អន្តរជាតិ
ទសវត្សរ៍​ថ្មី ផ្តើម​ដោយ​ព្រឹត្តិការណ៍​សោកនាដកម្ម​៖ ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​, ជម្លោះ​អ៊ីរ៉ង់​-​អាមេរិក​...
11, Jan 2020 , 9:29 pm        
រូបភាព
​មិន​ដល់​ពីរ​សប្តាហ៍ នៃ​ឆ្នាំ​២០២០​ទេ បញ្ហា​ជាច្រើន កំពុង​កើតឡើង និង​កំពុង​គំរាមកំហែង​ពិភពលោក​។ បញ្ហា​ទាំងនោះ​មាន​ចាប់ពី​ភ្លើង​ឆេះ​ព្រៃ ដល់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា រហូតដល់​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ និង​បញ្ហា​ផ្សេងៗ​ទៀត​។

 
​ខាងក្រោម​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ក្តៅគគុក ដែល​កំពុងតែ​កើតឡើង និង​បាន​កើតឡើង​នៅក្នុង​នៅ​ដើម​ទំព័រ​នៃ​ឆ្នាំ ២០២០៖ 
​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​
 
​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​កើតឡើង​តាំងពី​ខែកញ្ញា ឆ្នាំ ២០១៩​មក​ម្លេះ ប៉ុន្តែ​រហូតមកដល់​ដើមឆ្នាំ ២០២០ ស្ថានភាព​អគ្គិភ័យ​កាន់តែ​អាក្រក់​ឡើង​។ គិត​ត្រឹម​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០ ភ្លើង​ជាង ១៣០ ចំណុច កំពុង​ឆាបឆេះ​ក្នុង​រដ្ឋ New South Wales និង Victoria ។ ភ្លើង​ដ៏​សាហាវ​នេះ បាន​បំផ្លិចបំផ្លាញ​ដី​ប្រមាណ ៩,៩ លាន​ហិកតា នៅ​ជុំវិញ​រដ្ឋ​ចំនួន​៥​របស់​អូស្ត្រាលី​។ យ៉ាងតិចណាស់ មនុស្ស ១៨ នាក់​បាន​ស្លាប់ ហើយ​ផ្ទះសំបែង​ប្រមាណ ១៤០០ បាន​ឆេះ​ខ្ទេចខ្ទី​។​
 
​ក្នុង​រយៈពេល​បី​ខែ​នេះ សត្វ​ចំនួន ៥០០​លាន​ក្បាល បាន​ងាប់​ដោយ​គ្រោះមហន្តរាយ​មួយ​នេះ​។ ក្នុងចំណោម​សត្វ​ទាំងនោះ​មានដូចជា សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) សត្វ​កង់​ហ្គូ​រូ , សត្វ Possum, សត្វ Wombat និង​សត្វ Echidnas ជាដើម​។  ជាមួយគ្នានេះដែរ ភ្លើង​ឆេះ​ព្រៃ​នេះ បាន​បង្ក​ឲ្យ​មាន​រលក​កម្តៅ​ខ្លាំង ផ្សែង​ពុល និង​បង្ក​ផលប៉ះពាល់​សុខភាព​របស់​ប្រជាជន​អូស្ត្រាលី​យ៉ាងខ្លាំង​។ 
 
​ដំណក់ទឹកភ្លៀង នា​ថ្ងៃទី​៥ ខែមករា ចាប់ផ្ដើម​ធ្លាក់​ក្នុងប្រទេស​អូស្ត្រាលី ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​បាន​ធ្លាក់ចុះ ហើយ​ទំនង​ធ្វើ​ឲ្យ​ធូរស្រាល​មួយផ្នែក​ជុំវិញ​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ​។ ប៉ុន្តែ​មន្ត្រី​អូស្ត្រាលី​ព្រមាន​ថា អគ្គិភ័យ​នេះ អាច​កើតឡើង​ខ្លាំង​ជាថ្មី ។​
 
