ONE Championship
កីឡាជាតិ
ជាតិ
Rodtang ថា​នឹង​ផ្ដួល Haggerty ជា​លើក​ទី​២ ឲ្យ​អស់ចិត្ត​
09, Jan 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
Rodtang Jitmuangnon រហស្សនាម «The Iron Man» អះអាងថា​នឹងមិន​ធ្វើ​ឲ្យ​ចៅក្រម​ពិបាក​សម្រេចចិត្ត​ក្នុងការ​ដាក់ពិន្ទុ​នោះទេ សម្រាប់​ជំនួប​ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ទល់នឹង​គូប្រជែង​ចាស់ Jonathan Haggerty នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែមករា ឆ្នាំ ២០២០​។ ក្នុង​កម្មវិធី ONE: A NEW TOMORROW ជា​ជំនួប​ដ៏​ជក់ចិត្ត ដ្បិត Haggerty ត្រូវ​ដណ្តើម​ខ្សែក្រវាត់​មកវិញ​។ តែ​យ៉ាងណា កីឡាករ​ជំនាញ​មួយ​ថៃ Rodtang សន្យា​ការពារ​ខ្សែក្រវាត់​ឲ្យ​ខាងតែបាន និង មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ស័យ​អំពី​លទ្ធផល​នោះឡើយ​។

 
 
​យ៉ាងណាក្ដី Rodtang មិន​ទទួល​ជ័យជម្នះ​ដោយ​ងាយស្រួល​ប៉ុន្មាន​ទេ​នាពេល​កន្លងមក ព្រោះ Jonathan Haggerty ជា​កំពូល​កីឡាករ​មាន​ក្បាច់​ដៃ​និង​ជើងល្អ​ព្រម​គ្នា ស្របពេល​បម្លាស់​ទី​ក៏​រហ័ស​ទៀតផង​។ 
 
Rodtang បាន​ថ្លែង​អំពី​ជំនួប​កន្លងទៅ​ថា​៖«​ខ្ញុំ​គិតថា Haggerty ឈ្នះ​ទឹក​ទី​១ និង ទី​២​។ ខ្ញុំ​ឈ្នះ​ទឹក​ទី​៣ និង ទទួលបាន​ពិន្ទុ ១០-៨ នៅ​ទឹក​ទី​៤ ព្រោះ​ខ្ញុំ​បាន​ម៉ាត់​រូបគេ​ឲ្យ​ដួល​លើ​ក្តារ​រេញ​។ ប៉ុន្តែ​វា​មិន​ស៊ីសង​គ្នា​ប៉ុន្មាន​ទេ​នៅ​ទឹក​ទី​៥»​។ 
 
Haggerty បានទទួល​ស្គាល់​បរាជ័យ​ប៉ុន្តែ​រូបគេ​គិតថា​ខ្លួន​ឈ្នះ​ចំនួន ៣​ទឹក​។ ហើយ​រឿងរ៉ាវ​មិន​អស់ចិត្ត​នេះ​ទើប គណៈកម្មការ​ចាប់​គូ​ឲ្យ​ប្រកួត​សងសឹក​សាជាថ្មី​។ «The Iron Man» ក៏បាន​ដឹងថា​គូប្រជែង​ខ្សែក្រវាត់​មកពី​ចក្រភព​អង់គ្លេស អាចធ្វើ​ឲ្យ​រូបគេ​មាន​បញ្ហា​ច្រើន​នៅពេល​ប្រកួត និង​មិន​ងាយ​ឲ្យ​ស៊ី​ស្រួលៗ​នោះឡើយ​។ ប៉ុន្តែ Rodtang រំពឹងថា គេ​អាចធ្វើ​ឲ្យ  Haggerty ចុកចាប់​ជាថ្មី​។ ពេលនេះ Rodtang បានដាក់​គោលដៅ​ប្រកួត​ឲ្យ​ល្អ​បំផុត និង ផ្ដល់​ឲ្យ​អ្នកគាំទ្រ​ចំពោះ​ការ​ហ៊ោកញ្ជ្រៀវ​ពេញ​សង្វៀន​តែម្ដង​។ 
 
«​នៅ​ទឹក​ទី​១ ខ្ញុំ​នឹង​មើលឃើញ​ហើយ​ថា Haggerty ចង់​ប្រើ​ក្បាច់​អ្វី​។ ឬ ក៏​ប្រើ​ក្បាច់​ដូច​លើក​មុន​ដែរ​។ ខ្ញុំ​មិនអាច​ចេញ​ក្បាច់​ដៃ និង​ជើង​យឺត​នោះឡើយ ព្រោះ​គេ​អាច​ផ្ដួល​ខ្ញុំ​បាន​។  ក្រៅពីនោះ​ខ្ញុំ​ដើរចូល​ដោយ​គឃ្លើន និង លឿនៗ​។ Haggerty មិនអាច​ទ្រាំ​នឹង​ការ​ទាត់​ចំ​ដងខ្លួន​របស់ខ្ញុំ​ទេ​។ នោះ​ជា​ចំណុចខ្សោយ​របស់គេ​»​។ Rodtang ពន្យល់​បែបនេះ​។ 
 
