កីឡាជាតិ
ជាតិ
កីឡាករ ឃួន ឡា​បូ​រ៉ាវី បញ្ចប់​អាជីព​ជា​កីឡាករ ក្នុង​វ័យ​៣១​ឆ្នាំ​
09, Jan 2020 , 4:57 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​បឹងកេត ឃួន ឡា​បូ​រ៉ាវី បានប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្នុង​វ័យ​៣១​ឆ្នាំ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​បឹងកេត​។

 
​ក្រោយ​ប្រឡូក​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​ជាង​១០​ឆ្នាំ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ កីឡាករ ឃួន ឡា​បូ​រ៉ាវី ដែលមាន​វ័យ​ត្រឹមតែ​៣១​ឆ្នាំ បានសម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ខ្សែ​ប្រ​យុ​ទ្ទ​ក្លិប​បឹងកេត​រូបនេះ​ឡើយ​។​
 
​តែ​យ៉ាងណា​កីឡាករ​មកពី​ខេត្តកំពង់ចាម ដែល​ប្រកប​អាជីព​បាល់ទាត់​តាំងពី​ឆ្នាំ​២០០៨​រូបនេះ ទំនងជា​មិន​ចាក​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​នោះទេ ព្រោះ​កន្លងមក ឡា​បូ​រ៉ាវី ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបគេ​នឹង​ទៅធ្វើជា​គ្រូបង្វឹក​យុវជន​ថ្នាល ក្រោម​ដំបូល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​ឡា​បូ​រ៉ាវី បាន​ចូលប្រឡូក​ក្នុង​ក្លិប​បាល់ទាត់​អាជីព​ដំបូង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៤​។ ក្រោយ​រួមរស់​បាន​ប្រមាណ​៦​ឆ្នាំ កីឡាករ​រូបនេះ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​នៅ​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៨​។ ក្នុងអំឡុងពេល​រួមរស់​ជាមួយ​បឹងកេត រ៉ាវី បាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​លី​គ​កំពូល​ចំនួន​ពីរលើក​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ 
 
​នៅ​ដើមឆ្នាំ​២០១៨ ខ្សែប្រយុទ្ធ​រូបនេះ បាន​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ជា​លើកដំបូង ដោយ​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​លំដាប់​ទី​៤​ថៃ Surat Thani​។ ប៉ុន្តែ​ការចេញ​ទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​នេះ រ៉ាវី មិន​ទទួលបាន​ជោគជ័យ​នោះទេ ដោយ​រូបគេ​បាន​ជាមួយ​ក្លិប​នេះ​វិញ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។ បន្ទាប់មក​កីឡាករ​រូបនេះ ក៏​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​សាជាថ្មី​រហូត​បំណាច់​រដូវ​កាល​ឆ្នាំ​២០១៩៕ 



Tag:
 បាល់ទាត់​
  ឃួន ឡា​បូ​រ៉ាវី​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com