កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ កូរ៉េខាងត្បូង ឈ្នះចិនចុងម៉ោង ឯជប៉ុន ចាញ់អារ៉ាប៊ីសាអូឌីត
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម២៣ឆ្នាំ បានយកឈ្នះចិន ក្នុងលទ្ធផល ១-០ ក្នុងជំនួបបើកឆាកពូល C នៃការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ី AFC U23 Championship ឆ្នាំ២០២០ នៅថ្ងៃទី៩ ខែមករា។ ជប៉ុន បានខកឱកាសទទួលបាន៣ពិន្ទុនៅជំនួបដំបូងពូល B ក្រោយចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ២-១។
ខ្សែបម្រើ Dong-Jun Lee ជាអ្នកស៊ុតបាល់ជ័យជម្នះឲ្យកូរ៉េខាងត្បូងនៅនាទី៩០ ដែលជាការទទួលបាន៣ពិន្ទុពីការប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុពូល C។ បរាជ័យរបស់ចិន បានធ្វើឲ្យពួកគេស្ថិតនៅបាតតារាង ខណៈ អ៊ីរ៉ង់ដែលប្រកួតស្មើជាមួយម្ចាស់ជើងឯកចាស់អ៊ូសបេគីស្ថាន ១-១ ទទួលបាន១ពិន្ទុម្នាក់ និងឈរនៅលេខរៀងទី២ និងទី៣។ ការប្រកួតលើកទីពីរ អ៊ីរ៉ង់ត្រូវតទល់ជាមួយកូរ៉េខាងត្បូង ហើយចិន ជួបអ៊ូសបេគីស្ថាន។
មិនត្រឹមតែចិនទេដែលខកចិត្តមិនបានពិន្ទុអ្វីសោះនៅជំនួបដំបូង សម្រាប់ព្រឹត្តិកាណ៍តំបន់អាស៊ី ឆ្នាំ ២០២០ ដែលរៀបចំនៅប្រទេសថៃនេះ។ ជប៉ុនក៏ទទួលបរាជ័យផងដែរ ក្រោយចាញ់អារ៉ាប៊ីសាអូឌីតដោយលទ្ធផល ២-១ ក្នុងវគ្គសន្សំពិន្ទុ ពូល B។
ខ្សែបម្រើ Ayman Al-Khalif ជាអ្នករកគ្រាប់បាល់នាំមុខឲ្យអារ៉ាប៊ីសាអូឌីតមុននៅនាទី៤៨ នៃវគ្គទី២ មុនពេលខ្សែប្រយុទ្ធ Ryotaro Meshino ដែលជាសមាជិកក្រុម Manchester City ស៊ុតតាមស្មើឲ្យជប៉ុនវិញនៅ៨នាទីបន្ទាប់។ យ៉ាងក៏ដោយ នៅនាទី៨៨ ខ្សែប្រយុទ្ធ Abdulrahman Ghareeb ទទួលបានបាល់ពិន័យប៉េណាល់ទី និងទាត់បញ្ចូលទីសម្រេចគ្រាប់ទី២ ដើម្បីជួយអារ៉ាប៊ីសាអូឌីតឈ្នះជប៉ុន ២-១។
អារ៉ាប៊ីសាអូឌីត ឡើងឈរកំពូលតារាងពូល B បណ្តោះអាសន្នមាន៣ពិន្ទុ ខណៈស៊ីរី និងកាតានៅលេខរៀងបន្តបន្ទាប់ក្រោយក្រុមទាំងពីរប្រកួតស្មើគ្នា ២-២ និងទទួលបានម្នាក់មួយពិន្ទុ។ ជប៉ុននៅបាតតារាងមានសូន្យពិន្ទុ។ ជំនួបបន្ទាប់ អារ៉ាប៊ីសាអូឌីតជួបកាតា រីឯស៊ីរីប៉ះជប៉ុន៕
Tag:
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com