ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុង​សៀមរាប នឹងមាន​ទឹកស្អាត​ប្រើ​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៣
11, Jan 2020 , 7:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប បានប្រកាស​ពី​គម្រោង​ស្ថាបនា​រោងចក្រ​ផលិត​ទឹកស្អាត​ដ៏​ធំ​មួយកន្លែង​នៅ​សង្កាត់​ជ្រាវ ដែល​ទាញ​ប្រភពទឹក​ពី​បឹង​ទន្លេសាប និង​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ចំនួន​៦០,០០០​ម​3/​ថ្ងៃ​។ ជាមួយនឹង​វត្តមាន​រោងចក្រ​ផលិត​ទឹកស្អាត​ដ៏​ធំ​ដែលជា​គម្រោង​ឥណទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តា​មរយៈ​អង្គការ JICA នេះ រដ្ឋាករទឹក​ស្វ័យ​ត​រំពឹងថា នឹង​អាចឱ្យ​ក្រុង​សៀមរាប​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៣​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ទឹក គឺមាន​សារសំខាន់​សម្រាប់​ការ​រ​ស់​នៅ​។ ការប្រើប្រាស់​ទឹកស្អាត គឺ​កាន់​តែមាន​សារសំខាន់ ដើម្បី​ទ្រទ្រង់​រាងកាយ​របស់​មនុស្ស និង​សត្វ​។ ខេត្តសៀមរាប ដែលជា​ទីក្រុង​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន ក៏​កំពុងមាន​តម្រូវការ​ទឹកស្អាត​នេះ​កាន់តែខ្លាំង​ដែរ​។ តាម​ស្ថិតិ បច្ចុប្បន្ន​ក្រុង​សៀមរាប​មាន​ប្រជាជន​រស់នៅ​ប្រមាណ ៤៣​ពាន់​គ្រួសារ ស្មើនឹង​ជាង ២៣​ម៉ឺន​នាក់​។ ចំនួន​នេះ ធ្វើឱ្យមាន​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ប្រមាណ ៦​ម៉ឺន ម​៣/​ថ្ងៃ ប៉ុន្តែ​ការផ្គត់ផ្គង់​ទឹកស្អាត​សព្វថ្ងៃនេះ​មាន​មិន​ដល់​៥០​ភាគរយ​ឡើយ​។​
 
​អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធ បាន​លើកឡើងថា ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប​សព្វថ្ងៃ​មាន​ប្រមាណ​៣៥​ភាគរយ​ប៉ុណ្ណោះ​។ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ស្ថាប័ន​នេះ​ទើប​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​រោងចក្រ​ថ្មី​ក្រោម​ឥណទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៥,០០០​ម​៣/​ថ្ងៃ ដែល​ទាញ​ទឹក​ពី​បារាយណ៍​ខាងលិច បន្ថែម​ពី​រោងចក្រ​ចាស់​ដែលមាន​សមត្ថភាព​ដូចគ្នា តែ​ទាញ​ប្រភពទឹក​ក្រោម​ដី​។ រោងចក្រ​ទាំងពីរ​នេះ​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទឹក​វិល ឬ​នៅ​ប៉ែក​ខាងលិច​ក្រុង​សៀមរាប​។​
 
​ផ្អែកលើ​ស្ថានភាព​សព្វថ្ងៃនេះ រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប​មិនអាច​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​បាន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​តាម​ការបញ្ជាក់​ពី​អគ្គនាយក នៅពេល​ឆាប់​ខាងមុខនេះ ក្នុង​គម្រោង​ឥណទាន​ពី​ជប៉ុន​តាមរយៈ​អង្គការ JICA គ្រោង​នឹង​សង់រោង​ចក្រ​ខ្នាត​ធំ​មួយ​នៅ​សង្កាត់​ជ្រាវ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ៦​ម៉ឺន​ម​៣/​ថ្ងៃ​។ ការណ៍​នេះ នឹង​អាចឱ្យ​រដ្ឋាករទឹក​ស្វ័យ​ត​ខេត្ត​ព​ន្លឿ​ន​ការសម្រេច​គោលដៅ​ផ្គត់​ផ្គត់​ទឹកស្អាត​បាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កំណត់ឱ្យ​រដ្ឋាករ​ស្វ័យ​ត​ទឹក​ទាំងអស់ ត្រូវ​ផ្គត់ផ្គង់​១០០​ភាគរយ​ត្រឹម​ឆ្នាំ​២០២៥​។ រោងចក្រ​ដែលមាន​សមត្ថភាព​ខ្ពស់​នេះ ទាញ​ប្រភពទឹក​ពី​បឹង​ទន្លេសាប​។​
 
