អន្តរជាតិ
មន្ទីរ​ដែល​ខុសប្លែក​ពី​គេ​មួយ​នៅក្នុង​ទីក្រុង​ញូយ៉ក​ដែលមាន​សេវាកម្ម​ព័ត៌មាន​គ្រប់សព្វ​អំពី​ទីក្រុង​នេះ​
09, Jan 2020 , 7:59 pm        
រូបភាព
មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក (រូបទាញយកពីវេបសាយ)
មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក (រូបទាញយកពីវេបសាយ)
ដោយ: VOA
​បូរី​ញូវយ៉ក ៖ មនុស្ស​រាប់លាន​នាក់​បានមក​ទីក្រុង​ញូយ៉ក ដើម្បី​ស្វែងរក​ជីវិត​ដែល​ល្អប្រសើរ​ជាង​មុន ហើយ​ទីក្រុង​នេះ​បាន​សន្សំទុក​ដោយ​យកចិត្តទុកដាក់​នូវ​ព័ត៌មាន​ដែលមាន​ប្រយោជន៍​នានា​ជាច្រើន​។ មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក មាន​អ្វីៗ​ជាច្រើន​ចាប់តាំងពី​វីដេអូ រូបភាព ម៉ាស៊ីន​ពិនិត្យ​លិខិតឆ្លងដែន រូបថត​អគារ​នានា រហូតដល់​លិខិត​ឆ្លើយឆ្លង​គ្នា​របស់​អភិបាលក្រុង និង​លិខិត​មរណភាព​របស់​បុគ្គ​ល​ល្បីឈ្មោះ​ជាដើម​។​

 
​មនុស្ស​ជាច្រើន​ចូលចិត្ត​ទីក្រុង​ញូយ៉ក ដោយសារតែ​ភាព​មមាញឹក ភាពរស់រវើក​សោភ័ណភាព​និង​ឱកាស​ដែលមាន​នៅក្នុង​ទីក្រុង​នេះ​។ ទីក្រុង​នេះ បាន​យកចិត្តទុកដាក់​ក្នុងការ​កត់ត្រា​អំពី​ព្រឹត្តិការណ៍​នានា ហើយ​បាន​តម្កល់ទុក​នៅក្នុង​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​។​
 
​នៅក្នុង​មន្ទីរ​នេះ មាន​ទូដែក​សុវត្ថិភាព​ចំណាស់​ដ៏​ធំ​មួយ ដែលមាន​កំណត់ត្រា​ដំបូង​គេ​នៃ​ការផ្តល់​សញ្ជាតិ​ជា​លើកទីមួយ​នៅក្នុង​ទីក្រុង​ញូយ៉ក ដល់​ជន​អន្តោ​ប្រវេ​សន្ត​ទាំងស្រី​ទាំងប្រុស គ្រប់​ជាតិ​សាសន៍ និង​ពណ៌​សម្បុរ​។​
 
​លោក Michael Lorenzini ជា​អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​។ លោក​ថ្លែងថា​៖
 
«​ពលរដ្ឋ​កាន់សាសនា​ជ្វី​ស​មួយចំនួន បានដាក់​ពាក្យសុំ​សញ្ជាតិ តែ​ត្រូវបាន​បដិសេធ​។ ពួកគេ​ត្រូវបាន​ប្រាប់​ឲ្យ​ដាក់​ញ្ញត្តិ បើសិនជា ពួកគេ​គិតថា ការបដិសេធ​នោះ ជា​រឿង​អយុត្តិធម៌​។ ពួកគេ​បានដាក់​ញ្ញត្តិ ហើយ​ជាក់ស្តែង ពួកគេ​បានដាក់​ញ្ញត្តិ​នោះ​រហូត​ទៅដល់​ទីក្រុង​Amsterdam​វិញ​។ នាយក​នៃ​ក្រុមហ៊ុន Dutch West India និយាយថា «​ទេ បើ​ពួកគេ​ទៅ​ទីនោះ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ហើយ​មាន​សញ្ជាតិ​នោះ ពួកគេ​គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្លាយជា​ពលរដ្ឋ​មាន​សញ្ជាតិ​អាមេរិក​»»​។​
 
