អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធាអ៊ីរ៉ង់ទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះអ៊ុយក្រែនទម្លាក់ដោយអចេតនា
11, Jan 2020 , 11:21 am        
រូបភាព
រូបភាព៖ ​AFP
រូបភាព៖ ​AFP
ដោយ: ថ្មីៗ
អ៊ីរ៉ង់នៅថ្ងៃសៅរ៍ទី ១១ ខែមករាបានទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់សម្តីយោធាអ៊ីរ៉ង់។
 

ក្រោយបដិសេធការចោទប្រកាន់អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ីរ៉ង់ព្រមទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ ករណីបាញ់ទម្លាក់​យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះបានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងក្នុងចំណោមនោះភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងកាណាដា។ 

ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី ១១ មករាដែលចុះផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AP  យោធាអ៊ីរ៉ង់បន្ទោស«កំហុសមនុស្ស»ដែលបង្កឲ្យបញ្ហានេះកើតឡើង។ សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា យន្តហោះស៊ីវិលរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនត្រូវបានគេភាន់ច្រឡំទៅនឹងគោលដៅសត្រូវ ក្រោយពេលវាធ្វើដំណើរឆ្ពោះមកកាន់ទីតាំងយោធារសើបរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
 
 «យោធាអ៊ីរ៉ង់ស្ថិតក្នុងការប្រុងជើងការខ្ពស់បំផុតក្នុងកាលៈទេសៈតានតឹងនិងប្រឈមមុខគ្នាជាមួយអាមេរិក»។ សេចក្តីថ្លែងការណ៍នោះបញ្ជាក់ដូច្នេះ។ 
 
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះ បានធ្លាក់នៅក្បែរតំបន់ Parand ជាយក្រុងតេហេរ៉ង់។ ដើមឡើយភាគីអះអាងថា ការធ្លាក់នេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេស ប៉ុន្តែអាមេរិកបានចង្អុលដាក់អ៊ីរ៉ង់ដោយសម្អាងលើភស្តុតាងដែលខ្លួន​ទទួលបានពីរភ្នាក់ងារចារកម្ម។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធម្តងហើយម្តងទៀត និងបានចោទអាមេរិកវិញថា ព្យាយាមផ្សព្វផ្សាយសម្តីកុហកបោកប្រាស់ដើម្បីបង្ខូចឈ្មោះខ្លួនផងដែរ។ 


ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif  ឯណោះក៏បានសម្តែងការសោកស្តាយពន់ពេកចំពោះករណីសោកនាដកម្មនេះ ហើយក៏បានសុំអភ័យទោសចំពោះបញ្ហាដែលបានកើតឡើងដែរ។ 
 
«ការសោកស្តាយ សុំអភ័យទោស និងការចូលរួមរម្លែកទុក្ខរបស់យើងចំពោះប្រជាជនយើង ក៏ដូចជាគ្រួសាររបស់អ្នកស្លាប់ទាំងអស់ និងបណ្តាប្រជាជាតិដែលរងការប៉ះពាល់ពីសោកនាដកម្មនេះ»។ នេះជាសម្តីរបស់លោក ក្នុងគណនី twitter ផ្លូវការរបស់ខ្លួន។ 
 
យ៉ាងណាមិញ លោកក៏ឆ្លៀតចោទថា អាមេរិកនេះហើយដែលជំរុញឲ្យបញ្ហាកើតឡើង។  «កំហុសរបស់មនុស្សកើតឡើងក្នុងពេលមានវិបត្តិនេះបង្កឡើង​ដោយដំណើរផ្សងព្រេងនិយមរបស់អាមេរិក បាននាំឲ្យកើតមានគ្រោះមហន្តរាយនេះ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com