ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល អះអាងថា មិនទាន់មានពលរដ្ឋខ្មែរ កើតជំងឺរលាកសួត ដែលឆ្លងពីចិនឡើយ
10, Jan 2020 , 10:44 pm        
រូបភាព
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីបង្ការជំងឺរលាកសួត រូបភាពពី South China Morning Post
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីបង្ការជំងឺរលាកសួត រូបភាពពី South China Morning Post
ដោយ:
ភ្នំពេញ៖ ជំងឺរលាកសួត ជាជំងឺមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ដែលកំពុងតែផ្ទុះឡើងនៅប្រទេសចិននោះ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី១០ ខែមករាថា កម្ពុជាមិនទាន់មានពលរដ្ឋណាម្នាក់កើតជំងឺនេះនៅឡើយទេ។ តែ ក្រសួងសុខាភិបាល កំពុងតាមដានពីស្ថានភាពជំងឺនេះ។



ការផ្ទុះឡើងនូវជំងឺនេះ អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល មន្ទីរពិសោធន៍នៃប្រទេសចិន និង អ្នកជំនាញផ្សេងៗទៀត កំពុងតែសិក្សាស្រាវជ្រាវ ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុសនេះ និងដើម្បីឲ្យដឹងថា តើជំងឺនេះអាចនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរយ៉ាងណា។ បើតាមការបញ្ជាក់ពីមន្ទីរពិសោធន៍នៃប្រទេសចិន ជំងឺរលាកសួតនេះ មិនមានលក្ខណៈដូចនឹងប្រភេទជំងឺ SARS ឬជំងឺផ្តាសាយបក្សី ឬជំងឺផ្តាសាយបង្កដោយវីរុសអាដេណូ (Adenovirus) ជំងឺ MERS និង ជំងឺផ្លូវដង្ហើមឡើយ។

ខណៈពលរដ្ឋកម្ពុជាមិនទាន់កើតជំងឺនេះ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋដែលកំពុងតែធ្វើដំណើរទៅ ឬវិលត្រឡប់មកពីក្រុងវ៉ូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺរលាកសួតនេះ មានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវប៉ះពាល់អ្នកជំងឺផ្លូវដង្ហើម និងជៀសវាងទៅផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ និងត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់។

បើក្នុងករណីមានអ្នកកើតរោគសញ្ញាគ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម ក្រសួងសុខាភិបាលស្នើឲ្យពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីទប់ស្កាត់ជំងឺនេះ។ ថ្វីដ្បិតកម្ពុជាមិនទាន់មានរោគសញ្ញានេះក៏ដោយ ក្រសួងបានរៀបចំដាក់ម៉ាស៊ីនស្កេនកំដៅនៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។ ជាពិសេស ក្រសួងក៏ចាត់អ្នកជំនាញនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានបង្គាប់ឲ្យមន្ទីរសុខាភិបាលតាមបណ្តាខេត្តនានា តាមដាននិងផ្តល់ជាព័ត៌មានអំពីស្ថានភាពអ្នកជំងឺផ្លូវដង្ហើមដែលអាចសង្ស័យថាមានជំងឺរលាកសួត។

ក្រសួងសុខាភិបាល បានប្រកាសលេខទូរសព្ទ ១១៥ សម្រាប់ឲ្យពលរដ្ឋដែលសង្ស័យថាមានជំងឺរលោកសួត។ ជំងឺរលាកសួតនេះ បង្កឡើងដោយវីរុសដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ដែលជំងឺនេះបានផ្ទុះឡើងលើកដំបូងនៅប្រទេសចិន ក្នុងឆ្នាំ២០០៣ ។ ពេលនោះជំងឺរលាកសួត បានរីកសាយភាយយ៉ាងលឿននៅក្នុងទីក្រុងមួយចំនួនរបស់ចិន ដែលបង្កឲ្យមនុស្ស៨ពាន់នាក់ឆ្លងជំងឺមួយនេះ ហើយមនុស្ស៧៧៥នាក់ បានបាត់បង់ជីវិត។

បច្ចុប្បន្ន ជំងឺនេះបានកើតឡើងសាជាថ្មីនៅខែឆ្នូ ឆ្នាំ២០១៩ នៅប្រទេសចិន ដែលបង្កឲ្យមនុស្ស៥៩នាក់ កើតជំងឺនេះ។ បច្ចុប្បន្នអ្នកដែលមានជំងឺនេះ ត្រូវបានទទួលការព្យាបាលដោយដាក់ឲ្យដាច់ពីអ្នកជំងឺធម្មតា៕

អត្ថបទទាក់ទង
 

Tag:
 ក្រសួងសុខាភិបាល
  ជំងឺរលោកសួត
  ចិន
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com