​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ ទើបតែ​ត្រូវបាន​ស្ថាបនា​ឡើង​កាលពី​៤​ទសវត្សរ៍​មុននេះ​ប៉ុណ្ណោះ ក៏ប៉ុន្តែ មន្ទីរ​នេះ បានបង្ហាញ​ឲ្យ​ឃើញថា វា​ជា​មន្ទីរ​ដែល​ខុសប្លែក​ពី​គេ គ្មាន​ទីក្រុង​ណា​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក​នេះ មាន​មន្ទីរ​ដូចនេះ​ឡើយ​។​
 
​នៅក្នុង​បន្ទប់​ងងឹត គេ​កំពុង​ផ្តិត​ហ្វីល​រូបថត​ជាង​៥​លាន​រូប ដែល​ត្រូវបាន​ថត​តាំង​ពីមុន​សម័យ​មាន​ផែនទី​ឌីជីថល​របស់​ក្រុមហ៊ុន​Google ទៅទៀត​។ ក្រសួង​ហិរញ្ញវត្ថុ បាន​ថតរូប គ្រប់​អាគារ​ទាំងអស់​ដែល​អាច​យកពន្ធ​បាន​នៅក្នុង​ទីក្រុង​ញូយ៉ក​។​
 
​រូប​ទាំងនោះ​រួមទាំង​រូប​អាគារ​អា​ប៉ា​តឺ​ម៉​ង់​មួយ​ប្លុកៗ រូប​អតីត​អភិបាលក្រុង​ដែល​បានទទួល​មរណៈភាព​ហើយ គឺ​លោក Ed Koch កំពុង​ជិះរទេះ​ភ្លើង​ក្រោម​ដី ហើយនឹង​រូប​នៅក្នុង​អា​ប៉ា​តឺ​ម៉​ង់រ​បស់​តារាភាពយន្ត គឺ​លោក Andy Warhol ផងដែរ​។ ក្រៅពីនេះ ក៏មាន​ទៅដោយ​បណ្តុំ​ផ្ទាំង​រូប​ធំៗ​នៃ​រូបភាព​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ញូយ៉ក​នោះ​ផងដែរ​។​
 
​លោក Matt Minor ជា​អ្នក​ថតរូប​ប​ណ្ណា​សារ​ក្រុង​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ​។ លោក​ថ្លែងថា​៖
 
«​អ្វីដែល​ប្លែក​ជាងគេ​ដែល​ខ្ញុំ​ត្រូវ​ថត​នោះ គឺ​រូប​វ៉ា​លី​ស​មួយ​ដែល​វា​ជាវ​ត្ថុ​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ជុំនុំ​ជម្រះក្តី​សម្លាប់​ក្រុមអ្នកលេង​ម៉ា​ហ្វៀ​នៅក្នុង​ទសវត្សរ៍​១៩២០ ដែល​នៅក្នុង​វ៉ា​លី​ស​នោះ មាន​កម្រាលពូក​ប្រឡាក់​ដោយ​ឈាម នៅពេលដែល​គេ​យក​សាកសព​ទៅ​បោះបង់ចោល​»​។​
 
​ក៏ប៉ុន្តែ សម្រាប់​លោក Kenneth Cobb ដែលជា​មន្ត្រី​ទទួលបន្ទុក​ខាង​កំណត់ត្រា​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ ឯកសារ​សំណុំ​រឿងក្តី​ឧក្រិដ្ឋកម្ម​រាប់លាន គឺ​មិនមែន​គ្រាន់តែ​ជា​ក្រដាស​សាមញ្ញ​នោះទេ វា​គឺជា​រឿងរ៉ាវ ប្រវត្តិ​របស់​គ្រួសារ និង​សោកនាដកម្ម​របស់​មនុស្ស​ពិតៗ ហើយ​វា​ក៏​ផ្ទុក​ទៅដោយ​ប្រវត្តិសាស្ត្រ​ផងដែរ​។ លោក Kenneth Cobb ថ្លែងថា​៖
 
