ជាតិ
សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួង បង្កើន​អធិការកិច្ច​លើ​វិស័យ​សំណង់
10, Jan 2020 , 11:24 am        
រូបភាព
លោក ថារ៉ូ ពាក់អាវសនៅខាងឆ្វេងដៃ។ លោក ហូយ៉ា រាប់ពីឆ្វេងនៅទី២ ពាក់ខ្មៅ។ លោក គីន នៅកណ្ដាល។
លោក ថារ៉ូ ពាក់អាវសនៅខាងឆ្វេងដៃ។ លោក ហូយ៉ា រាប់ពីឆ្វេងនៅទី២ ពាក់ខ្មៅ។ លោក គីន នៅកណ្ដាល។
​ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​វី​ជៈ បង្កើន​ការចុះ​អធិការកិច្ច ពិនិត្យ​លក្ខខណ្ឌ សុវត្ថិភាព និង បទដ្ឋាន​ការងារ​របស់​កម្មករ​សំណង និង​គុណភាព​សំណង់​។ អង្គការ​សង្គម​ស៊ីវិល យល់ថា វិធានការ​នេះ គឺ​ដើម្បី​សុវត្ថិភាព​ដល់ក​ម្មករ​សំណង និង​បញ្ចៀស​ការបាក់​រលំ​អគា​រ​។ 


 
​ការស្នើ​ឲ្យ​ក្រសួង​ដែន​និង​ក្រសួង​ការងារ បង្កើន​ការចុះ​អធិការកិច្ច​នេះ ធ្វើឡើង​នៅ​សន្និសីទ​សារព័ត៌មាន ស្ដីពី «​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់​»​។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា (BWTUC) ថ្លែងថា អ្វីដែល​ជាការ​ព្រួយបារម្ភ​របស់លោក គឺ ការចុះ​អធិការកិច្ច​របស់​ក្រសួង​ក្រសួង​ដែនដី​និង​ក្រសួង​ការងារ​។ 
 
​លោក លើកឡើងថា​៖«​រាល់​ការសាងសង់ ក្រសួង​និង​មន្ទីរ​រៀបចំ​ដែនដី ជា​អ្នក​អនុញ្ញាត​ច្បាប់​ឲ្យ​សាងសង់ តើ​មាន​ការចុះ​អធិការកិច្ច​ត្រឹមត្រូវ​ឬទេ គុណភាព​សំណង់ សម​តាម​ស្ដង់ដារ ដែល​បានចេញ​ឲ្យ​ឬទេ​?»​។ លោក បន្តថា ក្រសួង​ដែនដី មាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន អនុវត្ត​សកម្មភាព ហើយ​ធ្វើ​អធិការកិច្ច ឲ្យ​សំណង់​មានគុណ​ភាព និង​សុវត្ថិភាព​។ រីឯ ក្រសួង​ការងារ ជា​អ្នកធ្វើ​អធិការកិច្ច​ពិនិត្យ​ការងារ​ក្នុង​ការដ្ឋាន​សំណង់ ដើម្បី​ដឹង​ពី​សុវត្ថិភាព សុខភាព​របស់​កម្មក​រ​សំណង់ រួមទាំង​លក្ខខណ្ឌ​នៃ​ម៉ោង​ធ្វើការ​ជាដើម​។ 
 
«​ការអនុវត្ត​អធិការកិច្ច​របស់​ក្រសួង​ទាំងពីរ មាន​តិចតួច​នៅឡើយ​លើ​វិស័យ​សំណង់​។ ខ្ញុំ​ស្នើ​ឲ្យ​ក្រសួង​ទាំងពីរ​បន្ថែម​នូវ​អធិការកិច្ច​ការងារ​ទាំ​ង​គុណភាព​សំណង់​និង​លក្ខខណ្ឌ​ការងារ ធ្វើយ៉ាងណា​ឲ្យ​ប្រសើរ​ជា​ពេលបច្ចុប្បន្ន​»​។ នេះ​ជាការ​ស្នើសុំ​របស់លោក សុខ គីន ដោយ​បន្ថែមថា ប្រសិនបើ​មិន​ចុះ​អធិការកិច្ច​ទេ ក្រុមហ៊ុន​មួយចំនួន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ និង​បន្ត​ឲ្យ​កម្មករ​រងគ្រោះថ្នាក់​។ 
 
​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​កម្មករ លោក ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) បាន​លើកឡើងថា ការដ្ឋាន​សំណង់​ត្រូវតែមាន​កន្លែង​សម្រាប់​កម្មករសំណង់​និង​ក្រុមគ្រួសារ​។ ជាក់ស្ដែង​លោក បាន​លើកឡើងថា ការដ្ឋាន​សំណង់​នៅ​ខេត្ត​កែប ដែល​បាន​រលំ​កាលពី​ថ្ងៃទី​៣ ខែមករា គឺ​គ្មាន​កន្លែង​ស្នាក់នៅ​សម្រាប់​ដល់​គ្រួសារ​កម្មករសំណង់​។ ប្រសិនបើ​មាន​កន្លែង​ស្នាក់នៅ ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ ស្ថិតក្នុង​ការ​រលំ​អគា​រ​នៅ​ខេត្ត​កែប​មិន​រងគ្រោះ​ឡើយ​។ 
 
