អ្នករត់​ជាង​១​ពាន់​នាក់​មកពី​៤៤​ប្រទេស បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​
កីឡាជាតិ
ជាតិ
អ្នករត់​ជាង​១​ពាន់​នាក់​មកពី​៤៤​ប្រទេស បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​
10, Jan 2020 , 7:59 am        
រូបភាព
លោក​ វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ, រូបភាពពី Cambodia SEA Games
លោក​ វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ, រូបភាពពី Cambodia SEA Games
​គិត​ត្រឹម​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​មកពី​៤៤​ប្រទេស​ហើយ បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-១៩ ខែមករា ឆ្នាំ​២០២០​។ អ្វីដែល​គួរ​ឲ្យ​រំភើប​នៅ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​កម្ពុជា​ចំនួន​៣​រូប​បាន​ចុះឈ្មោះ​រត់​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​។ ក្រៅពី​ស្វែងរក​មូលនិធិ​សប្បុរសធម៌ ទិវា​រត់ប្រណាំង​នេះ ក៏​ធ្វើ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​រួមចំណែក​ការពារ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​ផងដែរ​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ចា​ក់ថា មាន​អត្ត​ព​លិ​ក​ចំនួន​១,៣០០​នាក់​ហើយ​បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail នៅ​តំបន់​អង្គរ​។ ចំនួន​នេះ​មានការ​កើនឡើង​១០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ប្រមាណ​១​ពាន់​នាក់​។ តែ​យ៉ាងណា​ចំនួន​នេះ​អាចមាន​ការប្រែប្រួល ព្រោះ​ការចុះឈ្មោះ​នឹង​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​។ 
 
​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនេះ មាន​ជនបរទេស​ជាង​៧០០​នាក់ ដោយ​ពួកគេ​មកពី​៤៤​ប្រទេស ខណៈដែល​បារាំង​ឈរ​លំដាប់​ទី​១​មាន​អ្នកចូលរួម​ច្រើនជាងគេ ដែល​តាម​ពីក្រោយ​ដោយ​កម្ពុជា អង់គ្លេស និង​កូរ៉េខាងត្បូង​។ ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម ធ្វើ​ឲ្យ​គណៈកម្មការ ក៏ត្រូវ​បង្កើន​ការរៀបចំ​របស់ខ្លួន​ឲ្យ​កាន់​តែមាន​គុណភាព​ផងដែរ​។ 


សកម្មភាពរត់ប្រណាំង Angkor Ultra Trail កាលពីឆ្នាំមុខ, រូបភាពពី Cambodia SEA Games
 
​ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ និង​ព្រៃ​ប្រឹក្សា​វ​តាវ​ល្លិ៍​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ កីឡាករ​ជាតិ​និង​អន្តរជាតិ​អាច​ទស្សនា​ទេសភាព​តាម​វាលស្រែ និង​ដងភ្នំ​ផងដែរ​។ ដ្បិត​ពួកគេ​ត្រូវ​រត់​ឆ្លងកាត់​វាលស្រែ ភ្នំ និង​ភូមិ​ឃុំ ដែលជា​មួលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លើសពីនេះ​ការចូលរួម​របស់​ពួកគេ ក៏​ជាការ​រួមចំណែក​ក្នុង​អំពើ​មនុស្សធម៌​ផងដែរ​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ Angkor Ultra Trail រៀបចំឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ប្រមូល​មូលនិធិ​ជួយ​អង្គការ​សប្បុរសធម៌ និង​ការពារ​បរិស្ថាន​ក្នុង​បរិវេណ​អង្គរ​ជាដើម​។ 
 
«​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន​នៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​របស់​យើង និង​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅប្រទេស​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​អង្គរ​។ មួយវិញទៀត គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​ព្រឹត្តិការណ៍​កីឡាករ​ទេសចរណ៍​នៅក្នុង​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជា​យើង គឺ​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។  
 
​ក្រៅពី​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។ ជា​បទពិសោធ​ទាំង​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ភាគច្រើន​តែងតែ​មក​ជាល​ក្ខ​ណៈ​គ្រួសារ មិត្តភក្តិ និង​ក្រុមការងារ ហើយ​ពួកគេ​អាច​ស្នាក់នៅ​ខេត្តសៀមរាប​លើសពី​ពីរ​ថ្ងៃ ឬ​អាច​ឈានដល់​មួយ​សប្តាហ៍​។​
 
​ដូច​៤​លើក​មុនៗ​ដែរ ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី​៥​នេះ មាន​៥​វិញ្ញាសា គឺ​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង​២៣​គីឡូម៉ែត្រ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ​២០១៩ ដោយ​ឆ្នាំនេះ​ចេញដំណើរ​នៅ​ម៉ោង​៤​ទៀបភ្លឺ ខណៈ​ឆ្នាំមុន​ចេញដំណើរ​នៅ​ម៉ោង​១២​យប់​។ 
 
​បើតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាងលើ​ការផ្លាស់ប្តូរ​ពេលវេលា​ចេញដំណើរ​នេះ ព្រោះ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​។ ការធ្វើ​ដូច្នេះ ក៏​ជួយ​កាត់បន្ថយ​ភាព​អត់​ង​ងុ​តរបស់​អ្នករត់ និង​ក្រុមការងារ​រៀបចំ និង​កងកម្លាំង​សន្តិសុខ​ផងដែរ​។ ក្រៅពី​ខេត្តសៀមរាប គណៈកម្មការ​រៀបចំ​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​នេះ នៅតាម​ខេត្ត​ផ្សេងៗ​ជាពិសេស​ខេត្ត​នៅ​ភូមិភាគ​ឦសាន​ដូចជា​រតនគិរី និង​មណ្ឌលគិរី​ជាដើម​៕ 


សកម្មភាពរត់ប្រណាំង Angkor Ultra Trail កាលពីឆ្នាំមុខ, រូបភាពពី Cambodia SEA Games


Tag:
 ​រត់ប្រណាំង​
  Angkor Ultra Trail
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com