«គ្រប់យ៉ាងនៅល្អទាំងអស់! មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់តម្រង់មូលដ្ឋានទ័ពពីរកន្លែងនៅអ៊ីរ៉ាក់។ ការវាយតម្លៃពីជនរងគ្រោះ និងផលប៉ះពាល់កំពុងធ្វើឡើង។ ឥឡូវនេះ គឺល្អដដែល»។

បច្ចុប្បន្ន ពិភពលោក កំពុងចោលភ្នែកទៅមើលជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់។ យ៉ាងណា គេ រំពឹងថា ជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ នឹងឈានទៅរកភាពស្ងប់រំងាប់វិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com