អន្តរជាតិ
វៀតណាម ផ្តើម​ការងារ​ដំបូង​ជា​ប្រធាន​វិលជុំ​ប្រចាំខែ​ក្រុមប្រឹក្សាសន្តិសុខ ដោយ​ផ្តោតលើ​បញ្ហា​សន្តិសុខ​ពិភពលោក​
11, Jan 2020 , 8:29 pm        
រូបភាព
ដោយ:
​វៀតណាម ដែលជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទើប​កាន់តំណែង​នោះ បានចាប់ផ្តើម​ការងារ និង​ការទទួលខុសត្រូវ​ដំបូង​ក្នុងនាម​ជា​ប្រធាន​វិលជុំ​ប្រចាំខែ​របស់​ក្រុមប្រឹក្សាសន្តិសុខ​តែម្តង​។  ការងារ​ដំបូង​នោះ​គឺ វៀតណាម ត្រូវ​ដឹកនាំ​កិច្ចពិភាក្សា​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​សកល ស្របពេល​ពិភពលោក កំពុង​តែមាន​ភាព​តានតឹង​ស្រាប់​នោះ​។

 
​លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​វៀតណាម ក្នុងនាម​ជា​ប្រធាន​វិលជុំ​ប្រចាំខែ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​៩ មករា បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រី​មួយ ដោយ​ផ្តោត​សំខាន់​លើ​ការងារ​អនុវត្ត​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News​។ 
 
​តាមរយៈ​កិច្ចពិភាក្សា ដែលមាន​ការចូលរួម​ពី​សំណាក់​លោក​អគ្គលេខាធិកា​រ​អង្គការ​សហ​ប្រជា​តិ Antonio Guterres ផង​នោះ លោក​ឧបនាយករដ្ឋមន្ត្រី Minh បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការគោរព និង​ប្រតិបត្តិ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ក៏ដូចជា​ជួយ​បញ្ចៀស​ការរស់នៅ​របស់​មនុស្សជាតិ​ពី​សង្គ្រាម​។ 
 
​តំណាង​ជាន់ខ្ពស់ និង​ជា​ប្រមុខ​ការទូត​វៀតណាម​រូបនេះ បាន​សង្កត់ធ្ងន់ថា វៀតណាម ចាត់ទុក​ការប្រតិបត្តិ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ គឺជា​មធ្យោបាយ​សំខាន់បំផុត​ក្នុងការ​រក្សា​ឲ្យ​បាន​និរន្ត​ភាព​សន្តិភាព​, នាំមក​នូវ​ភាពរុងរឿង និង​កសាង​សណ្តាប់ធ្នាប់​ពិភពលោក​មួយ​ប្រកបដោយ​តម្លាភាព និង​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​បរិយាកាស​សមធម៌ និង​មិត្តភាព​ក្នុង​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​ពិភពលោក​។ 
 
​ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ទើប​ចូលកាន់​តំណែង (​សម្រាប់​អាណត្តិ​២០២០-២០២០) និង​ជា​ប្រធាន​ប្តូរ​វេន​ប្រចាំខែ​ផង លោក Minh  បានស្នើ​ដល់​ក្រុមប្រឹក្សាសន្តិសុខ និង​សមាជិក​របស់ខ្លួន ឲ្យ​បង្ហាញ​គំរូ​នាំមុខគេ​ក្នុងការ​អង្កេត និង​អនុវត្ត​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ 
 
​នាឱកាស​នោះ លោក ក៏បាន​ទទូច​ដល់​សមាជិក​ទាំង​អស់​បង្កើន​កិច្ចសន្ទនា​, បន្ត​អនុវត្ត​គោលការណ៍​ពហុភាគី​និយម​, និង​អនុវត្ត​តួនាទី​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​កម្រិត​អតិបរមា ជាពិសេស​លើ​កិច្ចការ​ទប់ស្កាត់​ជម្លោះ និង​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ដោយ​សន្តិវិធី​បំផុត​ផងដែរ​។ 
 
​គួរ​ជម្រាប ក្រុមប្រឹក្សាសន្តិសុខ គឺជា​អង្គភាព​ដ៏​មាន​ឥទ្ធិពល​មួយ​របស់​ពិភពលោក ដែល​ស្ថិតក្រោម​ចំណុះ​អង្គការសហប្រជាជាតិ​។ ក្រុមប្រឹក្សា​នេះ មាន​សមាជិក​សរុប​ទាំងអស់ ១៥ ប្រទេស ដែល​ក្នុងនោះ មាន ៥​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ (​ចិន បារាំង អង់គ្លេស អាមេរិក និង​រុស្ស៊ី​) និង​១០ ផ្សេងទៀត ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ដែល​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​តាម​តំបន់​គោល​នីមួយៗ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​។ 
 
​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែលជា​លិ​ខិ​តូ​បក​រណ៍ ឬ​ច្បាប់កំពូល​មួយ​របស់​ពិភពលោក ក្រុមប្រឹក្សាសន្តិសុខ ត្រូវ​មានការ​ទ​ទូល​ខុសត្រូវ​លើ​កិច្ច​ការរក្សា និង​ការពារ​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ​។ ក្រុមប្រឹក្សា​នេះ មាន​សិទ្ធិអំណាច​ស្នើ​ដាក់ទណ្ឌកម្ម​តាម​ស្ថានភាព​ជាក់ស្តែង​ទៅលើ​បណ្តា​រដ្ឋ​សមាជិក ដែល​រំលោភបំពាន​នឹង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាពិសេស​បញ្ហា​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ​តែម្តង​៕ 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com