 
​ដ្បិតថា រោងចក្រ​ថ្មី​នេះ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​ខ្ពស់​ក៏ពិតមែន តែ​ការចំនាយ​មាន​ចំនួន​ច្រើន​ទៅតាម​នោះដែរ​។ ដោយសារ​រយៈ​ចម្ងាយ​បញ្ជូន​ឆ្ងាយ និង​ការសម្អាត​មាន​ច្រើន​ដំណាក់កាល បញ្ជូន​តាម​បំពង​បង្ហូរ​ចំនួន​២​ខ្សែ​ប្រវែង ១៨​គីឡូម៉ែត្រ និង​កញ្ចប់​បណ្ដាញ​ចែកចាយ​ទាំងមូល​សរុប ១៦៦​គីឡូម៉ែត្រ​។​ល​។​
 
​ទាក់ទង​នឹង​បញ្ហា​ទឹកស្អាត​នេះ ប្រជាពលរដ្ឋ​មួយចំនួនធំ​មានការ​ងឿងឆ្ងល់​ពី​ភាពយឺត​យ៉ាង​ពង្រីក​រោងចក្រ​ផលិត​ទឹកស្អាត​ឱ្យ​សមស្រប​ទៅនឹង​កំណើនប្រជាជន​រស់នៅក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ខណៈដែល​សៀមរាប​មាន​ទាំង​បឹង​ទន្លេសាប និង​ស្ទឹង​។ ករណីនេះ លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធ ពន្យល់ថា ការយក​ប្រភពទឹក​មិនមែន​ចេះតែ​យក​ទេ គឺមាន​ការសិក្សា​ត្រឹមត្រូវ ពិសេស​គឺ​ប្រភពទឹក​យូរអង្វែង​។ ចំណែក​បឹង​ទន្លេសាប​គឺមាន​ចម្ងាយ​ឆ្ងាយ​ពេក ដែល​ធ្វើឱ្យ​ការផលិត​ត្រូវ​ចំនាយ​ច្រើន ទាំង​តម្លៃ​អគ្គិសនី​ផង មុននឹង​រុញ​បញ្ជូន​តាម​បណ្ដាញ​ផ្ទះ​ប្រជាជន​។ ចំណែក​ស្ទឹង​សៀមរាប នា​រដូវប្រាំង​អាច​ផ្គត់ផ្គង់​ទឹកបាន​តិចតួច​។​
 
«​ការសិក្សា​ពី​ការធ្វើ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត គឺ​ត្រូវ​គិត​ប្រភព​ជា​ចម្បង ហើយ​ប្រភព​នោះ​គឺ​ស្រង់​យក​ទិន្នន័យ​ពី​៣០​ទៅ​៥០​ឆ្នាំមុន តើ​ប្រភព​អាច​រីក​ស្ងួត យើង​មិនអាច​ប្រថុយប្រថាន​យក​ប្រភពទឹក​ណាមួយ ហើយ​នៅពេល​ណាមួយ​រីងស្ងួត​ប្រភព​អស់ បាន​ទឹក​ឯណា​ផ្គត់ផ្គង់​ឱ្យ​ប្រជាពលរដ្ឋ​? នៅ​សៀមរាប​យើង​មាន​ប្រភពទឹក​ច្រើន​មែន ដូចជា​ស្ទឹង ទឹក​ក្រោម​ដី បារាយណ៍ ទន្លេសាប តែ​យើង​បាន​សិក្សា​ទៅ​ឃើញថា ស្ទឹង​សៀមរាប​នៅ​ខែប្រាំង​ផ្តល់នូវ​បរិមាណ​ទឹក​តិចតួច ដែល​មិនអាច​យកមក​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ផលិត​ទឹកស្អាត​ទេ​, ប្រភព​ក្រោម​ដី​មានកំណត់ អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​យើង​តែ ១៥,០០០​ម​២/​ថ្ងៃ មិនឱ្យ​យក​ថែម​ទេ បឹង​ទន្លេសាប​ច្រើន​មែន តែ​រដូវប្រាំង គុណភាព​មិនសូវ​ល្អ ទាមទារ​ការសម្អាត ហើយ​ការសម្អាត​ត្រូវការ​ថវិកា​ច្រើន​»​។ នេះ​ជាការ​បញ្ជាក់​ពី​លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធ​។​
 
