កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​ទាំង​៥​នៅ​អឺរ៉ុប ដែល​ឈ្នះ​ពាន​លី​គ​កំពូល​ក្រុង​ស្រុក​ច្រើនជាងគេ​
11, Jan 2020 , 6:29 pm        
រូបភាព
​កីឡាបាល់ទាត់​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ពេញនិយម​លេង ទាំង​ក្នុង​កម្រិត​ធម្មតា និង​ក្នុង​លី​គ​អាជីព​។ យ៉ាងណា មានតែ​លី​គ​កីឡាបាល់ទាត់​អាជីព​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​គេ​ស្គាល់ និង​មាន​អ្នកទស្សនា​ច្រើន​។ សរុបសេចក្តី​មក ចំណោម​ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក មានតែ​លី​គ​នៅ​តំបន់​អឺរ៉ុប​ចំនួន​៥​ប៉ុណ្ណោះ ដែល​រួមមាន​លី​គ​កំពូល​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​អង់គ្លេស ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​បំផុត​។​


 
​សារព័ត៌មាន​ថ្មីៗ នឹង​បង្ហាញ​លោកអ្នក​អំពី​ក្លិប​កីឡាបាល់ទាត់​ចំនួន​៥ ដែល​បានឈ្នះ​ជើងឯក​លី​គ​កំពូល​ក្នុងស្រុក​របស់​ពួកគេ​ច្រើនជាងគេ​បំផុត ក្នុងចំណោម​លី​គ​ទាំង​៥​ផ្សេងគ្នា​នៅ​អឺរ៉ុប គិត​ត្រឹម​ឆ្នាំ​២០២០​នេះ​។​
 
១- Juventus ជា​ក្លិប​ជោគជ័យ​ជាងគេ​នៅ​អ៊ីតាលី តាមរយៈ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ីតាលី ឬ​សព្វថ្ងៃ​មាន​ឈ្មោះថា Serie A រហូតដល់​ទៅ​៣៥​សម័យកាល​។ ក្រុម​រហស្សនាម​សេះបង្កង់​បានឈ្នះ​ពាន​នេះ​លើកដំបូង​នៅ​រដូវ​កាល ១៩០៥-០៦ និង​ចុងក្រោយ ២០១៨-១៩​។​


 
២- Real Madrid ដែល​គេ​ស្គាល់​ថា​ជា​ក្លិប​ពេញនិយម​នាំចូល Super Stars ច្រើនជាងគេ ឈ្នះ​ជើង​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ ឬ La Liga ចំនួន​៣៣​ដង​។ ក្រុម​ស្តេច​ស លើក​ពាន​នេះ​លើកដំបូង​ក្នុង​រដូវ​កាល ១៩៣១-៣២ និង​ចុងក្រោយ ២០១៦-១៧​។​


 
៣- Bayern Munich លើក​ពាន​លី​គ​កំពូល​អាល្លឺម៉ង់ ឬ Bundesliga ចំនួន ២៨​លើក​ក្នុង​ប្រ​វត្ត​សាស្ត្រ​ក្លិប​រួចមកហើយ​។ Bayern Munich លើក​ពាន​នេះ​លើកដំបូង​នៅ​រដូវ​កាល ១៩៣១-៣២ និង​ចុងក្រោយ ២០១៨-១៩​។​


 
៤- Manchester United ជា​ក្លិប​ជោគជ័យ​ជាងគេ​នៅ​អង់គ្លេស ដោយ​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា Premier League ដល់​ទៅ​២០​សម័យ​។ ក្រុម​រហស្សនាម​បិសាច​ក្រហម​លើក​ពាន​នេះ​លើកដំបូង​ក្នុង​រដូវ​កាល ១៩០៧-០៨ និង​ចុងក្រោយ ២០១២-១៣​។​


 
៥- Saint-Etienne ជា​ក្លិប​បាល់ទាត់​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង​ច្រើនជាងគេ មិនមែន Paris Saint-Germain ឬ Lyon ឡើយ​។ Saint-Etienne ឈ្នះ​ពាន Ligue1 បារាំង ចំនួន​១០​សម័យកាល ដោយ​ឈ្នះ​លើកដំបូង​ក្នុង​រដូវ​កាល ១៩៥៦-៥៧ និង​ចុងក្រោយ ១៩៨០-៨១​។ 
 



Tag:
 លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com