អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីអ៊ីរ៉ង់សុំទោសចំពោះការសម្លាប់ជីវិតមនុស្ស ១៧៦នាក់ដោយអចេតនា
11, Jan 2020 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតីអ៊ីរ៉ង់ បានចេញមុខសូមអភ័យទោសជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែមករានេះចំពោះករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាស​ចរណ៍អ៊ុយក្រែនដែលឆក់យកជីវិតមនុស្សអស់ ១៧៦នាក់កាលពីថ្ងៃ ៨ មករាកន្លងទៅ។​​ ការសុំទោសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការទទួលស្គាល់ពីសំណាក់យោធាអ៊ីរ៉ង់ថា ខ្លួនពិតជាបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ប៉ុន្តែដោយអចេតនាប៉ុណ្ណោះ។


ប្រមុខរដ្ឋអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបង្ហោះសារសុំអភ័យទោសចំពោះការបង្កឲ្យមានសោកនាដកម្មដែលមានមនុស្សស្លាប់អស់ ១៧៦នាក់។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពិតជាមានការសោកស្តាយពេកក្រៃចំពោះកំហុសដ៏ធំធេងនេះ។
អត្ថបទទាក់ទង


«ការគិតគូរ និងការបួងសួងរបស់ខ្ញុំ សូមផ្ញើជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងចូលរួមរម្លែកទុក្ខអស់ពីចិត្តចំពោះក្រុមគ្រួសារជនរងគ្រោះដែរ»។ លោក រូហានី និយាយបែបនេះតាមគណនី Twitter ផ្លូវការរបស់ខ្លួន។

ក្នុងនាមជាប្រមុខរដ្ឋ លោកសន្យាថា​ អ៊ីរ៉ង់នឹង​កំណត់មុខអ្នកទទួលខុសត្រូវចំពោះកំហុសឆ្គងដែលបង្កឲ្យមានសោកនាដកម្មធំធេងនេះដែរ។  លោកនិយាយដូច្នេះ៖ «ការស៊ើបអង្កេតផ្ទៃក្នុងកងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ជាការសោកស្តាយដែលមីស៊ីលបាញ់ចេញដោយសារកំហុសឆ្គងរបស់មនុស្សបានបណ្តាលឲ្យមានសោកនាកម្មធ្លាក់យន្តហោះសម្លាប់មនុស្ស ១៧៦នាក់។ ការសើបសង្កេតបន្តកំណត់ និងរកមុខអ្នកទទួលខុសត្រូវចំពោះករណីសោកនាដកម្មដ៏ធំ និងកំហុសមិនអាចអត់ឱនឲ្យបាន»។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com