​ទន្ទឹមនឹងនេះ លោក ឃុន ថា​រ៉ូ ជា​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ដើម្បី​កំណត់​ក្រុមហ៊ុន​ម៉ៅការ មានការ​ធានា​លើ​គុណភាព​សំណង់ ការធានារ៉ាប់រង​អាយុជីវិត ស្របទៅតាម​ច្បាប់​សំណង់​។ 
 
​លោក បញ្ជាក់​បែបនេះ​ថា​៖«​ការសិក្សា​កន្លងមក មានកម្ម​ករ​និ​យោ​ជិ​ក​ប្រហែល​៩​ភាគរយ ដែល​និយោជក​បាន​ទិញ​ការធានារ៉ាប់រង​ឲ្យ​កម្មករ ហើយ​មាន​៥​ភាគរយ ដែល​បាន​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) ខណៈដែល​ចំនួន​កម្មករ​ក្នុង​វិស័យ​សំណង់​មាន​ជាង​២៩​ម៉ឺន​នាក់​»​។​
 
​ជាមួយគ្នា​ដែរ លោក ឃុន ថា​រ៉ូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ច្បាប់​សំណង់ ជុំវិញ​គុណភាព​នៃ​ការសាងសង់​។ លោក បាន​លើកឡើងថា ករណី​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កែប គឺ​គ្មាន​ការធានា​ការ​រ៉ាប់រង​ជីវិត​ឡើយ រួមទាំង​មាន​ចុះ​អធិការកិច្ច​ពី​ស្ដង់ដារ​សាងសង់​ក្រោយពេល​កើតហេតុ​។
 
​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៃ​កម្មករនិយោជិត លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បា​នប​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្រសួង​ការងារ​នឹងធ្វើ​តាមច្បាប់​និង​បទដ្ឋាន​សុវត្ថិភាព​ស្ដីពី​វិស័យ​សំណង់​របស់​ក្រសួង​ដែនដី ដើម្បី​សុវត្ថិភាព​របស់​កម្មក​រ​និយោជិត​។ លោក ហេង សួរ ថា នៅ​ថ្ងៃទី​១៤ ខែមករា​នេះ ក្រសួង​ដែនដី​នឹងធ្វើ​សិក្ខាសាលា ដើម្បី​ប្រកាស​ឲ្យ​អនុវត្ត​ពី​វិធានការ​ផ្សេងៗ ហើយ​ក្រសួង​ទាំងពីរ​កំពុង​សហការ​គ្នា​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើ​អធិការកិច្ច​ក្នុង​វិស័យ​សំណង់​នេះ​។ 
 
​អ្នកនាំពាក្យ លើកឡើង​ដូច្នេះ​ថា​៖«​កម្មករនិយោជិត​ផ្លូវការ​គឺ​ត្រូវតែ​ជាស​មា​ជិត ប​.​ស​.​ស​។ ប៉ុន្តែ​បើ​ខាង​គាត់ (​អ្នកម៉ៅការ​) ប្រើ​សេវា​ក្រៅ​ប្រព័ន្ធ​យ៉ាងម៉េច ករណី​មនុស្ស​ម្នាក់​ទទួល​ម៉ៅការ​ខ្លួនឯង គាត់​ជា​ថៅកែ​ផង ជា​កម្មករ​ផង គឺ​មិនទាន់​មានច្បាប់​ផ្ដោតលើ​រឿង​នឹង​ទេ​។ តែបើ​មាន​អ្នកម៉ៅការ មានកម្ម​ករ​នៅ​ពីក្រោម ហើយ​អ្នកម៉ៅការ​មាន​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី គឺ​គាត់​ត្រូវមាន​កាតព្វកិច្ច ដើម្បី​បង់​សេវា ប​.​ស​.​ស ជូន​កម្មករនិយោជិត​របស​ពួកគាត់​»​។ លោក បន្ថែមថា សមាជិក ប​.​ស​.​ស គ្រប់​វិស័យ​ទាំងអស់ រួមជាមួយ​វិស័យ​សំណង់​មាន ១​លាន​៥​សែន​នាក់​។​
 
​ក្នុង​រយៈពេល​ប្រមាណ​៧​ខែ កម្ពុជា មាន​ករណី​បាក់​អគារ​៣​លើក ដែល​កំពុងដំណើរការ​សាងសង់​។ អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់ និង​ជា​កូន​-​ប្រពន្ធ​របស់​កម្មករ​សំណង់​។  
 
​ករណី​ទី​១ បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​២៦​នាក់​។ ករណី​ទី​២ បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ ករណី​ទី​៣ បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប នា​ដើមខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​៕  

Tag:
 អង្គការ​សង្គម​ស៊ីវិល​
  វិស័យ​សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com