អន្តរជាតិ
ប្រទេសជិតខាង​អ៊ីរ៉ង់​ណាខ្លះ ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​?
09, Jan 2020 , 9:59 pm        
រូបភាព
​មជ្ឈិមបូព៌ា ជាទី​តាំង​មួយ​ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​តំបន់​ដទៃទៀត​។ កងទ័ព​អាមេរិក​រាប់សិប​ពាន់​នាក់ ត្រូវបាន​ពង្រាយ​ជា​អចិន្ត្រៃយ៍​នៅក្នុង​តំបន់​នេះ និង​ប្រទេស​នៅក្បែរ​ខាង​។ អាមេរិក​ថែមទាំង​បង្កើត​ទីបញ្ជាការ​យោធា​មួយ​ប្រចាំ​មជ្ឈិមបូព៌ា​ទៀតផង​។ ខណៈ​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​កំពុង​ក្ដៅគគុក​នោះ កងទ័ព​អាមេរិក​ក្នុង​តំបន់ ជា​ទ័ព​ជួរមុខ ប្រសិនបើ​មាន​ជម្លោះ​ពេញបន្ទុក​មែន​នោះ​។​

 
​បច្ចុប្បន្ន អ៊ីរ៉ង់ សឹងតែ​ហ៊ុមព័ទ្ធ​ទៅដោយ​បន្ទាយទ័ព​អាមេរិក​ទៅហើយ​។ មជ្ឈិមបូព៌ា ដែលជា​តំបន់​មាន​បញ្ហា​ប្រឈម​ផ្នែក​អសន្តិសុខ​នោះ មាន​មូលដ្ឋានទ័ព​អាមេរិក​រាប់សិប​កន្លែង ជាមួយនឹង​កងទ័ព​ចន្លោះ​ពី​៥​ម៉ឺន​នាក់​ទៅ​៦​ម៉ឺន​នាក់​ឯណោះ​។ ប្រតិបត្តិការ​យោធា​នៅ​ទូទាំង​មជ្ឈិមបូព៌ា ស្ថិតក្រោម​ការបញ្ជា​រប​ស់​ទីបញ្ជាការ​តំបន់​កណ្ដាល ដែល​ជាទី​បញ្ជា​មួយ​ក្នុងចំណោម​ទីបញ្ជាការ​ទាំង​៧ របស់​អាមេរិក​នៅ​ទូទាំង​ពិភពលោក​។ 
 
 
​អ៊ីរ៉ាក់​


បន្ទាយ Ain al-Asad នៅអ៊ីរ៉ាក់។ រូបភាព Twitter
 
​នៅជាប់​អ៊ីរ៉ង់ គឺ​អ៊ីរ៉ាក់​តែម្ដង​ដែលមាន​យោធា​អាមេរិក​ប្រមាណ​៥​ពាន់​នាក់​ទៅ​៦​ពាន់​នាក់ ដែល​ត្រូវបាន​ពង្រាយ​នៅតាម​ទីតាំង​ជាច្រើន​។ យោធា​ទាំងនេះ ដែល​ខ្លះ​ស្ថិតនៅ​តាំងពី​សង្គ្រាម​ឆ្នាំ​២០០៣ មក​នោះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ ទាហាន​អាមេរិក ដើរតួ​ជា​អ្នក​ប្រឹក្សា និង​ផ្ដល់​ការហ្វឹកហាត់​ដល់​យោធា​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​។ ថ្មីៗ​នេះ វ៉ាស៊ីនតោន​ទើប​បញ្ជូន​ទ័ព​ទៅ​បន្ថែម ក្រោយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កើនឡើង​។​
 
​កូ​វ៉ែត​


រថយន្តយោធាអាមេរិកនៅកូវ៉ែត។ រូបភាពក្រសួងការពារជាតិអាមេរិក
 
​កូ​វ៉ែត ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​របស់​អាមេរិក​ដែល​មិនមែន​មកពី​សម្ព័ន្ធ​យោធា​ណា​តូ​។ ជា​មជ្ឈមណ្ឌល​យោធា​ដ៏​ធំ​របស់​អាមេរិក កូ​វ៉ែត មាន​កងទ័ព​អាមេរិក​ប្រមាណ​១​ម៉ឺន​៣​ពាន់​នាក់​។ ស្របពេល​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់ អាមេរិក​បាន​បញ្ជូន​ទ័ព​ប្រមាណ​៣​ពាន់​៥​រយ​នាក់​ទៀត ទៅ​កូ​វ៉ែត​ដែល​នៅជាប់​អ៊ីរ៉ាក់​។ អាកាសយានដ្ឋាន​អន្តរជាតិ​កូ​វ៉ែត ជាទី​តាំង​ចែកចាយ​ភស្តុភារ​ដ៏​ធំ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។​
 