​ឃាតកម្ម​លើ​បងធំ​ទី​ពីរ​របស់​អ៊ីរ៉ង់ និង​ការ​សងសឹក​
​នា​ថ្ងៃទី​៣ នៃ​ឆ្នាំ​២០២០ យន្តហោះ​ដ្រូ​ន ដែល​គ្មាន​មនុស្ស​បើក បាន​បាញ់​មី​ស៊ី​ល​ចំនួន​បី​គ្រាប់ ទៅលើ​ក្បួន​រថយន្ត​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ប្រមុខ​កងកម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ ហេតុការណ៍​នេះ ត្រូវបាន​ក្រុម​ជីវពល​ស្និទ្ធ​អ៊ីរ៉ង់ Hashed al-Shaabi រាយការណ៍​ថា​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani និង លោក Abu Mahdi al-Muhandis មេបញ្ជាការរង​របស់​ខ្លួន​ត្រូវបាន​សម្លាប់​។ 
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​ការវាយប្រហារ​នេះ អាមេរិក​បានចេញ​មុខ​ប្រកាសថា ប្រតិបត្តិការ​ខាងលើ គឺជា​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ក្រោម​ហេតុផល​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​អាមេរិក​។​ហេតុការណ៍​នេះ បាន​បង្ក​ភាព​តានតឹង​យ៉ាងខ្លាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​គឺ​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផ្ទាល់ គឺ​ត្រូវ​ធ្លាក់​យ៉ាង​ដុនដាប​។  អ៊ីរ៉ង់ បាន​គំរាម​អាមេរិក​ថា ខ្លួន​នឹង​សងសឹក​អាមេរិក​វិញ​ឲ្យ​ចាស់ដៃ​។ 
 
​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៀត នៅពេល​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កជាង​១០​គ្រាប់ ទៅ​វាយប្រហារ​បន្ទាយ​ឈរជើង​អាមេរិក​ចំនួន​ពីរ​នៅ​អ៊ីរ៉ាក់​។ តាមរយៈ​ប្រតិបត្តិការ​នេះ គ្មាន​កងទ័ព​អាមេរិក​ណា​ម្នាក់​រងរបួស ឬ​បាត់​បង់ជីវិត​ឡើយ ប៉ុន្តែ​បន្ទាយ​ទាំងពីរ​ត្រូវ​ខូ​ត​ខាត​យ៉ាងខ្លាំង ។​ប៉ុន្តែ​ការ​គេចខ្លួន​ពី​សំណាក់​ទាហាន​អាមេរិក​បាន​នេះ គឺ​ដោយសារ​តែមាន​សញ្ញា​ព្រមាន​ពី​ការវាយប្រហារ​របស់​មី​ស៊ី​ល ទើប​អាច​ឲ្យ​ទាហាន​អាមេរិក រក​កន្លែង​សុវត្ថិភាព​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
​ដោយសារតែ​ភាព​តានតឹង​នេះ រដ្ឋបាល​អាកាសចរ​សហព័ន្ធ​អាមេរិក បានចេញ​បំរាម​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​ទាំង​អស់ ហោះហើរ​នៅក្នុង​ដែនអាកាស​របស់ អ៊ីរ៉ាក់ អ៊ីរ៉ង់ លើ​ដែនទឹក​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស និង ឈូង​សមុទ្រ​អូ​ម៉​ង់​។ 
 
​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​
​នា​ថ្ងៃទី​៨ ខែមករា យន្តហោះ​ប្រភេទ Boeing 737-800 របស់​អ៊ុយ​ក្រែ​ន ដែលមាន​ផ្ទុក​មនុស្ស​ចំនួន ១៧៦​នាក់ បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​។ ក្នុង​ហេតុការណ៍​ដ៍​រន្ធត់​មួយ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​មួយ​យន្តហោះ ទទួលមរណភាព​ទាំងអស់​។ ពិតណាស់​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយ​នេះ ត្រូវ​ចេញដំណើរ​នៅ​ម៉ោង ៥ និង​១៥​នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​)  ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ឆ្ពោះទៅ​អាកាសយានដ្ឋាន Boryspil នាទី​ក្រុង​កៀវ អ៊ុយ​ក្រែ​ន ប៉ុន្តែ​ត្រូវ​ពន្យារ​ជើងហោះហើរ​រហូតដល់​ម៉ោង ៦ និង​១២​នាទី​ព្រឹក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera ។ 
 
