អន្តរជាតិ
ចិន៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារជំងឺរលាកសួត រូបភាព៖ Lauren DeCicca
× បន្ទាប់ពីផ្ទុះជំងឺរលាកសួតនៅក្នុងប្រទេសចិនតាំងពីខែធ្នូមក អាជ្ញាធរសុខភាពក្រុងវ៉ូហាន នៅថ្ងៃទី១១ ខែមករា អះអាងថា បុរសម្នាក់វ័យ ៦១ឆ្នាំ បានបាត់បង់ជីវិតដោយសារតែជំងឺរលាកសួត នាក្រុងវ៉ូហាន ខេត្តហ៊ុយបេ ប្រទេសចិន ខណៈពេលវីរុសនៃជំងឺនេះ មិនទាន់កំណត់អត្តសញ្ញាណបាន។ ចំណែកមនុស្សចំនួន ៧នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រហូតមកទល់ពេលនេះ មានតែមនុស្សម្នាក់តែប៉ុណ្ណោះ បានទទួលមរណភាពដោយសារជំងឺរលាកសួត ស្របពេលអ្នកជំនាញ មិនទាន់អាចកំណត់អត្តសញ្ញាណនៃវីរុសថ្មីបាន។ បើតាមការអះអាងរបស់គណៈកម្មការសុខភាពក្រុងវ៉ូហាន បុរសវ័យ ៦១ឆ្នាំរូបនេះ គឺជាភ្ញៀវ ដែលចូលចិត្តទិញគ្រឿងសមុទ្រនៅផ្សារមួយកន្លែងក្នុងក្រុងវ៉ូហាន។ ផ្សារលក់គ្រឿងសមុទ្រនេះហើយ ត្រូវគែសង្ស័យថាគឺជាកន្លែងដែលមានជាប់ពាក់ព័ន្ធទៅនឹងការរីកសាយភាយវីរុសនៃជំងឺរលាកសួតប្រភេទថ្មីនេះ។ បើតាមគណកម្មការដដែល បុរសរូបនេះ ក៏ធ្លាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជុំវិញបញ្ហាសាច់ដុះក្នុងពោះ និងជំងឺរាំរ៉ៃរបស់គាត់ដែរ។
តាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters ជនរងគ្រោះវ័យ៦១ឆ្នាំរូបនេះ មិនអាចជួយសង្គ្រោះបានទេ បើទោះបីជាគេបញ្ជូនទៅមន្ទីពេទ្យក៏ដោយ។ បើតាមការអះអាងរបស់អាជ្ញាធរចិន បុរសរូបនេះ បានទទួលមរណភាពនៅថ្ងៃទី៩ ខែមករា ពេលល្ងាច។
ជាការពិតអ្នកជំងឺរលាកសួតសរុប ចំនួន ៤១នាក់ត្រូវគេធ្វើរោគវិនិច្ឆ័យ ដើម្បីពិនិត្យមើលថាតើ វីរុសថ្មីនេះ អាចបង្កឲ្យកើតជំងឺ SARS បានទេ។ ក្នុងចំណោមមនុស្ស៤១នាក់នេះ មានពីរនាក់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីពេទ្យហើយ ចំណែកសុខភាពរបស់គេទាំងពីរក៏បានធូរស្បើយដែរ។
កន្លងមកអាជ្ញាធរសុខភាពក្រុង បានអះអាងថា អ្នកជំងឺរលាកសួតភាគច្រើន គឺជាអ្នកលក់ និងអ្នកទិញគ្រឿងសមុទ្រ នៅក្នុងផ្សារមួយកន្លែងក្នុងក្រុងវ៉ូហាន។ ប៉ុន្តែអាជ្ញារសុខភាពចិន នៅតែមិនទាន់រកឃើញទេថាតើវីរុសនេះ អាចឆ្លងពីមនុស្សទៅមនុស្ស។ អ្វីដែលអាជ្ញាធរកាន់តែឆ្ងល់ទៀតនោះ គឺគ្មានបុគ្គលិកពេទ្យណាម្នាក់ឆ្លងជំងឺនេះទេ។
យ៉ាងណាក៏ដោយ តាមរបាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក ជំងឺរលាកសួតនៅចិនបច្ចុប្បន្ន អាចមានផ្ទុកវីរុសថ្មី ដែលអាចបង្កឲ្យកើតជំងឺ SARS និង MERS និងជំងឺឆ្លង។ ប៉ុន្តែយ៉ាងណាដ៏ដោយ អ្នកជំនាញត្រូវការព័ត៌មានជាច្រើនទៀតទាក់ទងទៅនឹងវីរុសប្រភេទថ្មីនេះ។
សូមបញ្ជាក់ថា បញ្ហាវីរុសថ្មីនៃជំងឺរលាកសួតនេះ បានធ្វើឲ្យអាជ្ញាធរសុខភាពចិនឈឺក្បាលយ៉ាងខ្លាំង ខណៈពេលប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ថៃ បានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភពីបញ្ហានេះ និងឲ្យប្រជាជនពលរដ្ឋប្រុញប្រយត្នចំពោះជំងឺនេះ។ អ្វីដែលធ្វើឲ្យចិន កាន់តែព្រួយបារម្ភជាងនេះ នោះគឺ ជំងឺនេះ គឺផ្ទុះឡើងនៅជិតថ្ងៃបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះ។ ក្នុងឱកាសចូលឆ្នាំ ប្រជាជនចិនជាច្រើន នឹងធ្វើដំណើរទៅលេងស្រុក ទៅលេងក្រៅប្រទេសជាដើម ហើយវាក៏អាចនាំជំងឺនេះ ទៅជាមួយផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com