ភ្នំពេញ៖ អង្គការសង្គមស៊ីវិលស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាវីជៈ បង្កើនការចុះអធិការកិច្ច ពិនិត្យលក្ខខណ្ឌ សុវត្ថិភាព និង បទដ្ឋានការងាររបស់កម្មករសំណង និងគុណភាពសំណង់។ អង្គការសង្គមស៊ីវិល យល់ថា វិធានការនេះ គឺដើម្បីសុវត្ថិភាពដល់កម្មករសំណង និងបញ្ចៀសការបាក់រលំអគារ។
ការស្នើឲ្យក្រសួងដែននិងក្រសួងការងារ បង្កើនការចុះអធិការកិច្ចនេះ ធ្វើឡើងនៅសន្និសីទសារព័ត៌មាន ស្ដីពី «រដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករសំណង់»។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) ថ្លែងថា អ្វីដែលជាការព្រួយបារម្ភរបស់លោក គឺ ការចុះអធិការកិច្ចរបស់ក្រសួងក្រសួងដែនដីនិងក្រសួងការងារ។
លោក លើកឡើងថា៖«រាល់ការសាងសង់ ក្រសួងនិងមន្ទីររៀបចំដែនដី ជាអ្នកអនុញ្ញាតច្បាប់ឲ្យសាងសង់ តើមានការចុះអធិការកិច្ចត្រឹមត្រូវឬទេ គុណភាពសំណង់ សមតាមស្ដង់ដារ ដែលបានចេញឲ្យឬទេ?»។ លោក បន្តថា ក្រសួងដែនដី មានសិទ្ធិឲ្យក្រុមហ៊ុនឯកជន អនុវត្តសកម្មភាព ហើយធ្វើអធិការកិច្ច ឲ្យសំណង់មានគុណភាព និងសុវត្ថិភាព។ រីឯ ក្រសួងការងារ ជាអ្នកធ្វើអធិការកិច្ចពិនិត្យការងារក្នុងការដ្ឋានសំណង់ ដើម្បីដឹងពីសុវត្ថិភាព សុខភាពរបស់កម្មករសំណង់ រួមទាំងលក្ខខណ្ឌនៃម៉ោងធ្វើការជាដើម។
«ការអនុវត្តអធិការកិច្ចរបស់ក្រសួងទាំងពីរ មានតិចតួចនៅឡើយលើវិស័យសំណង់។ ខ្ញុំស្នើឲ្យក្រសួងទាំងពីរបន្ថែមនូវអធិការកិច្ចការងារទាំងគុណភាពសំណង់និងលក្ខខណ្ឌការងារ ធ្វើយ៉ាងណាឲ្យប្រសើរជាពេលបច្ចុប្បន្ន»។ នេះជាការស្នើសុំរបស់លោក សុខ គីន ដោយបន្ថែមថា ប្រសិនបើមិនចុះអធិការកិច្ចទេ ក្រុមហ៊ុនមួយចំនួនកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ និងបន្តឲ្យកម្មកររងគ្រោះថ្នាក់។
ពាក់ព័ន្ធនឹងសុវត្ថិភាពកម្មករ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានលើកឡើងថា ការដ្ឋានសំណង់ត្រូវតែមានកន្លែងសម្រាប់កម្មករសំណង់និងក្រុមគ្រួសារ។ ជាក់ស្ដែងលោក បានលើកឡើងថា ការដ្ឋានសំណង់នៅខេត្តកែប ដែលបានរលំកាលពីថ្ងៃទី៣ ខែមករា គឺគ្មានកន្លែងស្នាក់នៅសម្រាប់ដល់គ្រួសារកម្មករសំណង់។ ប្រសិនបើមានកន្លែងស្នាក់នៅ ស្រី្តមានផ្ទៃពោះនិងកុមារ ស្ថិតក្នុងការរលំអគារនៅខេត្តកែបមិនរងគ្រោះឡើយ។
ទន្ទឹមនឹងនេះ លោក ឃុន ថារ៉ូ ជាអ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យលើក្រុមហ៊ុនម៉ៅការសំណង់ ដើម្បីកំណត់ក្រុមហ៊ុនម៉ៅការ មានការធានាលើគុណភាពសំណង់ ការធានារ៉ាប់រងអាយុជីវិត ស្របទៅតាមច្បាប់សំណង់។