​អា​រ៉ា​ប៊ី​សា​អូឌីត​


យោធាអាមេរិកក្នុងមូលដ្ឋានអាកាស Prince Sultan របស់អារ៉ាប៊ីសាអូឌីត។ រូបភាព AFP
 
​កងទ័ព​អាមេរិក​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវគេ​ជឿថា មាន​ប្រមាណ​បី​ពាន់​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Newsweek ។ អា​រ៉ា​ប៊ី​សា​អូឌីត ជាទី​តាំង​ដ៏​សំខាន់​របស់​កងទ័ព​អាមេរិក​អំឡុង​សង្គ្រាម​ឈូង​សមុទ្រ និង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​។ អា​រ៉ា​ប៊ី​សា​អូឌីត ជាស​ត្រូវ​ចាស់​របស់​អ៊ីរ៉ង់​ក្នុងការ​ប្រជែង​ឥទ្ធិពល​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ 
 
​បា​រ៉ែ​ន​


នាវាចម្បាំងអាមេរិកក្នុងបន្ទាយនៅបារ៉ែន។ រូបភាព AFP
 
​បា​រ៉ែ​ន​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់ ក៏មាន​ទ័ព​អាមេរិក​ដែរ​។ អាមេរិក បាន​ពង្រាយ​ទ័ព​នៅ​ប្រទេស​កោះ​មួយ​នេះ​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក ខណៈ​បា​រ៉ែ​ន​ដែលជា​ប្រទេស​កាន់​និយាយ​ស៊ូ​នី​នោះ ក៏​បារម្ភ​ពី​ឥទ្ធិពល​អ៊ីរ៉ង់​ដែល​ប្រតិបត្តិ​និកាយ​ស៊ី​អ៊ី​ត​។ បា​រ៉ែ​ន ជា​មូលដ្ឋាន​កង​នាវាចរណ៍​ទី​៥ និង​ជា​មូលដ្ឋាន​របស់​កងទ័ព​ជើង​ទឹក​ចំណុះ​ទីបញ្ជាការ​តំបន់​កណ្ដាល​ផងដែរ​។ ទ័ព​អាមេរិក​ប្រមាណ​៧​ពាន់​នាក់ ត្រូវបាន​ពង្រាយ​នៅ​ទូទាំង​បា​រ៉ែ​ន​។​
 
​កាតា​


បន្ទាយ Al Udeid នៅកាតា។ រូបភាព AFP
 
​មូលដ្ឋាន​ទ័ពអាកាស Al Udeid នៅ​កាតា​ដែលជា​ប្រទេស​តូច​សម្បូរ​លុយ​នៅជាប់​អា​រ៉ា​ប៊ី​សា​អូឌីត ជា​មូលដ្ឋាន​យោធា​អាមេរិក​ធំជាងគេ​នៅ​មជ្ឈិមបូព៌ា​។ ទ័ព​អាមេរិក​ប្រមាណ​១​ម៉ឺន​៣​ពាន់​នាក់ ត្រូវបាន​ពង្រាយ​នៅ​ទីនោះ​។ Al Udeid ជា​មូលដ្ឋាន​របស់​កងទ័ព​អាកាស​នៃ​ទីបញ្ជាការ​តំបន់​កណ្ដាល​។ ខុសពី​ប្រទេសជិតខាង​ខ្លួន កាតា​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ៊ីរ៉ង់​។​
  
​អេ​មី​រ៉ាត់​អារ៉ាប់​រួម​


យោធាអាមេរិក និងអេមីរ៉ាតអារ៉ាប់រួមក្នុងសមយុទ្ធមួយនៅទឹកដីអេមីរ៉ាតអារ៉ាប់រួមនាពេលកន្លងមក។ រូបភាព MENAFN
 
​អេ​មី​រ៉ាត់​អារ៉ាប់​រួម មាន​យោធា​អាមេរិក​ប្រមាណ​៥​ពាន់​នាក់​។ ករណី​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ប្រទេស​នេះ​នាពេល​កន្លងមក ត្រូវ​អាមេរិក​ដាក់​ការសង្ស័យ​លើ​អ៊ីរ៉ង់​។​
 
