អាជ្ញាធរអាកាសចរណ៍អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅដែលបានរកឃើញពីយន្តហោះដែលបានធ្លាក់ខណៈដឹកមនុស្ស១៧៦នាក់ ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ឬសហរដ្ឋអាមេរិកឡើយ។ កាលពីថ្ងៃ៨ មករា យន្តហោះប្រភេទ Boeing 737-800 របស់ប្រទេសអ៊ុយក្រែន បានដាំក្បាលចុះបុកដីប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងពីអាកាសយានដ្ឋានរបស់ក្រុងតេហេរ៉ង់។ ក្នុងហេតុការណ៍នេះ គ្មានអ្នកនៅរស់រានមានជីវិតឡើយ។
ក្រោមច្បាប់អាកាសចរណ៍សាកល ប្រទេសអ៊ីរ៉ង់មានសិទ្ធិដឹកនាំការស៊ើបអង្កេត។ ក៏ប៉ុន្តែជាទូទៅ ក្រុមហ៊ុនផលិតយន្តហោះ តែងចូលរួមក្នុងរឿងនេះ ហើយអ្នកជំនាញជាច្រើន អះអាងថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលសមត្ថភាពវិភាគលើទិន្នន័យដែលថតទុកក្នុងប្រអប់ខ្មៅនេះ។
តាមការចុះការផ្សាយរបស់ទីភ្នាក់ងារក្នុងស្រុកអ៊ីរ៉ង់មួយឈ្មោះថា Mehr ប្រធានអង្គការអាកាសចរណ៍ស៊ីវិលរបស់អ៊ីរីង់ (CAO) លោក Ali Abedzadeh នៅថ្ងៃទី៩ ខែមករា បញ្ជាក់ថា៖«យើងនឹងមិនប្រគល់ប្រអប់ខ្មៅដល់ក្រុមហ៊ុនផលិតយន្តហោះ (Boeing) និង (អាជ្ញាធរ) អាមេរិកឡើយ»។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ នឹងត្រូវស៊ើបអង្កេតដោយអាជ្ញាធរអាកាសចរណ៍របស់អ៊ីរ៉ង់ ប៉ុន្តែអាជ្ញាធរបរទេស ក៏អាចមានវត្តមានផងដែរ។
បើតាមប្រភពដដែល លោក Abedzadeh លើកឡើងទៀតថា វាមិនទាន់ប្រាកដនៅឡើយទេថា ប្រទេសណាដែលនឹងវិភាគលើប្រអប់ខ្មៅនេះ។ ទោះជាបែបនេះក្តី ក្រុមហ៊ុនអាមេរិក Boeing បានអះអាងថា ខ្លួនត្រៀមលក្ខណៈរួចរាល់ដើម្បីផ្តល់ជំនួយបច្ចេកទេសតាមតម្រូវការ ខណៈនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បញ្ជាក់ថា ប្រទេសលោក រំពឹងថានឹងរួមចំណែកក្នុងការស៊ើបអង្កេតនេះ ដ្បិតថា ជនជាតិកាណាដា ៦៣នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍នេះ។
ជាធម្មតា គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក នឹងដើរតួនាទីមួយក្នុងការស៊ើបអង្កេតអន្តរជាតិ ពាក់ព័ន្ធនឹងករណីយន្តហោះ Boeing ដែលផលិតដោយក្រុមហ៊ុនអាមេរិក។ យ៉ាងណាមិញ គណៈកម្មការនេះ ទាមទារការអនុញ្ញាត និងធ្វើសកម្មភាពដោយអនុលោមតាមច្បាប់នៃប្រទេសពាក់ព័ន្ធ។
ហេតុការណ៍ធ្លាក់យន្តហោះដែលរបាយការណ៍បឋមអះអាងថា «ដោយសារបញ្ហាបច្ចេកទេស» នោះ កើតឡើងចំពេលភាពតានតឹងខ្លាំងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយរដ្ឋាភិបាលក្រុង តេហេរ៉ង់ បានបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាកាសអាមេរិក ២ ក្នុងប្រទេស អ៊ីរ៉ាក់ ។ ខណៈនេះ វាគ្មានភស្តុតាងណាមួយដែលរកឃើញថាព្រឹត្តិការណ៍ទាំងពីរនេះជាប់ពាក់ព័ន្ធគ្នាឡើយ។ បើតាមសារព័ត៌មាន Mehr លោក Abedzadeh បកស្រាយថា គ្មានអំពើភេរវកម្មណាមួយពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ។
ក្នុងចំណោមជនរងគ្រោះទាំង១៧៦ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ គឺមាន ជនជាតិ អ៊ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់ (៩នាក់ជាអ្នកបម្រើការលើយន្តហោះ), ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ៤នាក់, អាល្លឺម៉ង់ ៣ និងចក្រភពអង់គ្លេស ៣នាក់។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បញ្ជាក់បែបនេះ ដោយបន្ថែមថា ១៥នាក់ គឺជាកូនក្មេង។ ទាក់ទិនដំណឹងអ្នកស្លាប់ដែលជាពលរដ្ឋកាណាដានេះ លោកនាយករដ្ឋមន្ត្រី ទ្រូដូ បកស្រាយថា អ្នកដំណើរ ១៣៨ នាក់ក្នុងជើងហោះហើរនេះ បានស្ថិតនៅតាមផ្លូវទៅកាន់ប្រទេសកាណដាតាមរដ្ឋធានី កៀវ របស់អ៊ុយក្រែន៕