​កីឡាករ​ថៃ​វ័យ ២២ ឆ្នាំ​គូសបញ្ជាក់ថា​៖«​កណ្ដាប់ដៃ​របស់ខ្ញុំ នឹង​ផ្ដួល​រូបគេ​ឲ្យ​សន្លប់​មិន​ខាន​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​ឱកាស​លើស​ង្វៀន​។ ខ្ញុំ​មាន​ទំនុកចិត្ត តែ​មិនត្រូវ​ធ្វេសប្រហែស​នោះឡើយ​។ ហើយ​ខ្ញុំ​រង់ចាំ​ដល់​ថ្ងៃទី ១០ មករា ចាំ​មើលថា​ត្រូវ​ផ្ដួល Haggerty ដោយ​វិធី​ណា​»​។ 
 
Rodtang កំពុង​រង់ចាំ​យ៉ាង​អន្ទះអន្ទែង​ព្រោះ​វា​ជាការ​ប្រកួត ONE Super Series World Title លើកដំបូង​នៅ​ទឹកដី​កំណើត​របស់ខ្លួន​។ 
 
 
Rodtang ឈ្នះ​ខ្សែក្រវាត់​កាល​ខែ សីហា​នៅ​ហ្វីលីពីន មុនពេល​ការពារ ខ្សែក្រវាត់​បានសម្រេច លើកដំបូង​កាល​ខែតុលា​។ ប៉ុន្តែ​ពេលនេះ​ខុសពី​លើក​មុន​ព្រោះ​វា​ជា​ឱកាស​ប្រកួត​នៅមុខ​ជនរួមជាតិ​យ៉ាង​កុះករ​។  «​ខ្ញុំ​សប្បាយចិត្ត​ពេល​ការប្រកួត​នេះ​នៅ​ប្រទេស​ថៃ ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្ញុំ​។ ខ្ញុំ​មាន​ម៉ាក់​ប៉ា​របស់ខ្ញុំ​ទៅ​ទស្សនា​ដែរ​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​»​។ Rodtang គូសបញ្ជាក់​បែបនេះ​។ 
 
​អ្នកគាំទ្រ​ភាគច្រើន​នៅ​សង្វៀន Impact Arena នឹង​អបអរសាទរ​កាន់ជើង​កីឡាករ​វ័យ​២២​ឆ្នាំ​មកពី​ខេត្ត Phatthalung រួមបញ្ចូល​ទាំង​អ្នកគាំទ្រ​ដែល​ស្រលាញ់ និង អ្នកគាំទ្រ​ផ្ទាល់ខ្លួន​របស់​រូបគេ​ផង​។ 
 
«​ក្នុងនោះ​ខ្ញុំ​ប្រហែល​មានកូន​ឡាន​ដឹក​អ្នកដំណើរ​លើសពី​ពីរ​គ្រឿង​សម្រាប់​ដឹក​គ្រួសារ​របស់ខ្ញុំ រួមទាំង​អ្នក​មកពី​ក្លិប​ផង​។ វា​ជា​លើកដំបូង​ដែល​ឳ​ពុក​ម្ដាយ​ខ្ញុំ ឃើញ​ខ្ញុំ​ប្រកួត​ដោយផ្ទាល់​»​។ 
 

 
​នេះ​ជា​ជំនួប​លើក​ទី​២​របស់ Rodtang ទល់នឹង Haggerty តែមាន​ការលើកទឹកចិត្ត​ពី​សំណាក់​គ្រួសារ​នៅ​ប្រទេស​ថៃ​។ កីឡា​ករលេខ​១​ក្នុង​ទម្ងន់​របស់ខ្លួន ដាក់ចិត្ត​ដាក់​កាយ​ការពារ​ខ្សែក្រវាត់​ឲ្យ​ខាងតែបាន​នៅមុខ​ទស្សនិកជន​រាប់ពាន់នាក់​។ Rodtang សង្កត់ធ្ងន់ថា​៖«​អ្នក​រាល់គ្នា​ចង់បាន​ខ្សែក្រវាត់ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​ដើម្បី ឈ្នះ​ទេ​។ គូប្រជែង​កាន់តែ​លំបាក​, និង ល្អៗ តែ​ខ្ញុំ​ក៏ត្រូវ​តែ​ល្អ​ជាង​រូបគេ​ដែរ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com