លោក បញ្ជាក់បែបនេះថា៖«ការសិក្សាកន្លងមក មានកម្មករនិយោជិកប្រហែល៩ភាគរយ ដែលនិយោជកបានទិញការធានារ៉ាប់រងឲ្យកម្មករ ហើយមាន៥ភាគរយ ដែលបានចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (បសស) ខណៈដែលចំនួនកម្មករក្នុងវិស័យសំណង់មានជាង២៩ម៉ឺននាក់»។
ជាមួយគ្នាដែរ លោក ឃុន ថារ៉ូ ស្នើឲ្យរដ្ឋាភិបាលពិនិត្យច្បាប់សំណង់ ជុំវិញគុណភាពនៃការសាងសង់។ លោក បានលើកឡើងថា ករណីរលំអគារនៅខេត្តព្រះសីហនុនិងខេត្តកែប គឺគ្មានការធានាការរ៉ាប់រងជីវិតឡើយ រួមទាំងមានចុះអធិការកិច្ចពីស្ដង់ដារសាងសង់ក្រោយពេលកើតហេតុ។
ពាក់ព័ន្ធនឹងសុវត្ថិភាពនៃកម្មករនិយោជិត លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានបប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រសួងការងារនឹងធ្វើតាមច្បាប់និងបទដ្ឋានសុវត្ថិភាពស្ដីពីវិស័យសំណង់របស់ក្រសួងដែនដី ដើម្បីសុវត្ថិភាពរបស់កម្មករនិយោជិត។ លោក ហេង សួរ ថា នៅថ្ងៃទី១៤ ខែមករានេះ ក្រសួងដែនដីនឹងធ្វើសិក្ខាសាលា ដើម្បីប្រកាសឲ្យអនុវត្តពីវិធានការផ្សេងៗ ហើយក្រសួងទាំងពីរកំពុងសហការគ្នាបង្កើនប្រសិទ្ធភាពនៃការធ្វើអធិការកិច្ចក្នុងវិស័យសំណង់នេះ។
អ្នកនាំពាក្យ លើកឡើងដូច្នេះថា៖«កម្មករនិយោជិតផ្លូវការគឺត្រូវតែជាសមាជិត ប.ស.ស។ ប៉ុន្តែបើខាងគាត់ (អ្នកម៉ៅការ) ប្រើសេវាក្រៅប្រព័ន្ធយ៉ាងម៉េច ករណីមនុស្សម្នាក់ទទួលម៉ៅការខ្លួនឯង គាត់ជាថៅកែផង ជាកម្មករផង គឺមិនទាន់មានច្បាប់ផ្ដោតលើរឿងនឹងទេ។ តែបើមានអ្នកម៉ៅការ មានកម្មករនៅពីក្រោម ហើយអ្នកម៉ៅការមានចុះបញ្ជីនៅក្រសួងដែនដី គឺគាត់ត្រូវមានកាតព្វកិច្ច ដើម្បីបង់សេវា ប.ស.ស ជូនកម្មករនិយោជិតរបសពួកគាត់»។ លោក បន្ថែមថា សមាជិក ប.ស.ស គ្រប់វិស័យទាំងអស់ រួមជាមួយវិស័យសំណង់មាន ១លាន៥សែននាក់។
ក្នុងរយៈពេលប្រមាណ៧ខែ កម្ពុជា មានករណីបាក់អគារ៣លើក ដែលកំពុងដំណើរការសាងសង់។ អ្នកស្លាប់និងអ្នករបួសភាគច្រើន ជាកម្មករសំណង់ និងជាកូន-ប្រពន្ធរបស់កម្មករសំណង់។
ករណីទី១ បាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ ដោយសម្លាប់មនុស្ស២៨នាក់ និងមានអ្នករបួស២៦នាក់។ ករណីទី២ បាក់សាលាឆាន់វត្តប្រាសាទគោកចកនៅក្រុងសៀមរាប កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ដោយសម្លាប់មនុស្ស៣នាក់ និងមានអ្នករបួស១៣អង្គ/នាក់។ ករណីទី៣ បាក់អគារកម្ពស់៦ជាន់នៅក្រុងកែប នាដើមខែមករា ឆ្នាំ២០២០នេះ ដោយសម្លាប់មនុស្សដល់ទៅ៣៦នាក់ និងមានអ្នករបួស២៣នាក់៕