«​លោក Mosses Rossen ត្រូវបាន​កាត់ទោស​ដោយ​សារ លោក​បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ក្នុង​គ្រា​ដែល​លោក​នៅ​រៀបការ​ជាមួយ​ប្រពន្ធ​មុន​។ ក្រោយមក​យើង​ដឹងថា មនុស្ស​គ្រប់គ្នា​ក្នុង​រឿង​នោះ ជា​ជនជាតិ​រុស្ស៊ី​»​។​
 
​នៅក្នុង​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ មាន​លិខិត​ឆ្លើយឆ្លង​គ្នា​រវាង​អភិបាលក្រុង លិខិត​កំណើត ឯកសារ​ពាណិជ្ជកម្ម ករណី​ដែល​ពាក់ព័ន្ធ​នឹង​ការស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០០១ ហើយនឹង​សូម្បីតែ​រឿង​អាថ៌កំបាំង ដែលមាន​ចំណងជើង​ថា «Bodies in Transit» ដែល​ត្រូវបាន​ប្រមូលផ្តុំ​ឡើង​តាំងពី ១៦០ ឆ្នាំមុន​។ ការចាប់ផ្តើម​ប្រមូលផ្តុំ​វត្ថុ​ទាំងនេះ ធ្វើឡើង​នៅពេលដែល​ពួកគេ​ត្រូវ​ស្វែងរក​ការដឹកជញ្ជូន​សាកសព​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើកទីមួយ ដើម្បី​កំចាត់​មេរោគ​មិន​ឲ្យ​រីក​រាលដាល​នៅក្នុង​ទីក្រុង​។​
 
​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ មាន​ព័ត៌មាន និង​ឯកសារ​ដែល​អាច​ប្រាប់​អំពី​ទីក្រុង​ញូយ៉ក បាន​ច្រើនជាង មនុស្ស​ណា​ម្នាក់​ប្រាប់​បាន​ទៅទៀត​។​
 
​លោក Kenneth Cobb បាន​ថ្លែងបន្តថា​៖
 
«​នៅ​ថ្ងៃទី​២៤ ខែមេសា នៅ​ឆ្នាំ​១៨៦៥​។ ឈ្មោះ​របស់​មនុស្ស​ស្លាប់ គឺ​លោក Abraham Lincoln​។ អាយុ ៥៦ ឆ្នាំ និង​២​ខែ​។ ទីកន្លែង​ស្លាប់ នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​។ នៅក្នុង​ក្រឡោ​ន​នេះ សរសេរថា លោក​ស្លាប់​ដោយសារ​ជម្ងឺ ក៏ប៉ុន្តែ ជាក់ស្តែង ការស្លាប់​របស់លោក គឺ​ដោយសារ​គេ​បាញ់សម្លាប់​។ បញ្ជី​ឈ្មោះ​មរណភាព​នេះ គឺ​ដូចគ្នា​ទាំងអស់ មិន​ថា​អ្នកនោះ​ជា ទា​ហ៊ាន ឬ ក៏​ប្រធានាធិបតី​នោះទេ នឹងដាក់​ឈ្មោះ​នៅទីនេះ ដូចៗ​គ្នា​»​។​
 
​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ បើក​ជូន​សាធារណៈជន​។ អ្នកណា​ក៏​អាចមក​ទីនេះ​មើល​បានដែរ​ថា​តើ​មាន​របស់​ច្រើន​ប៉ុណ្ណា និង​ក្នុង​គ្រា​តែមួយ​ក៏​អាច​ឃើញ​ផងដែរ​ថា ទីក្រុង​ញូយ៉ក ក៏​មិនបាន​ផ្លាស់ប្តូរ​ច្រើន​ប៉ុន្មាន​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​សតវត្សរ៍​មកនេះ​។​
 
​លោក Kenneth Cobb បាន​ថ្លែង​ទៀតថា​៖
 
«​មនុស្ស គឺ​អ៊ីចឹង​ហើយ គ្មានអ្វី​ផ្លាស់ប្តូរ​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com