អន្តរជាតិ
តៃវ៉ាន់ រៀបចំការបោះឆ្នោត ដើម្បីសម្រេចជោគវាសនានៃប្រទេស ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen (ខាងឆ្វេង) និងលោកHan Kuo-yu បេក្ខជនបក្សគូមិញតាង។ រូបភាព៖ AFP
× ថ្ងៃទី១១ ខែមករា កោះតៃវ៉ាន់ រៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា ដើម្បីកំណត់ ថាតើនរណាឬបក្សណា នឹងគ្រប់គ្រង់ដែនដីមួយនេះ ខណៈពេលទីក្រុងប៉េកាំង កំពុងឃ្លាំមើលយ៉ាងម៉ត់ចត់ក្នុងការបោះឆ្នោតនេះ។
នាព្រឹកម៉ោង ៨ (ម៉ោងក្នុងស្រុក) ថ្ងៃទី១១ ខែមករា ពលរដ្ឋតៃវ៉ាន់ បានឈរតម្រង់ជួរយ៉ាងច្រើន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់។ ក្នុងការបោះឆ្នោតលើកនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai Ing-wen ត្រូវការពារតំណែងរបស់ខ្លួន ជាមួយបេក្ខជនប្រធានាធិបតីតៃវ៉ាន់ពីររូបទៀត ក្នុងនោះមានដូចជា លោក Han Kuo-yu បេក្ខជនមកពីបក្សគូមិញតាង និងលោក លោក James Soong Chu-yu ប្រធានបក្សPeople First Party។
យ៉ាងណាក៏ដោយ ក្នុងចំណោមបេក្ខជនទាំងបីរូបនេះ មានតែបុគ្គលពីររូបតែប៉ុណ្ណោះ ដែលលេចមុខខ្លាំងជាងគេ ក្នុងនោះមាន លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai និងលោក Han មកពីបក្សគូមិញតាង។ បុគ្គលទាំងពីររូប គឺមានគោលនយោបាយផ្ទុយគ្នាតែម្តង នៅចំពោះមុខរដ្ឋាភិបាលទីក្រុងប៉េកាំង។
បើតាមលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai ដែលត្រូវការពារតំណែងរបស់ខ្លួនទៅអាណត្តិទីពីរ មានគោលនយោបាយការពារតៃវ៉ាន់ ការពារតម្លៃសេរីភាពតៃវ៉ាន់ ប្រឆាំងនឹងចិនដីគោក ខណៈពេលទីក្រុងប៉េកាំង កំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនលើកោះតៃវ៉ាន់។ ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីបានដាក់សន្លឹកឆ្នោតក្នុងហឹបឆ្នោតរួច លោកស្រីTsai បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ខ្ញុំសង្ឃឹមថាប្រជាជនយើង អាចមកបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ និងធ្វើឲ្យប្រជាធិបតេយ្យនៅតៃវ៉ាន់កាន់តែរឹងមាំងជាងមុន»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ចំណែកលោកHan បេក្ខជនបក្សគូមិញតាង ដែលមានទំនោររក្សាទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំងនោះ មានគោលនយោបាយជំរុញឱកាសកោះតៃវ៉ាន់ឲ្យកាន់តែច្រើនជាងមុន ហើយបេក្ខជនរូបនេះ បានចោទរដ្ឋបាលកោះតៃវ៉ាន់ថា គ្មានហេតុផលអ្វីត្រូវធ្វើជាសត្រូវជាមួយទីក្រុងប៉េកាំងឡើយ។ ដោយបដិសេធមិនផ្តល់បទសម្ពាសជាមួយអ្នកកាសែត បន្ទាប់ពីបានបោះឆ្នោតរួច បេក្ខជនបក្សគូមិញតាងរូបនេះ បានចាត់ទុកការបោះឆ្នោតនៅតៃវ៉ាន់ថា គឺជាជម្រើស «សន្តិភាព ឬវិបត្តិ» ជាមួយចិន តាមរយៈពាក្យស្លោកថា « សុវត្ថិភាពតៃវ៉ាន់ និងជីវភាពធូរធាររបស់ប្រជាជនតៃវ៉ាន់»។
បើតាមការបោះឆ្នោតលើកនេះ ទីក្រុងប៉េកាំងមិនចង់ឃើញវត្តមានរបស់លោកស្រី Tsai ជាប្រធានាធិបតីតៃវ៉ាន់ទៀតទេ ព្រោះចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ ២០១៦មក លោកស្រីTsai បានធ្វើឲ្យទំនាក់ទំនងតៃវ៉ាន់ និងចិន រងភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ជាពិសេសគឺ ការគំរាមប្រកាសឯករាជ្យរបស់តៃវ៉ាន់ ដែលធ្វើឲ្យចិនព្រមានប្រើកម្លាំងយោធាវាយប្រហារតៃវ៉ាន់ជាច្រើនលើក។
បើគ្មានការប្រែប្រួលទេ លទ្ធផលបោះឆ្នោតបឋមនៃកោះតៃវ៉ាន់ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃនេះ។ សូមបញ្ជាក់ថា កោះតៃវ៉ាន់ បានផ្តាច់ចេញពីចិននៅក្នុងឆ្នាំ ១៩៤៩ និងបានដាក់ឈ្មោះជាផ្លូវការថា «សាធារណរដ្ឋចិន» ។ ប៉ុន្តែទីក្រុងប៉េកាំង នៅតែចាត់ទុកតៃវ៉ាន់ នៅតែជាផ្នែកមួយរបស់ខ្លួនដដែល តាមរយៈគោលនយោបាយ «ចិនតែមួយ»។
© រក្សាសិទ្ធិដោយ thmeythmey.com