ជាតិ
ទំនប់​ដន​សា​ហុង​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​កម្ពុជា​
10, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ សំណង់ទំនប់វារីអគ្គិសនីដនសាហុង
រូបឯកសារ៖ សំណង់ទំនប់វារីអគ្គិសនីដនសាហុង
ដោយ: VOA
​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នៅក្នុង​ប្រទេស​ឡាវ​បានចាប់ផ្តើម​ដំណើរការ​ហើយ  ហើយ​នៅ​សប្តាហ៍​នេះ​បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​ប្រទេស​កម្ពុជា​នៅពេលដែល​ប្រទេស​នេះ​បង្កើន​ការនាំ​ចូល​អគ្គិសនី​បន្ទាប់ពី​មានការ​ដាច់​ភ្លើង​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​មន្ត្រី​កម្ពុជា​។​

 
​ទំនប់​ដន​សា​ហុង​ដែល​ត្រូវបាន​សាងសង់​ដើម្បី​ផលិត​អគ្គិសនី​កម្លាំង​២៦០​មេ​ហ្គា​វ៉ា​ត់​គឺជា​ទំនប់​ទី​២​ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​នៅលើ​ដង​ទន្លេមេគង្គ​ក្រោម​រយៈពេល​ប្រាំ​មួយខែ បន្ទាប់ពី​មានការ​ប្រឆាំង​ជាច្រើន​ឆ្នាំ​ពី​សកម្មជន​បរិស្ថាន​។ ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី​ដែលមាន​កម្លាំង​១២៨៥ មេ​ហ្គា​វ៉ា​ត់​នៅ​ប្រទេស​ឡាវ​បានចាប់ផ្តើម​ផ្គត់ផ្គង់​ថាមពល​ដល់​ប្រទេស​ថៃ​កាលពី​ខែតុលា​។​
 
​លោក Victor Jona អគ្គនាយក​ថាមពល​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ការតភ្ជាប់​នេះ​ធ្វើ​កាលពី​ថ្ងៃ​អង្គារ​។ លោក​បាន​មានប្រសាសន៍ថា​៖
 
«​ទំនប់​ដន​សា​ហុង​មាន​សមត្ថភាព​ផលិត​ថាមពល​១៩៥​មេ​ហ្កា​វ៉ា​ត់ ហើយ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​នឹង​ទិញ​ថាមពល​នេះ​ទាំងអស់​»​។​
 
​លោក​បាន​បន្ថែមទៀតថា កម្លាំង​ថាមពល​ពេញ​គឺ​មាននៅ​រដូវវស្សា​ប្រចាំឆ្នាំ​ដែល​ចាប់ផ្តើម​ពី​ខែមេសា ហើយ​នៅ​រដូវប្រាំង​បច្ចុប្បន្ន​កម្លាំង​ផលិត​មាន​តិចជាង​។​
 
​ទឹកទន្លេ​មេគង្គ​ក្រោម​បាន​ជួបប្រទះ​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំមុន ហើយ​ផ្នែក​ជាច្រើន​នៅតាម​ដង​ទន្លេមេគង្គ​មាន​កម្ពស់​ទឹក​ទាប​ជាង​កម្រិត​ទឹក​ធម្មតា​នៅ​រដូវប្រាំង​។​
 
​លោក Victor Jona បាន​និយាយថា តម្លៃ​អគ្គីសនី​ប្រទេស​កម្ពុជា​ទិញ​ពី​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ដែល​នៅ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ព្រំដែន​ខាងជើង​ក្នុងប្រទេស​ឡាវ​គឺ​ជាង​៧​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​។​
 
​លោក​បាន​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​នឹងមាន​រយៈពេល​៣០​ឆ្នាំ​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖
 
«​យើង​ទិញ​អគ្គិសនី​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​យើង​ដែល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចន្លោះ​ពី​១៨%​ទៅ​២០%»​។​
 
​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​មានការ​ដាច់​ចរន្តអគ្គិសនី​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ព្រោះ​មានការ​ប្រើប្រាស់​អគ្គិសនី​កើនឡើង​ដោយសារ​ផ្នែក​សំណង់​ហើយនឹង​ការវិនិយោគ​របស់​ចិន​។ ក្រុមមន្ត្រី​បាន​និយាយថា  កង្វះ​អគ្គិសនី​ក៏​បណ្តាលមកពី​ទឹក​មាន​កម្រិត​ទាប​នៅ​ទំនប់​វា​រី​អគ្គិសនី​នៅ​ទូទាំងប្រទេស​។ ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​បានឱ្យដឹងថា ប្រទេស​កម្ពុជា​ប្រើប្រាស់​ថាមពល​វា​រី​អគ្គិសនី​ប្រហែល​៤៨%​នៃ​ផលិតកម្ម​អគ្គិសនី​ក្នុងស្រុក​។​
 
​ស្ថិតិ​ការប្រើប្រាស់​អគ្គិសនី​របស់​រដ្ឋ​បានឱ្យដឹងថា  ដោយសារ​តម្រូវ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុងប្រទេស ប្រទេស​កម្ពុជា​បាន​ទិញ​អគ្គិសនី​ប្រហែល​២៥%​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​របស់ខ្លួន​កាលពី​ឆ្នាំមុន​ដោយ​ភាគច្រើន​ទិញ​ពី​ប្រទេស​វៀតណាម​និង​ថៃ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com