អន្តរជាតិ
ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​៖​អ៊ីរ៉ង់​បដិសេធ​ប្រគល់​ប្រអប់​ខ្មៅ​ឲ្យ​អាមេរិក
09, Jan 2020 , 12:06 pm        
រូបភាព
បំណែកស្លាបយន្តហោះអ៊ុយក្រែនដែលធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃ ៨ មករា ២០២០ (AFP)
បំណែកស្លាបយន្តហោះអ៊ុយក្រែនដែលធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃ ៨ មករា ២០២០ (AFP)
ដោយ:
​អាជ្ញាធរ​អាកាសចរណ៍​អ៊ីរ៉ង់ បាន​បញ្ជាក់ថា ខ្លួន​នឹងមិន​ប្រគល់​ប្រអប់​ខ្មៅ​ដែល​បាន​រកឃើញ​ពី​យន្តហោះ​ដែល​បាន​ធ្លាក់​ខណៈ​ដឹក​មនុស្ស​១៧៦​នាក់ ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ឬ​សហរដ្ឋអាមេរិក​ឡើយ​។ កាលពី​ថ្ងៃ​៨ មករា យន្តហោះ​ប្រភេទ Boeing 737-800 របស់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ដាំ​ក្បាល​ចុះ​បុកដី​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន​របស់​ក្រុង​តេ​ហេ​រ៉ង់​។ ក្នុង​ហេតុការណ៍​នេះ គ្មាន​អ្នក​នៅ​រស់រានមានជីវិត​ឡើយ​។​

 
​ក្រោម​ច្បាប់​អាកាសចរណ៍​សាកល ប្រទេស​អ៊ីរ៉ង់​មាន​សិទ្ធិ​ដឹកនាំ​ការស៊ើបអង្កេត​។ ក៏ប៉ុន្តែ​ជាទូទៅ ក្រុមហ៊ុន​ផលិត​យន្តហោះ តែង​ចូលរួម​ក្នុង​រឿងនេះ ហើយ​អ្នកជំនាញ​ជាច្រើន អះអាងថា មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​សមត្ថភាព​វិភាគ​លើ​ទិន្នន័យ​ដែល​ថត​ទុក​ក្នុង​ប្រអប់​ខ្មៅ​នេះ​។ 
 
​តាម​ការចុះ​ការផ្សាយ​របស់​ទីភ្នាក់ងារ​ក្នុងស្រុក​អ៊ីរ៉ង់​មួយ​ឈ្មោះថា Mehr ប្រធាន​អង្គការ​អាកាសចរណ៍​ស៊ីវិល​របស់​អ៊ី​រីង់ (CAO) លោក Ali Abedzadeh នៅ​ថ្ងៃទី​៩ ខែមករា បញ្ជាក់ថា​៖«​យើង​នឹងមិន​ប្រគល់​ប្រអប់​ខ្មៅ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ (Boeing) និង (​អាជ្ញាធរ​) អាមេរិក​ឡើយ​»​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ នឹងត្រូវ​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​អាកាសចរណ៍រ​បស់​អ៊ីរ៉ង់ ប៉ុន្តែ​អាជ្ញាធរ​បរទេស ក៏​អាចមាន​វត្តមាន​ផងដែរ​។​
 
​បើតាម​ប្រភព​ដដែល លោក Abedzadeh លើកឡើង​ទៀតថា វា​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា ប្រទេស​ណា​ដែល​នឹង​វិភាគ​លើ​ប្រអប់​ខ្មៅ​នេះ​។ ទោះជា​បែបនេះ​ក្តី ក្រុមហ៊ុន​អាមេរិក Boeing បាន​អះអាងថា ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ផ្តល់ជំនួយ​បច្ចេកទេស​តាម​តម្រូវការ ខណៈ​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បញ្ជាក់ថា ប្រទេស​លោក រំពឹងថា​នឹង​រួមចំណែក​ក្នុងការ​ស៊ើបអង្កេត​នេះ ដ្បិតថា ជនជាតិ​កាណាដា ៦៣​នាក់ បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​។​
 
​ជាធម្មតា គណៈកម្មការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​អាមេរិក នឹង​ដើរតួនាទី​មួយ​ក្នុងការ​ស៊ើបអង្កេត​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ករណី​យន្តហោះ Boeing ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។ យ៉ាងណាមិញ គណៈកម្មការ​នេះ ទាមទារ​ការអនុញ្ញាត និង​ធ្វើ​សកម្មភាព​ដោយ​អនុលោម​តាមច្បាប់​នៃ​ប្រទេស​ពាក់ព័ន្ធ​។  
 
​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដែល​របាយការណ៍​បឋម​អះអាងថា «​ដោយសារ​បញ្ហា​បច្ចេកទេស​» នោះ កើតឡើង​ចំពេល​ភាព​តានតឹង​ខ្លាំង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក ហើយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​រដ្ឋាភិបាល​ក្រុង តេ​ហេ​រ៉ង់ បាន​បាញ់​ផ្លោង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​លើ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក ២ ក្នុងប្រទេស អ៊ីរ៉ាក់ ។ ខណៈ​នេះ វា​គ្មាន​ភស្តុតាង​ណាមួយ​ដែល​រកឃើញថា​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​ជាប់​ពាក់ព័ន្ធ​គ្នា​ឡើយ​។  បើតាម​សារព័ត៌មាន Mehr លោក Abedzadeh បកស្រាយ​ថា គ្មាន​អំពើ​ភេរវកម្ម​ណាមួយ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះឡើយ​។ 
 
​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​១៧៦ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុនេះ គឺមាន ជនជាតិ អ៊ីរ៉ង់ ៨២​នាក់​, កាណាដា ៦៣​នាក់​, អ៊ុយ​ក្រែ​ន ១១​នាក់ (៩​នាក់​ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​), ស៊ុយអែត ១០​នាក់​, អា​ហ្វ​ហ្គា​នី​ស្ថាន ៤​នាក់​, អាល្លឺម៉ង់ ៣ និង​ចក្រភព​អង់គ្លេស ៣​នាក់​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ១៥​នាក់ គឺជា​កូនក្មេង​។ ទាក់ទិន​ដំណឹង​អ្នកស្លាប់​ដែលជា​ពលរដ្ឋ​កាណាដា​នេះ លោកនាយក​រដ្ឋមន្ត្រី ទ្រូ​ដូ បកស្រាយ​ថា អ្នកដំណើរ ១៣៨ នាក់​ក្នុង​ជើងហោះហើរ​នេះ បាន​ស្ថិតនៅ​តាមផ្លូវ​ទៅកាន់​ប្រទេស​កាណ​ដា​តាម​រដ្ឋធានី កៀវ របស់​អ៊ុយ​ក្រែ​ន​៕

Tag:
 អ៊ីរ៉ង់​
  អ៊ុយ​ក្រែ​ន​
  សហរដ្ឋអាមេរិក​
  ធ្លាក់​យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com