ជាតិ
ត្រីច្រឡឹង ឬត្រីព្រលូង អាចស៊ីផ្លែរុក្ខជាតិដែលពុល ហើយធ្វើឲ្យ មនុស្សដែលបរិភោគវាពុលបានទៀត ត្រីច្រឡឹង ឬត្រីព្រលូង។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org ដែលជាប្រភេទត្រីក្នុងតំបន់ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ត្រីនេះមានឈ្មោះពីរ នៅតូចហៅ «ត្រីច្រឡឹង» ពេញធំវ័យហៅ «ត្រីព្រលូង» មានឈ្មោះវិទ្យាសាស្ត្រ (Leptobarbus rubripinna) មានប្រវែងដងខ្លួនដល់ប្រហែល ៥០ ស.ម។ វារស់នៅក្នុងទីជម្រកដូចជា ទន្លេ ស្ទឹង និងតាមតំបន់វាលទំនាបលិចទឹក និងជាប្រភេទត្រីដែលមិនអាចរស់នៅក្នុងទឹកដែលពុំមានចរន្តចេញចូលបានឡើយ។ នៅក្នុងរវាងខែមករា និងកុម្ភៈ វាធ្វើចរាចរផ្លាស់ទីទៅក្នុងទន្លេមេគង្គលើ និងវិលត្រឡប់មកវិញក្នុងខែឧសភា ដល់ខែមិថុនា។ វាស៊ីសត្វល្អិត និងផ្លែរុក្ខជាតិជាច្រើនប្រភេទ បួករួមទាំងផ្លែរុក្ខជាតិមានជាតិពុលខ្ពស់ អាចធ្វើឲ្យពុលដល់មនុស្សដែលចាប់វាមកបរិភោគបាន។ «ត្រីច្រឡឹង» ឬ «ត្រីព្រលូង» ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List Data deficient (DD) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលពុំមានទិន្នន័យ។
លក្ខណៈសម្គាល់៖
ទ្រនង់ព្រុយខ្នងទន់មានចំនួន ៩ទ្រនង់។ ទ្រនង់ព្រុយគូទទន់មានចំនួន ៨ទ្រនង់។ ពេលនៅតូច មានឆ្នូតខ្មៅតាមខ្សែបណ្តោយដងខ្លួន។ ព្រុយពោះ ព្រុយគូទ និងព្រុយកន្ទុយពណ៌ក្រហម។ មានស្រកាធំៗ។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖
ការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត។ ទទួលរងផលប៉ះពាល់ដោយទំនប់វារិអគ្គិសនី និងការបំផ្លាញទីជម្រកនៅក្នុងតំបន់ព្រៃលិចទឹក។
© រក្សាសិទ្ធិដោយ thmeythmey.com