អន្តរជាតិ
អ្នកវិភាគ​នានា​រំពឹងថា នឹង​គ្មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ​
09, Jan 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ អ្នកចូលរួមក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qassem Soleimani ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោអា​សហរដ្ឋអាមេរិក នៅក្រុង Kerman ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកចូលរួមក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qassem Soleimani ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោអា​សហរដ្ឋអាមេរិក នៅក្រុង Kerman ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកវិភាគ​នយោបាយ​អាមេរិកាំង​នានា​មិន​រំពឹងថា ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ីរ៉ង់​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ទេ​។ ពលរដ្ឋ​អ៊ឺ​រ៉ង់​កំពុង​កាន់ទុក្ខ​ការស្លាប់​របស់​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ដោយ​យោ​អា​សហរដ្ឋអាមេរិក​។​

 
​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កាត់​បន្ថយអំណាច​ធ្វើសង្គ្រាម​របស់​ប្រធានាធិបតី ប៉ុន្តែ​សមាជិកសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ជំទាស់​។ ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​បានចេញ​ធ្វើបាតុកម្ម​តាមផ្លូវ​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដើម្បី​បង្ហាញ​ជំហរ​របស់​ពួកគេ​ប្រឆាំងនឹង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។​
 
​គ្រា​ដែល​ពលរដ្ឋ​អាមេរិកាំង​នានា​ធ្វើបាតុកម្ម​បង្ហាញ​ការប្រឆាំង​របស់​ពួកគេ​ចំពោះ​សង្គ្រាម​ផ្សេង​មួយទៀត​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ពលរដ្ឋ​អ៊ីរ៉ង់​កំពុងកាន់​ទុក្ខ​ការស្លាប់​របស់​ឧ​ត្ត​ម​សេនីយ៍​កំពូល​របស់​ពួកគេ​។​
 
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​សច្ចា​ថា​នឹង​សងសឹក​វិញ ហើយ​ចំណែកឯ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​វិញ​បាន​ព្រមាន​ប្រឆាំងនឹង​ការសង​សឹក​របស់​អ៊ីរ៉ង់ ដោយបាន​ប្រកាសថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ឆ្លើយតប​វិញ​តាមរយៈ​ការវាយប្រហារ​ទៅលើ​ទីតាំង​វប្បធម៌​សំខាន់ៗ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​
 
​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ព្រួយបារម្ភ​អំពី​ការបង្កើន​ភាព​តានតឹង​របស់លោក Trump ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់ និង​បាន​និយាយថា​រដ្ឋសភា​នឹង​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ​នៅ​សប្តាហ៍​នេះ ដើម្បី​កម្រិត​លទ្ធភាព​របស់លោក Trump ក្នុងការ​ចាត់វិធានកា​រណ៍​យោធា ប្រឆាំងនឹង​អ៊ីរ៉ង់​ដោយ​គ្មាន​ការអនុម័ត​ពីស​ភា​។​
 
​លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ព្រឹទ្ធសភា​បាន​ថ្លែងថា​៖
«​ក្នុងស្ថានភាព​ដូច​ពេល​ឥឡូវនេះ សភា​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ លើ​ប្រធានាធិបតី​និង​ប្រើប្រាស់​តួនាទី​របស់​យើង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាក់ទិន​នឹង​រឿង​សង្គ្រាម​និង​សន្តិភាព​»​។​
 
​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ចំណាត់ការ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថា​ធ្វើការ​ដើម្បី​ប្រយោជន៍​គណបក្ស​ជាជាង​ប្រយោជន៍​របស់​ប្រទេស​។​
 
​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​បាន​ថ្លែងថា​៖
«​ហេតុអ្វី​បានជា​យើង​មិន​រង់ចាំ​រហូតដល់​យើង​ដឹង​ពី​ការពិត​សិន​ទៅ​? ហេតុអ្វី​បានជា​យើង​មិនអាច​បញ្ឈប់​ការខ្វែងគំនិត​គ្នា ហើយ​មក​រួបរួម​ជាតិ​ឲ្យ​បាន​៥​នាទី​សិន​ទៅ​? គ្រាន់តែ​៥​នាទី​ប៉ុណ្ណោះ មុននឹង​យើង​ត្រឡប់​ទៅ​ប្រកាន់​ជំហរ​របស់​គណបក្ស​វិញ​»​។​
 
