បុគ្គលិក Naga World ប្រកាស​ធ្វើ​កូដកម្ម រហូត​ទាល់​តែមាន​ដំណោះស្រាយ​
ជាតិ
បុគ្គលិក Naga World ប្រកាស​ធ្វើ​កូដកម្ម រហូត​ទាល់​តែមាន​ដំណោះស្រាយ​
09, Jan 2020 , 10:19 pm        
រូបភាព
បុគ្គលិកកំពុងធ្វើការងារទាមទារ (រូបភាពពីលោក រាជ)
បុគ្គលិកកំពុងធ្វើការងារទាមទារ (រូបភាពពីលោក រាជ)
​ភ្នំពេញ​៖ បុគ្គលិក Naga World  នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​និង​ស្នើ​សុំឱ្យ​ប្រធាន​សហជីព​ឈ្មោះ ឈី​ម ស៊ីថរ ចូល​បំពេញការងារ​វិញ នៅ​ថ្ងៃទី​៩ មករា ឆ្នាំ​២០២០​នេះ​។ ។​បុគ្គលិក​កាស៊ីណូ​និង​សណ្ឋាគារ​របស់ Naga World​ទាំងនោះ ប្រកាស​ទាមទារ​រហូត​ទាល់​តែមាន​ដំណោះស្រាយ ។


​លោក សេង រាជ មន្ត្រី​ច្បាប់​នៃ​អង្គ​ការសង់​ត្រា​ល់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បុគ្គលិក​ទាំងនោះ ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ និង​៣០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​។​ជាពិសេស សុំ​ោ្យ​មានការ​ផ្តល់​ប្រាក់ខែ​ស្មើគ្នា ចំពោះ​បុគ្គលិក​ខ្មែរ និង​បុគ្គលិក​បរទេស ក្នុងតួនាទី​ដូចគ្នា​។​
 
​ក្រៅពីនេះ​បុគ្គល​ទាំងនោះ ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ថ្ងៃ​ឈប់សម្រាក​ថ្ងៃបុណ្យ​ជាតិ​តាមច្បាប់​ស្តីពី​ការងារ​, ឈប់​ប្រើប្រាស់​អំពើហិង្សា និង​បៀតបៀន​គ្រប់​រូបភាព​មកលើ​បុគ្គលិក រួមទាំង​បញ្ឈប់​នាយក​គ្រប់គ្រង​ផ្នែក​កាស៊ីណូ​ពី​ការងារ ក្រោម​ហេតុផល​ថា បុគ្គល​រូបនេះ​តែងតែ​ជេរប្រមាទ និង​បៀតបៀន​កេរ្តិ៍ខ្មាស់​មកលើ​បុគ្គលិក​កន្លងមក ។ ចំណែក​ប្រធាន​សហជីព​ឈ្មោះ ឈី​ម ស៊ីថរ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​នោះ ក៏​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ទាមទារ​ផងដែរ​។ នេះ​បើតាម​មន្ត្រី​ច្បាប់​នៃ​អង្គ​ការសង់​ត្រា​ល់ ដែល​បាន​បញ្ជាក់ថា បុគ្គល​កូដកម្ម​នេះ មាន​គ្នា​ប្រមាណ​១០០០​នាក់​។​
 
​ជុំវិញ​បញ្ហា​កូដកម្ម​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់បាន​សម្របសម្រួល​ជាមួយ​កម្មករ​និ​យោ​ជិ​ក និង​អ្នក​គ្រប់​គ្រង់ Naga World ចំនួន​៣​ដង​ហើយ ប៉ុន្តែ​ភាគី​ទាំង​២​នៅតែ​មិន​ព្រម​បន្ទន់​ជំហរ​រៀងខ្លួន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សួរ​។​


រូបភាពពី លោក រាជ
 
​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​ការធ្វើ​កូដកម្ម​ថ្ងៃនេះ ក្រុមការងារ​ក្រសួង​បាន​ចុះទៅ​ពិនិត្យមើល​ដែរ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ ដោយ​ភាគី​កម្មករ​នៅតែ​ទាមទារ​តាម​អ្វីដែល​ពួក​បាន​ស្នើសុំ​កន្លងមក ហើយ​ខាង Naga នៅតែ​មិន​យល់ព្រម​តាម​សំណើរ​។ ដូច្នេះ​ក្រសួង​ក៏​មិនដឹងថា ត្រូវធ្វើ​យ៉ាងណា​រដែរ មានតែ​រង់ចាំ​ភាគី​ទាំងពី​បន្ទន់​ជំហរ​រៀងខ្លួន​»​។​
 
​កាលពី​ថ្ងៃទី​៨ មករា សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​សម្រេច​ឲ្យ​បុគ្គលិក​Naga World ផ្អាក​ការធ្វើ​កូដកម្ម​បណ្តោះអាសន្ន​សិន ហើយ​ត្រូវ​ចូល​បំពេញការងារ​តាម​វេន ពេលវេលា និង​តួនាទី​របស់ខ្លួន​ជាធម្មតា​វិញ ។ ដីកា​សាលាដំបូង បាន​សង្កត់​ថា បើ​កម្មករនិយោជិត ដែល​នៅតែ​បន្តធ្វើ​កូដកម្ម ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ទី​១​និង​ទី​២ ខាងលើនេះ ត្រូវ​កំណត់​ជា​កូដកម្ម​ខុសច្បាប់ និង​មាន​កំហុស​ធ្ងន់ធ្ងរ​។​
 
​ដ្បិត​មាន​ដីកា​សម្រេច​បែបនេះ​ក្តី ក៏​បុគ្គល​មួយចំនួន​នៅតែ​តវ៉ា ដោយ​ពួកគេ​បាន​សរសេរ​លើ​បដា​ថា បញ្ឈប់​រាល់​ទម្រង់​អំពើហិង្សា និង​បៀតបៀន​មកលើ​បុគ្គលិក​ពី​សំណាក់​ភ្ញៀវ​, ការទាមទារ​ប្រាក់​ឈ្នួល រស់នៅ​សមរម្យ គឺជា​សិទ្ធិ​មិនមែនជា​បទល្មើស​ឧក្រិដ្ឋ​ទេ ជាដើម​។ ពួកគេ​នឹង​តវ៉ា​រហូត​ទាល់​តែមាន​ដំណោះស្រាយ​ច្បាស់លាស់​។ នេះ​បើតាម​លោក សេង រាជ មន្ត្រី​ច្បាប់​នៃ​អង្គ​ការសង់​ត្រា​ល់​៕

Tag:
 Naga World
  កូដកម្ម​
  បុគ្គលិក​
© រក្សាសិទ្ធិដោយ thmeythmey.com