 
​ទឹក​ក្រោម​ដី គឺជា​ប្រភព​ដែលមាន​និរន្តរភាព និង​មានគុណ​ភាពល្អ​។ បច្ចុប្បន្ន រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប​មាន​អណ្ដូងទឹក​ក្រោម​ដី​ដែល​ស្ថិតនៅ​សង្កាត់​ទឹក​វិល​ចំនួន ១៥​អណ្ដូង​។ ការស្នើសុំ​ជីក​អណ្ដូង​ក្រោម​ដី​បន្ថែម ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បដិសេធ ដ្បិតថា​វា​មាន​ហានិភ័យ​ដល់​សំណង់​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ហេតុ​ដូច្នេះហើយ ទើប​ប្រភពទឹក​ក្រោយៗ​ដែល​ទាញ​យកមក​ផលិត​ទឹកស្អាត គឺ​យក​ពី​បារាយណ៍​ខាងលិច និង​បឹង​ទន្លេសាប​។ ចំណុច​នេះ លោក​អគ្គនាយក​រដ្ឋាក​រ​ទឹក​ប្រាប់ថា អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប​មាន​អណ្ដូង​ចំនួន​១០​ក្នុង​តំបន់​ប្រាសាទ សម្រាប់​ទុក​តាមដាន​ស្ថានភាព​ទឹក និង​ដឹង​ពី​ហានិភ័យ​នានា​។​
 
 
​ជាមួយនឹង​ការពង្រីក​សមត្ថភាព​ស​ង់​រោងចក្រ​បន្ថែម​ហើយ​នោះ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ក៏​បង្ហាញ​ពី​គោលការណ៍​ពង្រីក​បណ្ដាញ​ភ្ជាប់​ទៅ​ប្រជាជន​ផងដែរ​។ លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធ ប្រាប់ថា ស្ថាប័ន​របស់លោក​កំពុង​ប្រឹងប្រែង​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់ ដើម្បីឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ទឹកស្អាត និង​មានគុណ​ភាពល្អ​។ លោក​បន្តថា ពលរដ្ឋ​ជា​បន្តបន្ទាប់​បានដាក់​ពាក្យ​ភ្ជាប់​បណ្ដាញ​ទឹកស្អាត ក្រោយពី​មានការ​ផ្សព្វផ្សាយ និង​យល់​ពី​សារសំខាន់​ក្នុងការ​ប្រើប្រាស់​សម្រាប់​សុខភាព​ក្នុង​គ្រួសារ​។ រដ្ឋាករទឹក​មិនបាន​កំណត់​ទីតាំង​ត​បណ្ដាញ​ទេ គឺ​ផ្តោតជាសំខាន់​ទៅ​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន និង​មាន​បំពង​មេ​បញ្ជូន​ទៅដល់​។​
 
 
​ក្រោយពី​បង្ហាញ​ម​ហ្ឆិ​តា និង​ការសម្រេច​ត​បណ្ដាញទឹក​ស្អាត​ប្រើប្រាស់​ត្រឹម​ឆ្នាំ​២០២៣​ហើយ​នោះ អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប ក៏បាន​សរសើរ​ពី​គុណភាព​ទឹកស្អាត​ក្នុង​ខេត្ត​នេះដែរ​។ យោងតាម​ការសិក្សា​រប​ស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ AFD ទឹកស្អាត​នៅ​សៀមរាប​មានគុណ​ភាពល្អ​ជាងគេ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធ ប្រាប់ថា លោក​ផ្ទាល់​ក៏​ពិសារ​ទឹក​នេះដែរ ដោយសារ​មាន​ទំនុកចិត្ត​ខ្ពស់​។ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​មួយរូប លោក​អគ្គនាយក​ក៏​ស្នើ​ដល់​ប្រតិបត្តិ​ករ​ដទៃទៀត ត្រូវ​គិតគូរ​ពី​គុណ​ភាពជា​ចម្បង​ដើម្បី​សុខភាព​អ្នកប្រើប្រាស់​គ្រប់គ្នា​៕
 
 
 

Tag:
 រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​
 ​ទឹកស្អាត​
  ឃុ​ត វុ​ទ្យា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com