​ជនរងគ្រោះ​ចំនួន ១៧៦​នាក់​នេះ គឺ​មកពី​ប្រទេស​ចំនួន ៧ ក្នុងនោះ​មានដូចជា ជនជាតិ​អ៊ីរ៉ង់ ៨២​នាក់ កាណាដា ៦៣​នាក់ អ៊ុយ​ក្រែ​ន ១១ ស៊ុយអែត​១០​នាក់ អា​ហ្វ​ហ្គា​នី​ស្ថាន ៤​នាក់ អាល្លឺម៉ង់ និង​អង់គ្លេស គឺមាន​៣​នាក់​ដូចគ្នា​។ ចំណែក​មូលហេតុ​នៃ​ការធ្លាក់​វិញ គឺ​កំពុង​ស្ថិតក្នុង​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​។ សម្រាប់​ស្ថានទូត​អ៊ុយ​ក្រែ​ន​នៅ​អ៊ីរ៉ង់​ថា ហេតុការណ៍​នេះ គឺ​បណ្តាលមកពី​បញ្ហា​ដំណើរការ​ម៉ាស៊ីន​យន្តហោះ ខណៈពេល​អង់គ្លេស និង​កាណាដា បាន​ចោទថា​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់ ដោយសារ​ត្រូវ​មី​ស៊ី​ល​អ៊ីរ៉ង់​។ ចំណែក​កាសែត​អាមេរិក The New York Times នៅ​ថ្ងៃទី​៩ ខែមករា ក៏​បញ្ចេញ​វីដេអូ​យន្តហោះ​ត្រូវ​មី​ស៊ី​លបាញ់​ផងដែរ​។ 
 
​ហេតុការណ៍​ផ្សេងៗ​ទៀត 
​ក្រៅពី​ហេតុការណ៍​ទាំងបី​ខាងលើ នៅមាន​បញ្ហា​ពិភពលោក​តូចៗ​ជាច្រើន​ទៀត ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​រួមមាន​៖ 
​ហេតុការណ៍​បាក់​អាគារ​នៅ​កម្ពុជា ឥណ្ឌូណេស៊ី និង​ប៉ា​គី​ស្ថាន​។ ក្នុងករណី​បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប នា​ដើមខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​។ ចំណែក​ករណី​បាក់​អាគារ ៥​ជាន់​នៅ​ឥណ្ឌូណេស៊ី​វិញ មនុស្ស​៨​នាក់​រងរបួស ខណៈពេល​មូលហេតុ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ បន្ថែម​ពីលើ​នេះ ករណី​បាក់​អាគារ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បាន​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​អ្នក​ទៀត​រងរបួស​។ 
 
​បន្ថែម​ពីលើ​នេះ គ្រោះទឹកជំនន់​នៅ​ឥណ្ឌូណេស៊ី បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៦៦​នាក់​នា​ដើមឆ្នាំ ២០២០​។ ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នៅ​ទីក្រុង​ហ្សា​ការ​តា ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ហើយ​បាន​ឆ្លង​ចូល​ថ្ងៃទី​១ ខែមករា​។ ការណ៍​នេះ បាន​បណ្តាល​ឲ្យ​តំបន់​ជុំវិញ​រដ្ឋធានី និង​តំបន់​ផ្សេងទៀត​ត្រូវ​លិច ខណៈពេល​អាជ្ញាធរ បាន​ជម្លៀស​ប្រជាជន​ជាង ១​ម៉ឺន​នាក់​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើម្បី​បញ្ចៀស​ភ្លៀង​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​ទប់ស្កាត់​គ្រោះទឹកជំនន់​នេះ ៕

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  អូស្ត្រាលី​
  ឥណ្ឌូណេស៊ី​
  កម្ពុជា​
  ប៉ា​គី​ស្ថាន​
  អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com