​ហ្ស៊​កដា​នី​


យន្តហោះចម្បាំងអាមេរិកក្នុងមូលដ្ឋានមួយកន្លែងនៅហ្ស៊កដានី។ រូបភាព AFP
 
​ហ្ស៊​កដា​នី ជា​ម្ចាស់ផ្ទះ​ទាហាន​អាមេរិក​ប្រហែល​៣​ពាន់​នាក់ ដែល​បម្រើ​កាស​ក្នុង​សម្ព័ន្ធមិត្ត​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ ហ្ស៊​កដា​នី មាន​ព្រំដែន​នៅជាប់​អ៊ីរ៉ាក់​តែម្ដង​។ ប្រទេស​នេះ ត្រូវបាន​មើលឃើញថា មាន​ជំហរ​កណ្ដាល​ក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ទោះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​អាមេរិក​ក្ដី​។  
 
​អូ​ម៉​ង់​


មូលដ្ឋានកងទ័ពមួយកន្លែងនៅអូម៉ង់។ រូបភាព Twitter
 
​អូ​ម៉​ង់ ជា​ប្រទេស​ដែលមាន​អព្យាក្រឹត​ជាងគេ​ក្នុង​តំបន់ ហើយ​មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ទីក្រុង​តេ​ហេ​រ៉ង់​។ ពេលខ្លះ អូ​ម៉​ង់ ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុងការ​កិច្ចការ​ជាមួយ​អ៊ីរ៉ង់​ផងដែរ​។ ទោះជា​យ៉ាងណា ប្រទេស​នេះ បានអនុញ្ញាត​ឲ្យ​យោធា​អាមេរិក​ប្រើប្រាស់​ទឹកដី​ខ្លួន​តាំងពី​ឆ្នាំ​១៩៨០ មក ហើយ​សព្វថ្ងៃ យោធា​អាមេរិក​ប្រមាណ​៦​រយ​នាក់ ឈរជើង​នៅ​អូ​ម៉​ង់​។ 
 
​អា​ហ្វ​ហ្គា​នី​ស្ថាន​


យន្តហោះអាមេរិកក្នុងបន្ទាយ Bagram នៅអាហ្វហ្គានីស្ថាន។ រូបភាព AFP
 
​ក្រោយ​ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​១១ ខែកញ្ញា អាមេរិក បាន​ពង្រឹង​វត្តមាន​ខ្លាំង​នៅ​មជ្ឈិមបូព៌ា ពិសេស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អាមេរិក មាន​ទ័ព​ប្រមាណ​ជិត​១​ម៉ឺន​៤​ពាន់​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នៅជាប់​អ៊ីរ៉ង់​តែម្ដង​។ សព្វថ្ងៃ វ៉ាស៊ីនតោន កំពុង​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​កាត់បន្ថយ​ចំនួន​ទ័ព​ឲ្យ​បាន​ពាក់កណ្ដាល​។  
 
​តួ​ក​គី 


មូលដ្ឋានទ័ពអាមេរិក Incirlik នៅតួកគី។ រូបភាព AFP
 
​ព្រំដែន​ខាងលិច​របស់​អ៊ីរ៉ង់ ជាប់​តួ​ក​គី​។ នៅ​តួ​ក​គី អាមេរិក​មាន​យោធា​ប្រមាណ​២​ពាន់​នាក់​នៅ​បន្ទាយ​អាកាស Incirlik ។ បន្ទាយ​នេះ ក៏​ជាទី​តាំង​ឃ្លាំង​ស្ដុក​នុយក្លេអ៊ែរ​របស់​អាមេរិក​ផងដែរ​។ ប៉ុន្តែ​តួ​ក​គី មិន​យល់ស្រប​គោលនយោបាយ​អាមេរិក​លើ​អ៊ីរ៉ង់​ឡើយ​។ 
 
​ស៊ី​រី​


ទីតាំងទ័ពអាមេរិកមួយកន្លែងនៅស៊ីរី។ រូបភាព Sol International
 
​អាមេរិក ក៏មាន​ទ័ព​នៅ​ស៊ី​រី ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់​ដែរ​។ ទាហាន​អាមេរិក​នៅ​ស៊ី​រី ជា​ផ្នែក​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ នៅ​ស៊ី​រី អាមេរិក​មាន​កងទ័ព​ប្រមាណ​៨​រយ​នាក់ ក្រោយ​បាន​ដក​ទៅវិញ​ខ្លះ​កាល​ឆ្នាំ​២០១៩ ៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  មជ្ឈិមបូព៌ា​
© រក្សាសិទ្ធិដោយ thmeythmey.com