អន្តរជាតិ
អង់គ្លេស និង​កាណាដា ថា យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់ ដោយសារ​ត្រូវ​មី​ស៊ី​ល​អ៊ីរ៉ង់​
10, Jan 2020 , 10:35 am        
រូបភាព
ទីតាំងធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់។ រូបភាព AFP
ទីតាំងធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់។ រូបភាព AFP
​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អាកាស​ចរណ៍​អ៊ុយ​ក្រែ​ន ទំនង​មិនមែន​មកពី​បញ្ហា​បច្ចេកទេស​ដូច​ការ​ការវាយតម្លៃ​ដំបូង​ឡើយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ដែល​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ចារកម្ម​រៀងៗ​ខ្លួន បាន​អះអាង​ដូចគ្នា យន្តហោះ​របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។ កាសែត​អាមេរិក The New York Times នៅ​ថ្ងៃទី​៩ ខែមករា ក៏​បញ្ចេញ​វីដេអូ​យន្តហោះ​ត្រូវ​មី​ស៊ី​លបាញ់​ផងដែរ​។​

 
​យន្តហោះ​របស់​អាកាសច​រណ៍​អ៊ុយ​ក្រែ​ន​ជើងហោះហើរ PS752 បាន​ធ្លាក់ចុះ​ដល់​ដី​ជាមួយ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​បន្ទាប់ពី​ចាកចេញ​ពី​ព្រលានយន្តហោះ​ទីក្រុង​តេ​ហេ​រ៉ង់​មិនបាន​ប៉ុន្មាន​នាទី​ផង​នោះ​។ ហេតុការណ៍​ថ្ងៃទី​៨ ខែមករា បានសម្លាប់​មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់​។ ការសន្និដ្ឋាន​របស់​អ៊ីរ៉ង់ គឺ​យន្តហោះ​មាន​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ការសង្ស័យ​ក៏​កើនឡើង​។ ពោល គឺ​មិន​បញ្ហា​បច្ចេកទេស​ឡើយ តែ​យន្តហោះ​នោះ ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​អ៊ីរ៉ង់​តែម្ដង​។​
 
​កាណ​ដា​ដែលមាន​ជនជាតិ​ខ្លួន​៦៣​នាក់ បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ បានទាមទារ​រក​ការពិត​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​ចង្អុលមុខ​អ៊ីរ៉ង់​ឲ្យ​ទទួលខុសត្រូវ​។ លោក ទ្រូ​ដូ ដែល​ទទួលបាន​ព័ត៌មាន​ពី​ប្រភព​ចារកម្ម​កាណាដា និង​របស់​សម្ព័ន្ធមិត្ត​ផ្សេងទៀត និយាយថា យន្តហោះ​ដឹក​អ្នកដំណើរ​នេះ ទំនង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​លបាញ់​ពី​ផ្ទៃដី​ទៅលើ​អាកាស​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការបាញ់​នេះ​អាចជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ​។​
 
«​យើង​ដឹងថា អាចជា​រឿង​អ​ចេតនា​។ កាណាដា​មាន​សំណួរ ហើយក៏​ស​កិ្ត​សម​ទទួល​ចម្លើយ​ដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ទ្រូ​ដូ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៩ ខែមករា ដែល​បន្តថា កាណាដា ចង់បាន​ការស៊ើបអង្កេត​ឲ្យ​ច្បាស់ មាន​តម្លាភាព និង​យុត្តិធម៌​។ 
 
​ការអះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​កាណាដា ត្រូវបាន​គាំទ្រ​ដោយ​មេដឹកនាំ​អង់គ្លេស និង​អាមេរិក​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និយាយថា លោក​មាន​ព័ត៌មាន​ក្នុង​ដៃ​ដែល​ចង្អុល​ទៅរក​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ដែល​ធ្វើ​ឲ្យ​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់​។ ដូច​សម​ភាគី​កាណាដា​ដែរ ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​សរូប​នេះ​ជឿថា ការបាញ់​នេះ ជា​ករណី​គ្មាន​បំណង​។ ជនជាតិ​អង់គ្លេស​បីនាក់ ក៏​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​។​
 
​ចំណែក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ ក៏បាន​បញ្ចេញមតិ​លើ​រឿងនេះ​ដែរ​។ ជាការ​លើកឡើង​ពី​មតិ​ផ្ទាល់ខ្លួន លោក ត្រាំ និយាយ​បន្ទរ​ថា យន្តហោះ​ដឹក​អ្នកដំណើរ​សំដៅ​ទីក្រុង​កៀវ​នេះ ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល​អ៊ីរ៉ង់​ច្រើនជាង​មួយ​គ្រាប់ មុននឹង​ធ្លាក់ ហើយ​ផ្ទុះ​សម្លាប់​មនុស្ស​ទាំងអស់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ដោយឡែក កាសែត​អាមេរិក The New York Times នៅ​ថ្ងៃទី​៩ ខែមករា ក៏បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​មី​ស៊ី​លបាញ់​ចំ​យន្តហោះ​។ កាសែត​នេះ បាន​ប្រៀបធៀប​រូបភាព និង​អាគារ​នានា​ក្នុង​វីដេអូ ទៅនឹង​ស្ថានភាព​ជាក់ស្ដែង ហើយក៏​សន្និដ្ឋានថា យន្តហោះ​របស់​អាកាសច​រណ៍​អ៊ុយ​ក្រែ​ន ពិតជា​ត្រូវបាន​មី​ស៊ី​លបាញ់​ចំ​មែន​។​
 
 
​យ៉ាងណាមិញ អ៊ីរ៉ង់ បាន​បដិសេធ​ភ្លាមៗ​ការចោទប្រកាន់​លើ​ខ្លួន​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៩ ខែមករា មួយថ្ងៃ​ក្រោយ​កើតហេតុ រដ្ឋាភិបាល​អ៊ីរ៉ង់ ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី ទ្រូ​ដូ ចែករំលែក​ព័ត៌មាន​ដែល​លោក​ទទួលបាន​។ ទីក្រុង​តេ​ហេ​រ៉ង់ ក៏បាន​អញ្ជើញ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing ​ឲ្យ​ចូលរួម​ការស៊ើបអង្កេត ព្រម​គ្នា​អ្នកជំនាញ​មកពី​ប្រទេស​មាន​ជនរងគ្រោះ​ផងដែរ​៕

Tag:
 អាមេរិក​
  កាណាដា​
  អង់គ្លេស​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com