មិនដល់ពីរសប្តាហ៍ នៃឆ្នាំ២០២០ទេ បញ្ហាជាច្រើន កំពុងកើតឡើង និងកំពុងគំរាមកំហែងពិភពលោក។ បញ្ហាទាំងនោះមានចាប់ពីភ្លើងឆេះព្រៃ ដល់សង្គ្រាមនៅមជ្ឈិមបូព៌ា រហូតដល់ព្រឹត្តិការណ៍ធ្លាក់យន្តហោះ និងបញ្ហាផ្សេងៗទៀត។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ដ៏ក្តៅគគុក ដែលកំពុងតែកើតឡើង និងបានកើតឡើងនៅក្នុងនៅដើមទំព័រនៃឆ្នាំ ២០២០៖
ភ្លើងឆេះព្រៃនៅអូស្ត្រាលី
ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី បានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៩មកម្លេះ ប៉ុន្តែរហូតមកដល់ដើមឆ្នាំ ២០២០ ស្ថានភាពអគ្គិភ័យកាន់តែអាក្រក់ឡើង។ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ភ្លើងជាង ១៣០ ចំណុច កំពុងឆាបឆេះក្នុងរដ្ឋ New South Wales និង Victoria ។ ភ្លើងដ៏សាហាវនេះ បានបំផ្លិចបំផ្លាញដីប្រមាណ ៩,៩ លានហិកតា នៅជុំវិញរដ្ឋចំនួន៥របស់អូស្ត្រាលី។ យ៉ាងតិចណាស់ មនុស្ស ១៨ នាក់បានស្លាប់ ហើយផ្ទះសំបែងប្រមាណ ១៤០០ បានឆេះខ្ទេចខ្ទី។
ក្នុងរយៈពេលបីខែនេះ សត្វចំនួន ៥០០លានក្បាល បានងាប់ដោយគ្រោះមហន្តរាយមួយនេះ។ ក្នុងចំណោមសត្វទាំងនោះមានដូចជា សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) សត្វកង់ហ្គូរូ , សត្វ Possum, សត្វ Wombat និងសត្វ Echidnas ជាដើម។ ជាមួយគ្នានេះដែរ ភ្លើងឆេះព្រៃនេះ បានបង្កឲ្យមានរលកកម្តៅខ្លាំង ផ្សែងពុល និងបង្កផលប៉ះពាល់សុខភាពរបស់ប្រជាជនអូស្ត្រាលីយ៉ាងខ្លាំង។
ដំណក់ទឹកភ្លៀង នាថ្ងៃទី៥ ខែមករា ចាប់ផ្ដើមធ្លាក់ក្នុងប្រទេសអូស្ត្រាលី ដែលបង្កឲ្យសីតុណ្ហភាពបានធ្លាក់ចុះ ហើយទំនងធ្វើឲ្យធូរស្រាលមួយផ្នែកជុំវិញភ្លើងឆេះដ៏សន្ធោសន្ធៅ។ ប៉ុន្តែមន្ត្រីអូស្ត្រាលីព្រមានថា អគ្គិភ័យនេះ អាចកើតឡើងខ្លាំងជាថ្មី ។
ឃាតកម្មលើបងធំទីពីររបស់អ៊ីរ៉ង់ និងការសងសឹក
នាថ្ងៃទី៣ នៃឆ្នាំ២០២០ យន្តហោះដ្រូន ដែលគ្មានមនុស្សបើក បានបាញ់មីស៊ីលចំនួនបីគ្រាប់ ទៅលើក្បួនរថយន្តលោកឧត្តមសេនីយ៍ Qasem Soleimani ប្រមុខកងកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ហេតុការណ៍នេះ ត្រូវបានក្រុមជីវពលស្និទ្ធអ៊ីរ៉ង់ Hashed al-Shaabi រាយការណ៍ថាលោកឧត្តមសេនីយ៍ Qasem Soleimani និង លោក Abu Mahdi al-Muhandis មេបញ្ជាការរងរបស់ខ្លួនត្រូវបានសម្លាប់។
ប៉ុន្មានម៉ោងក្រោយការវាយប្រហារនេះ អាមេរិកបានចេញមុខប្រកាសថា ប្រតិបត្តិការខាងលើ គឺជាបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក្រោមហេតុផលការពារសន្តិសុខ និងផលប្រយោជន៍អាមេរិក។ហេតុការណ៍នេះ បានបង្កភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទាល់ គឺត្រូវធ្លាក់យ៉ាងដុនដាប។ អ៊ីរ៉ង់ បានគំរាមអាមេរិកថា ខ្លួននឹងសងសឹកអាមេរិកវិញឲ្យចាស់ដៃ។
ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែធ្ងន់ធ្ងរជាងនេះទៀត នៅពេលអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់ ទៅវាយប្រហារបន្ទាយឈរជើងអាមេរិកចំនួនពីរនៅអ៊ីរ៉ាក់។ តាមរយៈប្រតិបត្តិការនេះ គ្មានកងទ័ពអាមេរិកណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ប៉ុន្តែបន្ទាយទាំងពីរត្រូវខូតខាតយ៉ាងខ្លាំង ។ប៉ុន្តែការគេចខ្លួនពីសំណាក់ទាហានអាមេរិកបាននេះ គឺដោយសារតែមានសញ្ញាព្រមានពីការវាយប្រហាររបស់មីស៊ីល ទើបអាចឲ្យទាហានអាមេរិក រកកន្លែងសុវត្ថិភាពបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយសារតែភាពតានតឹងនេះ រដ្ឋបាលអាកាសចរសហព័ន្ធអាមេរិក បានចេញបំរាមហាមឃាត់ក្រុមហ៊ុនអាកាសចរអាមេរិកទាំងអស់ ហោះហើរនៅក្នុងដែនអាកាសរបស់ អ៊ីរ៉ាក់ អ៊ីរ៉ង់ លើដែនទឹកក្នុងឈូងសមុទ្រពែក្ស និង ឈូងសមុទ្រអូម៉ង់។
ឧបទ្ទវហេតុធ្លាក់យន្តហោះនៅអ៊ីរ៉ង់
នាថ្ងៃទី៨ ខែមករា យន្តហោះប្រភេទ Boeing 737-800 របស់អ៊ុយក្រែន ដែលមានផ្ទុកមនុស្សចំនួន ១៧៦នាក់ បានជួបឧបទ្ទវហេតុធ្លាក់យន្តហោះនៅអ៊ីរ៉ង់។ ក្នុងហេតុការណ៍ដ៍រន្ធត់មួយនេះ បានបង្កឲ្យមនុស្សមួយយន្តហោះ ទទួលមរណភាពទាំងអស់។ ពិតណាស់យន្តហោះអ៊ុយក្រែនមួយនេះ ត្រូវចេញដំណើរនៅម៉ោង ៥ និង១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ចេញពីទីក្រុងតេហេរ៉ង់ឆ្ពោះទៅអាកាសយានដ្ឋាន Boryspil នាទីក្រុងកៀវ អ៊ុយក្រែន ប៉ុន្តែត្រូវពន្យារជើងហោះហើររហូតដល់ម៉ោង ៦ និង១២នាទីព្រឹក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ។
ជនរងគ្រោះចំនួន ១៧៦នាក់នេះ គឺមកពីប្រទេសចំនួន ៧ ក្នុងនោះមានដូចជា ជនជាតិអ៊ីរ៉ង់ ៨២នាក់ កាណាដា ៦៣នាក់ អ៊ុយក្រែន ១១ ស៊ុយអែត១០នាក់ អាហ្វហ្គានីស្ថាន ៤នាក់ អាល្លឺម៉ង់ និងអង់គ្លេស គឺមាន៣នាក់ដូចគ្នា។ ចំណែកមូលហេតុនៃការធ្លាក់វិញ គឺកំពុងស្ថិតក្នុងភាពចម្រូងចម្រាសយ៉ាងខ្លាំង។ សម្រាប់ស្ថានទូតអ៊ុយក្រែននៅអ៊ីរ៉ង់ថា ហេតុការណ៍នេះ គឺបណ្តាលមកពីបញ្ហាដំណើរការម៉ាស៊ីនយន្តហោះ ខណៈពេលអង់គ្លេស និងកាណាដា បានចោទថាយន្តហោះអ៊ុយក្រែនធ្លាក់ ដោយសារត្រូវមីស៊ីលអ៊ីរ៉ង់។ ចំណែកកាសែតអាមេរិក The New York Times នៅថ្ងៃទី៩ ខែមករា ក៏បញ្ចេញវីដេអូយន្តហោះត្រូវមីស៊ីលបាញ់ផងដែរ។
ហេតុការណ៍ផ្សេងៗទៀត
ក្រៅពីហេតុការណ៍ទាំងបីខាងលើ នៅមានបញ្ហាពិភពលោកតូចៗជាច្រើនទៀត ដែលបានកើតឡើងក្នុងឆ្នាំ២០២០ ក្នុងនោះរួមមាន៖
ហេតុការណ៍បាក់អាគារនៅកម្ពុជា ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន។ ក្នុងករណីបាក់អគារកម្ពស់៦ជាន់នៅក្រុងកែប នាដើមខែមករា ឆ្នាំ២០២០នេះ ដោយសម្លាប់មនុស្សដល់ទៅ៣៦នាក់ និងមានអ្នករបួស២៣នាក់។ ចំណែកករណីបាក់អាគារ ៥ជាន់នៅឥណ្ឌូណេស៊ីវិញ មនុស្ស៨នាក់រងរបួស ខណៈពេលមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ បន្ថែមពីលើនេះ ករណីបាក់អាគារនៅក្នុងប្រទេសប៉ាគីស្ថាន បានបង្កឲ្យមនុស្ស៣នាក់ស្លាប់ និងមនុស្សជាច្រើនអ្នកទៀតរងរបួស។
បន្ថែមពីលើនេះ គ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៦នាក់នាដើមឆ្នាំ ២០២០។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ហើយបានឆ្លងចូលថ្ងៃទី១ ខែមករា។ ការណ៍នេះ បានបណ្តាលឲ្យតំបន់ជុំវិញរដ្ឋធានី និងតំបន់ផ្សេងទៀតត្រូវលិច ខណៈពេលអាជ្ញាធរ បានជម្លៀសប្រជាជនជាង ១ម៉ឺននាក់។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីបញ្ចៀសភ្លៀងនៅក្នុងរដ្ឋធានីហ្សាការតា ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់នេះ ៕