​ក៏ប៉ុន្តែ​អ្នកវិភាគ​នានា​និយាយថា សង្គ្រាម​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ទំនងជា​មិនអាច​កើតឡើង​នោះទេ បើទោះបី​ជាមាន​វោហា​សាស្ត្រ​ខឹង​ដាក់គ្នា​ក៏ដោយ​។ លោក Michael Rubin នៃ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង American Enterprise Institute បាន​ថ្លែងថា​៖ «​គ្មាន​សញ្ញា​បង្ហាញ​ពី​ការចង់​ធ្វើសង្គ្រាម​នៅក្នុង​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ សហរដ្ឋអាមេរិក​ជឿថា​ប្រសិនបើ​ពួកគេ​មិន​ធ្វើ​អ្វី​សោះ​ចំពោះ​ការធ្វើ​វាយប្រហារ​ដែល​តែងតែ​កើត​ឡើងលើ​ស្ថានទូត​និង​ស្ថាប័ន​សហរដ្ឋអាមេរិក​ទេនោះ ការវាយប្រហារ​បែប​នោះ​នឹង​នៅតែ​បន្ត​កើតឡើង​ទៅលើ​ពួកគេ​។ ដូច្នេះ​វា​ហាក់ដូចជា​គ្មាន​សញ្ញា​បង្ហាញថា​នឹងមាន​ជម្លោះ​យោធា​នៅពេល​ឆាប់ៗ​នេះ​ទេ​»​។​
 
​បណ្តា​ប្រទេស​នានា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​តំបន់​របស់​ពួកគេ​ទេ​។ នេះ​បើ​យោងតាម​អ្នកវិភាគ​អ្នកស្រី Barbara Leaf​។​
 
​អ្នកស្រី Barbara Leaf​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​សម្រាប់​គោលនយោបាយ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែងថា​៖ «​ប្រទេស​អារ៉ាប់​រួម​និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ស្ងៀមស្ងាត់​មិន​និយាយស្តី​អ្វី​ទាំងអស់​។ ប៉ុន្តែ​អត្ថាធិប្បាយ​របស់​ពួកគេ​ជារួម​គឺ​និយាយថា វា​ជា​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​ភាព​តានតឹង​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ចំពោះ​បញ្ហា​ទាំងនេះហើយ​»​។​
 
​ស្របពេល​ជាមួយគ្នានេះ ក្រុមមន្ត្រី​អ៊ីរ៉ាក់​ហាក់ដូចជា ស្ទាក់ស្ទើរ​ក្នុងការ​អនុវត្តតាម​កា​រស​ម្រេច​របស់​សភាប​ណ្តេ​ញ​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​អ៊ីរ៉ាក់ បន្ទាប់ពី​លោក Trump​គំរាម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ាក់​។​
 
​លោក Michael Pregent នៃ​វិទ្យាស្ថាន Hudson​បាន​ថ្លែងថា​៖ «​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Adil Abdul Mahdi​មិនទាន់​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​ទេ​។ ភាគី​ខាង​ក្រុម​ឃឺ​ត​មិនបាន​ចូលរួម​ទេ​។ គណបក្ស​កណ្តាល​និយម​ជាច្រើន​ខាង​នី​កាយ Shia ក៏​មិន​ចូលរួម​ក្នុងការ​ស​ម្រ​ច​នេះដែរ​។ ហើយ​គណបក្ស​នានា​ខាង​និកាយ Sunni ក៏​មិន​ចូលរួម​ដែរ​។ ហើយ​មនុស្ស​មួយចំនួនទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ចូលរួម​ដោយ​កងជីវពល​នយោបាយ Shia ដ៏​ធំ​មួយ​ដែលមាន​ឈ្មោះថា​គណបក្ស Bina​។ ពួកគេ​បាន​បោះឆ្នោត​នៅក្នុង​សភា​។ មានតែ​ពួកគេ​ប៉ុណ្ណោះ​នៅក្នុង​សភា​។​
 
​លោក Mahdi បានប្រកាស​ចុះចេញ​ពី​តំណែង​កាលពី​ចុងខែ​វិច្ឆិកា បន្ទាប់ពី​មាន​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​លោក​នឹង​ចុះ​ពី​តំណែង​នៅពេល​រដ្ឋសភា​អនុម័ត​លើ​ការតែងតាំង​បេក្ខជន​ជំនួស​តំណែង​លោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com